អត្ថបទ

មិត្តហ្វូន អ៊ី-ម៉ាន់នី និងព្រូដិនសល កម្ពុជា ចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការ រយៈពេលវែង ដើម្បីផ្ដល់សេវា ទូរគមនាគមន៍ ធានារ៉ាប់រង អាយុជីវិត និងគណនី តាមទូរស័ព្ទចល័ត

ភ្នំពេញ ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២០៖ ក្រុមហ៊ុន មិត្តហ្វូន អ៊ី-ម៉ាន់នី និងព្រូដិនសលកម្ពុជា ដែលសុទ្ធសឹង ជាក្រុមហ៊ុនធំៗបំផុតទៅតាមវិស័យរបស់ខ្លួន ក្នុងប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀង លើកិច្ចសហប្រតិបត្តិការ រួមគ្នាក្នុងការផ្ដល់សេវា ទូរគមនាគមន៍ធានារ៉ាប់រងអាយុជីវិត និងគណនីតាមទូរស័ព្ទចល័ត។  

ពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) បានប្រព្រឹត្តទៅកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ដែលរៀបចំរួមគ្នា ដោយ នាយកចាត់ការទូទៅ របស់ក្រុមហ៊ុន មិត្តហ្វូន លោក Phung Van Cuong នាយកប្រតិបត្តិ ក្រុមហ៊ុនអ៊ី-ម៉ាន់នី លោកPham Doan Cuong និងអគ្គនាយក (ចាត់តាំង) ក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក Sanjay Chakrabarty។  

ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនដៃគូទាំងនេះ នឹងផ្ដល់សេវានានា ដល់អតិថិជនរបស់ខ្លួន ក្នុងប្រទេសកម្ពុជា ដូចជាសេវាទូទាត់ប្រាក់ តាមអនឡាញ និងការពង្រឹងសេវាធានារ៉ាប់រងអាយុជីវិត តាមប្រព័ន្ធទូរគមនាគមន៍។ កិច្ចព្រមព្រៀងនេះ ក៏នឹងពង្រឹងដល់កិច្ចសហប្រតិបត្តិការរយៈពេលវែង រវាងក្រុមហ៊ុនឈានមុខគេ ផ្នែកទូរគមនាគមន៍ គណនីតាមទូរស័ព្ទចល័ត និងធានារ៉ាបរ់ងអាយុជីវិត ទាំងបីនេះផងដែរ។  

ភាគីទាំងបី នឹងសហការគ្នា លើប្រតិបត្តិការមួយចំនួន។ ក្នុងនោះក្រុមហ៊ុន មិត្តហ្វូន នឹងផ្ដល់ជូនក្រុមហ៊ុន ព្រូដិនសលកម្ពុជា នូវសេវាហៅ និងទទួលទូរស័ព្ទ (SIP TRUNK) សេវាអ៊ិនធឹណិត សេវាបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ សេវា eConnect សេវា SMS Brand-name និងសេវាជាច្រើនទៀត។

ក្រុមហ៊ុន មិត្តហ្វូន និងអ៊ី-ម៉ាន់នី នឹងផ្ដល់សេវាជូនអតិថិជន របស់ក្រុមហ៊ុន ព្រូដិនសល កម្ពុជា ក្នុងការបង់ប្រាក់បុព្វលាភរ៉ាប់រងតាមរយៈប្រព័ន្ធបង់ប្រាក់ អ៊ី-ម៉ាន់នី ឬគណនី តាមទូរស័ព្ទចល័ត។ ទន្ទឹមនឹងនេះ អ៊ី-ម៉ាន់នី នឹងផ្ដល់ជូនព្រូដិនសលកម្ពុជា នូវដំណោះស្រាយ ដែលនឹងជួយសម្រួលដល់ការ ទូទាត់សំណង ពីព្រូដិនសលកម្ពុជា ទៅដល់អតិថិជនខ្លួន ដែលប្រើប្រាស់ គណនីចល័ត អ៊ី-ម៉ាន់នី (eMoney Wallet) ។

ជាងនេះទៅទៀត ក្រុមហ៊ុនព្រូដិនសលកម្ពុជា នឹងអាចផ្សព្វផ្សាយ ពាណិជ្ជកម្មស្ដីពីដំណោះស្រាយ និងសេវាធានារ៉ាប់រងអាយុជីវិតនៅលើកម្មវិធីទូរស័ព្ទដៃ អ៊ី-ម៉ាន់នី និងមិត្តហ្វូនផងដែរ។  

ក្រៅពីនេះ អតិថិជនមិត្តហ្វូន និង អ៊ី-ម៉ាន់នីទាំងអស់ នឹងអាចចូលទៅ ប្រើកម្មវិធីសុខភាព លើទូរស័ព្ទដៃ របស់ព្រូដិនសលកម្ពុជាឈ្មោះថា Pulse by Prudential (Pulse) ដោយឥតគិតថ្លៃ សេវាថែមទៀតផង។  

នាយកចាត់ការទូទៅ ក្រុមហ៊ុន មិត្តហ្វូន លោក Phung Van Cuong មានប្រសាសន៍ថា៖ “ក្រោមកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនទាំងបី នឹងផ្ដល់ជូនអតិថិជន របស់ខ្លួន នូវសេវាកម្មប្រកបដោយ ភាពច្នៃប្រឌិតបំផុត”។  

លោកបានបន្ថែមថា៖ “កិច្ចសហប្រតិបត្តិការនេះ ដាក់ចេញនូវវិធីសាស្ត្រថ្មី ក្នុងការបង់ប្រាក់សេវា ធានារ៉ាប់រងអាយុជីវិត ដែលនេះជាជំហានបន្ទាប់ នៃការវិវត្តផ្នែកឌីជីថលរបស់យើង ក៏ដូចជាបញ្ជាក់ ឲ្យឃើញពីការប្ដេជ្ញាចិត្ត របស់ព្រូដិនសលកម្ពុជា មិត្តហ្វូន និងអ៊ី-ម៉ាន់នី ក្នុងការបន្តប្រើប្រាស់ បច្ចេកវិទ្យាទំនើប ចុងក្រោយ ដើម្បីបម្រើសេវាកម្មដែលធ្វើឲ្យអតិថិជន កាន់តែមានទំនុកចិត្ត ហើយជួយឲ្យពួកគាត់ រស់នៅមានសុខភាពល្អ និងមានផាសុកភាពជាងមុន”។ 

នាយកប្រតិបត្តិក្រុមហ៊ុន អ៊ី-ម៉ាន់នី លោក Pham Doan Cuong មានប្រសាសន៍ថា៖ “ភាពជាដៃគូ នេះនឹងផ្ដល់ភាពងាយស្រួល ដល់អតិថិជន របស់អ៊ី-ម៉ាន់នី និងព្រូដិនសលកម្ពុជា ក្នុងការបង់ប្រាក់ បុព្វលាភរ៉ាប់រងរបស់ខ្លួន។ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ក៏អាចទូទាត់សំណង ជូនដល់អតិថិជន របស់ខ្លួន តាមរយៈភ្នាក់ងារជាង ៨០០០ ទីតាំងរបស់អ៊ី-ម៉ាន់នី នៅទូទាំងប្រទេសផងដែរ”។ 

អគ្គនាយក (ចាត់តាំង) ក្រុមហ៊ុន ព្រូដិនសល កម្ពុជា លោក Sanjay Chakrabarty មានប្រសាសន៍ថា៖ “គោលបំណង របស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា គឺជួយឲ្យប្រជាពលរដ្ឋ គ្រប់រូបទទួលបាន នូវជីវិតដ៏ប្រសើរ។ ដើម្បីបំពេញគោលបំណងនេះ ទំនួលខុសត្រូវ របស់យើង នៅពេលនេះ គឺកាន់តែមានភាពបន្ទាន់ និងសំខាន់ជាងពេលណាទាំងអស់ នៅក្នុងប្រវត្តិសាស្ត្រ របស់ក្រុមហ៊ុនក្នុងកម្ពុជា ពោលគឺដោយសារ តែរោគរាតត្បាត កូវីដ-១៩ ហើយនិងទឹកជំនន់ ដែលបង្កផលប៉ះពាល់ ដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើនក្នុងពេលនេះ។

ទន្ទឹមនឹងនេះផងដែរ ចំនួនប្រជាពលរដ្ឋកម្ពុជា ដែលប្រើប្រាស់ សេវាធានារ៉ាប់រងអាយុជីវិត នៅមានកម្រិតទាប នៅឡើយ។ ក្នុងនាមជាក្រុមហ៊ុន ធានារ៉ាប់រង អាយុជីវិតធំជាងគេបំផុត នៅកម្ពុជា ដោយមានអតិថិជនជាង ២០ ម៉ឺននាក់ ហើយតាមរយៈការជួយគាំទ្រ ក្នុងកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ ពីសំណាក់ក្រុមហ៊ុន នាំមុខគេទាំងពីរ គឺក្រុមហ៊ុនមិត្តហ្វូន និងអ៊ី-ម៉ាន់នី ខ្ញុំជឿជាក់ថា យើងនឹងមានលទ្ធភាពពិសេស ក្នុងការពង្រីកវិសាលភាព សេវាធានារ៉ាប់រង អាយុជីវិតដល់ប្រជាពលរដ្ឋ រាប់លាននាក់ នៅកម្ពុជា ដែលពុំទាន់ទទួលបានការធានារ៉ាប់រង ឬមានការធានារ៉ាប់រងតិចតួច”៕

To Top