អត្ថបទ

មូលនិធិគ្រោះទឹកជំនន់ របស់ក្រុមហ៊ុន Smart Axiata ត្រូវបានប្រកាស សម្រាប់អតិថិជនរបស់ខ្លួន ដើម្បីជួយដល់​​ ព​លរដ្ឋរងគ្រោះ

ភ្នំពេញ, ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករ ទូរស័ព្ទចល័តឈានមុខគេ នៅកម្ពុជា បានប្រកាសនៅថ្ងៃនេះ ថាក្រុមហ៊ុន បានបង្កើតមូលនិធិ ជួយសង្គ្រោះពលរដ្ឋ រងគ្រោះទឹកជំនន់ ដើម្បីផ្ដល់ឱកាស ដល់អតិថិជនរបស់ខ្លួន អាចចូលរួមបរិច្ចាគថវិកា ក្នុងការជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងទទួលរង ការបំផ្លិចបំផ្លាញ ពីគ្រោះទឹកជំនន់ នៅទូទាំងប្រទេស នាពេលថ្មីៗនេះ។

គ្រាន់តែចុច 202050# ហើយចុចបញ្ចូន លើទូរស័ព្ទដៃរបស់ពួកគេ អតិថិជន Smart អាចបរិច្ចាគ 50 សេន ឬ ពួកគេអាចបរិច្ចាគ ១ ដុល្លារ ដោយចុចគ្រាន់តែចុច 2020100 #និងចុចបញ្ចូន។ ចំពោះជំនួយបរិច្ចាគប៉ុន្មាន ដែលនឹងទទួលបាន ពីអតិថិជន ក្រុមហ៊ុន Smart ក៏នឹងចូលរួមបរិច្ចាគថវិកា ស្មើចំនួនប៉ុណ្ណោះផងដែរ រហូតដល់ចំនួនទឹកប្រាក់ 20ម៉ឺន ដុល្លារ។ ថវិកាបរិច្ចាគទាំងនោះ នឹងត្រូវចែកចាយជាសម្ភារចំបាច់ ដល់ជនរងគ្រោះ តាមរយៈអជ្ញាធរខេត្ត នៅតាមបណ្ដាខេត្ត ដែលរងគ្រោះខ្លាំង ជាងគេបំផុត។

យ៉ាងហោចណាស់មនុស្សចំនួន ១៦ នាក់ បានបាត់បង់ជីវិត ដោយសារគ្រោះ ទឹកជំនន់នៅកម្ពុជា ចាប់តាំងពីដើមខែតុលា ដែលបណ្តាលមកពី ព្យុះត្រូពិច ដែលបានបោកបក់ជាបន្តបន្ទាប់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «ដោយប្រទេសកម្ពុជា កំពុងប្រឈមនឹងគ្រោះមហន្តរាយ ធម្មជាតិនេះ ក្រុមហ៊ុន Smart នឹងបន្តផ្តល់ជំនួយ ទៅកាន់ទីកន្លែង ដែលទទួលរងទុក្ខខ្លាំង ជាងគេបំផុត។ ការផ្តល់ឱកាសដល់អតិថិជន របស់យើង ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងគ្រាមានអាសន្នបែបនេះ នឹងបង្កើតឥទ្ធិពលវិជ្ជមាន សម្រាប់ប្រទេសកម្ពុជាជារួម។ យើងជឿជាក់យ៉ាងមុតមាំ ក្នុងការប្រើប្រាស់ស្មារតី សហគមន៍ និងចិត្តសប្បុរសធម៌ របស់អតិថិជនរបស់យើង ដើម្បីផ្តល់ជំនួយ សង្គ្រោះបន្ទាន់ ដល់អ្នកដែលត្រូវការបំផុត នៅគ្រាលំបាកនេះ។»

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Smart Axiata បានប្រកាសអំពីការបង្កើត មូលនិធិទឹកប្រាក់ ១ លានដុល្លារ ដើម្បីប្រឆាំងវីរុសកូវីដ១៩ ក្នុងការផ្តល់ជំនួយហិរញ្ញវត្ថុ ទៅកាន់ដំណោះស្រាយផ្សេងៗ ដែលអាចជួយដោះស្រាយ តម្រូវការបន្ទាន់បំផុត របស់កម្ពុជា ក្នុងកំឡុងពេលមាន វិបត្តិជាសកលនេះ។

កំណើននៃកម្រិតទឹក គឺជាបាតុភូតធម្មជាតិ ប្រចាំឆ្នាំមួយ នៅក្នុងប្រទេសកម្ពុជា ហើយភាគច្រើន នៃកសិករ និងអ្នកនេសាទរ របស់ប្រទេសពឹងផ្អែកលើ ទឹកលំនាច និងលំហូររបស់ទឹកបឹង និងទឹកទន្លេ។ ប៉ុន្តែ នៅឆ្នាំនេះ ការកើនឡើង នៃកម្រិតទឹកទទួលរង សម្ពាធធ្ងន់ធ្ងរ ដោយសារភ្លៀងមូសុង ដែលបង្កឱ្យមាន ការខូចខាត នៅទូទាំងប្រទេស។

ដោយមានរាជរដ្ឋាភិបាល និងទីភ្នាក់ងារសង្គ្រោះបន្ទាន់ ចូលរួមប្រមូលធនធាន ដើម្បីទប់ទល់នឹងផលប៉ះពាល់ ដោយសារទឹកជំនន់នេះ ឥទ្ធិពលរួមផ្សំ ពីការបរិច្ចាគជា លក្ខណៈបុគ្គលតាមលទ្ធភាព ពីអតិថិជនចំនួន ៨ លាននាក់ របស់ ក្រុមហ៊ុន Smart នឹងផ្ដល់ការគាំទ្រ យ៉ាងខ្លាំងដល់កិច្ចខិតខំនេះ ដើម្បីនាំយកជំនួយសង្គ្រោះ ដល់ប្រជាពលរដ្ឋ ដែលរងទុក្ខនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ក្នុងគ្រោះមហន្តរាយ ធម្មជាតិនេះ៕

To Top