អត្ថបទ

មជ្ឈមណ្ឌលកម្សាន្តខ្នាតធំ ព្រីនស៍ ម៉ាណ័រ សម្ពោធបើកដំណើរការ ជាផ្លូវការ នៅតំបន់កៀនស្វាយ

ភ្នំពេញ៖ ពិធីបើកសម្ពោធជាផ្លូវការ របស់មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ ដែលជាគម្រោងវិនិយោគ របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ត្រូវបានប្រារព្ធធ្វើឡើង យ៉ាងអធិកអធមនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២០។

ពិធីនេះមានការអញ្ជើញចូលរួម ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី លោក ថោន ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ព្រមទាំងមន្ត្រីជាន់ខ្ពស់ ជាច្រើនរូបទៀត។

នៅក្នុងនោះ ក៏មានវត្តមាន អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប លោក Cliff Koh អភិបាល និងជាអគ្គលេខាធិការ នៃក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប លោក Steven Wang នាយកប្រតិបត្តិ នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប និងលោក Wang Zheng អគ្គនាយក នៃមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងបុគ្គលិក ក៏ដូចជាមិត្តអ្នកសារព័ត៌មាន ជាច្រើនរូបទៀត ក៏បានជួបជុំគ្នា នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ ដើម្បីអបអរសាទរ ពិធីបើកសម្ពោធជាផ្លូវការ របស់មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ ផងដែរ។

លោក Cliff Koh អភិបាល និងជាអគ្គលេខាធិការ នៃក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បានថ្លែងថា ក្នុងនាមក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ខ្ញុំបាទសូមសម្តែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះការអញ្ជើញចូលរួម ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ក្នុងពិធីបើកសម្ពោធជាផ្លូវការ របស់មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ។ ខ្ញុំបាទក៏សូមចូលរួម អបអរសាទរ ចំពោះការបើកសម្ពោធ ជាផ្លូវការ របស់មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ និងសូមសម្ដែងអំណរគុណ យ៉ាងជ្រាលជ្រៅផងដែរ ចំពោះការគាំទ្រ របស់ក្រុមប្រឹក្សាភិបាល និងបុគ្គលិកទាំងអស់ នៃមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ។ ខ្ញុំបាទមានក្តីសង្ឃឹម យ៉ាងម៉ុតមាំថា មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ នឹងមានការអភិវឌ្ឍខ្លាំងក្លា នាថ្ងៃខាងមុខនេះ។

លោក Cliff Koh បានមានប្រសាសន៍ផងដែរថា ៨០% នៃនិយោជិត ដែលបម្រើការងារ នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ គឺជាបុគ្គលិកក្នុងស្រុក ហើយក្នុងអំឡុងពេល នៃការរាតត្បាតជម្ងឺកូវីដ-១៩ ក្រុមហ៊ុន មិនបានបញ្ឈប់បុគ្គលិក ឬកាត់បន្ថយ ប្រាក់បៀវត្សរ៍ របស់បុគ្គលិកទេ។ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប នឹងបន្តគាំទ្រ ដល់ការអភិវឌ្ឍ វិស័យទេសចរណ៍ និងសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា យ៉ាងពេញទំហឹង និងគ្រប់ទិដ្ឋភាព។

នៅក្នុងពិធីនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរសាទរ អស់ពីដួងចិត្ត ចំពោះការបើកសម្ពោធជាផ្លូវការ របស់មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ ហើយបានមានប្រសាសន៍ថា មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ នឹងក្លាយជា “បង្អួច” សម្រាប់បង្ហាញរូបភាពដ៏ស្រស់ស្អាត នៃរាជធានីភ្នំពេញ ព្រមទាំងជួយជំរុញការអភិវឌ្ឍ នគរូបនីយកម្ម ទីក្រុងភ្នំពេញ ថែមមួយកម្រិតទៀតផងដែរ ដែលនឹងដើរតួនាទី យ៉ាងសំខាន់ ក្នុងការជំរុញ ការងើបឡើងវិញ នៃវិស័យទេសចរណ៍ ក្នុងរាជធានីភ្នំពេញ។ សម្តេចក៏បានលើកទឹកចិត្ត ដល់ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប ក្នុងការអភិវឌ្ឍគម្រោងទេសចរណ៍ កម្សាន្តលើទឹក ដូចជាកំពង់ផែ និងផែ ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យមកកម្សាន្ត កាន់តែច្រើនឡើង។ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់សេវារដ្ឋបាល កាន់តែប្រសើរ និងងាយស្រួលជាងមុន ដើម្បីជួយដល់ ការអភិវឌ្ឍសហគ្រាស ដែលមានគុណភាពខ្ពស់ ដូចជាក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ជាដើម។ សម្តេចក៏បានបង្ហាញ ផងដែរថា សម្តេចនឹងសាកល្បង ធ្វើការកម្សាន្ត ក្នុងការជិះកន្រ្ដកវិល “THE PHNOM PENH EYE” ប្រសិនបើមានឱកាស។

បន្ទាប់ពីបិទពិធី ថ្នាក់ដឹកនាំនិងភ្ញៀវកិតិ្តយស ទាំងអស់បានអញ្ជើញទៅទស្សនា មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ។ ភ្ញៀវកិតិ្តយសបានស្តាប់ ដោយយកចិត្តទុកដាក់ នូវការណែនាំ ដើម្បីយល់ដឹងស៊ីជម្រៅ អំពីទេសភាពត្រូពិកប្លែក នៃអាស៊ីអាគ្នេយ៍ កន្រ្តកវិលដ៏ស្រស់ស្អាត និងចំការអេកូឡូស៊ីធម្មជាតិ។ អ្នកគ្រប់គ្នាបានស្តាប់បណ្ដើរ ទស្សនាមើលបណ្ដើរ ហើយធ្វើការកោតសរសើរ ចំពោះការវិវឌ្ឍនិងការផ្លាស់ប្តូរ ដ៏អស្ចារ្យនៅក្នុង រាជធានីភ្នំពេញក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។

គួរបញ្ជាក់ដែរថា សួនកម្សាន្ត ដ៏ស្រស់អស្ចារ្យ នៃទីក្រុងភ្នំពេញ ព្រីនស៍ ម៉ាណ័រ មានទីតាំងស្ថិតនៅ តាមបណ្តោយដងទន្លេមេគង្គ នៃប្រទេសកម្ពុជា និងជាគម្រោង រមណីយដ្ឋានទេសចរណ៍ វប្បធម៌ដំបូងគេ ដែលត្រូវបានវិនិយោគសាងសង់ ដោយក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ក្នុងទឹកប្រាក់វិនិយោគ យ៉ាងធំសម្បើម ព្រមទាំង គ្របដណ្ដប់លើផ្ទៃដី សរុបចំនួន ១៣៦,០០០ ម៉ែត្រការ៉េ និងមានរុក្ខជាតិបៃតង ជាង ៨៨%។ សួនកម្សាន្ត លក្ខណៈគ្រួសារ សួនលំហែកាយ សួនថែទាំសុខភាព ឧទ្យានកីឡា និងសួនវរជន ដ៏ប្រណីតទាំងប្រាំ គឺសុទ្ធតែទទួលបាន ការពេញនិយមយ៉ាងខ្លាំង និងបានក្លាយជា “សួនច្បារ” របស់រាជធានីភ្នំពេញ។ រាល់ថ្ងៃឈប់សម្រាក គឺមានមនុស្ស មកកម្សាន្តយ៉ាងច្រើនកុះករ ដែលបានក្លាយជាកន្លែង ដែលមានប្រជាប្រិយបំផុត សម្រាប់អ្នករស់នៅ ក្នុងរាជធានីភ្នំពេញ សម្រាប់ការកម្សាន្តនិងទស្សនា។

កន្រ្ដកវិល “THE PHNOM PENH EYE” មានកម្ពស់ ៨៨ម៉ែត្រ ដែលត្រូវបានបង្កើតឡើង យ៉ាងប៉ិនប្រសប់ អាចដឹកនាំភ្ញៀវទេសចរ ធ្វើការទស្សនា ទេសភាពនៃទីក្រុងភ្នំពេញ។ សួនទឹក ព្រីនស៍ វ៉ាធើផាក ទំហំ ១០០០០ ម៉ែត្រការ៉េ សម្រាប់ភ្ញៀវទេសចរ លេងទឹកកម្សាន្ត ក្នុងរដូវក្តៅ។ ក្រៅពីនេះ ក៏មានទីលាន បណ្តុះបណ្តាល ប្រឡងប្រណាំង និងហ្វឹកហាត់ឡាននប្រណាំង Go Kart និងចំការដំណាំអេកូឡូស៊ី ដ៏គួរឲ្យចាប់អារម្មណ៍ ដែលជាគម្រោង រួមបញ្ចូលទាំងការកម្សាន្ត និងការលំហែ ក្នុងកន្លែងតែមួយ ដែលបង្កើតបានជាសួនកម្សាន្ត ដ៏អស្ចារ្យមួយ សម្រាប់ទីក្រុងភ្នំពេញ។

ការបើកសម្ពោធ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ របស់ក្រុមហ៊ុននៅ ក្នុងវិស័យទេសចរណ៍វប្បធម៌។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានពង្រាយយុទ្ធសាស្ត្រ អភិវឌ្ឍន៍ចម្រុះ និងទទួលបាន សមិទ្ធផលយ៉ាងច្រើន ក្នុងវិស័យទេសចរណ៍វប្បធម៌ ក្លឹបកម្សាន្ត សណ្ឋាគារ ផ្សារទំនើប ប្រព័ន្ធផ្សព្វផ្សាយវប្បធម៌ និងការអភិវឌ្ឍ ឧទ្យានឧស្សាហកម្ម ដែលចូលរួមក សាងជីវិតកាន់តែប្រសើរ សម្រាប់ប្រជាជនកម្ពុជា លើគ្រប់វិស័យ។ ក្នុងនាមជាមជ្ឈមណ្ឌលកម្សាន្ត ពហុមុខងារខ្នាតធំតែមួយគត់ ក្នុងរាជធានីភ្នំពេញ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ បាននាំយកការរចនា សួនដ៏ស្រស់បំព្រង និងឧបករណ៍កម្សាន្តទំនើប មកជូនព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលបាន នូវបទពិសោធន៍ នៃការកម្សាន្តប្រកបដោយ គុណភាពខ្ពស់ ដែលមិនធ្លាប់មានពីមុនមក សម្រាប់ភ្ញៀវទេសចរ មកពីទូទាំងពិភពលោក៕

To Top