ភ្នំពេញ៖ អ្នករត់រយៈចម្ងាយឆ្ងាយ អ្នកជួយសហគន៍ខ្មែរអ៊ីស្លាម និងអ្នកប្រើប្រាស់ថវិកាផ្ទាល់ខ្លួនដើម្បីផ្តល់ការអប់រំដល់កុមារក្រីក្រ ពលរដ្ឋទាំងនេះគឺគ្រាន់តែជាបុគ្គលមួយចំនួនប៉ុណ្ណោះក្នុងចំណោមអ្នកដែលត្រូវបានជ្រើសតាំងដ៏គួរឱ្យកត់សម្គាល់បំផុតក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។
យុទ្ធនាការស្វែងរកពលរដ្ឋគំរូរបស់ប្រទេសកម្ពុជាបានចាប់ផ្តើមកាលពីខែមុន ហើយថ្ងៃផុតកំណត់នៃការជ្រើសតាំងគឺនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ អ្នកដែលត្រូវបានជ្រើសតាំងជាជ័យលាភីពានរង្វាន់ពលរដ្ឋគំរូ Smart នឹងឈ្នះរង្វាន់ធំជាទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ។
លោក លី តុលា ដែលបានជ្រើសតាំងលោក អួន បឋម ដែលត្រូវបានគេស្គាល់តាមរយៈឈ្មោះក្រៅថា សាយ បានថ្លែងថា៖ “ដោយសារតែសកម្មភាពដ៏អស្ចារ្យរបស់គាត់នឹងបង្ហាញផ្ទាល់ដល់យុវជនថាសកម្មភាពជួយដល់សង្គមសំខាន់ប៉ុណ្ណាមិនថាតូចឬធំក្តី។ ជាក្តីសង្ឃឹមសម្រាប់យុវជនជំនាន់ក្រោយ ជាពិសេសគឺកុមារដើម្បីឱ្យពួកគេទាំងអស់ទទួលបានឱកាសដូចគ្នា ធំធាត់ មានសុខភាពល្អ និងក្លាយជាយុវជនជំនាន់ក្រោយដ៏ល្អ”។
បន្ទាប់ពីដឹងថាលោកត្រូវបានជ្រើសតាំង លោក សាយ បានថ្លែងថា នៅក្នុងខួបកំណើតអាយុ ៣០ឆ្នាំនេះ លោកចង់ធ្វើអំពើល្អមួយដល់ប្រទេសជាតិរបស់គាត់។
លោក សាយ បានថ្លែងថា៖ “សម្រាប់ខ្ញុំផ្ទាល់ គឺមានអារម្មណ៍សប្បាយចិត្តនៅពេលដែលគេបានឃើញនូវអំពើល្អរបស់ខ្ញុំហើយនិងក្រុមរបស់ខ្ញុំ ដែលយើងកំពុងតែស្វះស្វែងធ្វើការរត់ទូទាំងប្រទេស រៃអង្គាសថវិកាទៅជួយដល់មន្ទីរពេទ្យកុមារអង្គរដែលជាសកម្មភាពសង្គមមួយ”។
លោក សាយ បានបញ្ចប់ការរត់ចម្ងាយផ្លូវ ២.២២០គីឡូម៉ែត្ររួចហើយគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ជាផ្នែកមួយនៃចំណាយផ្លូវសរុបចំនួន ២.៣៩១គីឡូម៉ែត្រ ហើយលោកគ្រោងបញ្ចប់ការរត់ចម្ងាយផ្លូវដ៏វែងនេះនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ខាងមុខនេះ។
លោក អែល ម៉ាត់ ក៏ត្រូវបានជ្រើសតាំងផងដែរដោយសារមានការទទួលស្គាល់លើការងារជំនួយសប្បុរសធម៌ដែលគាត់បានផ្តល់ទៅឱ្យសហគមន៍របស់គាត់។ លោក អែល ម៉ាត់ បានរៃអង្គាសប្រាក់ដើម្បីជួយប្រជាពលរដ្ឋក្រីក្រ កុមារកំព្រា និងមនុស្សចាស់ជរា។
លោក កូប ហាសាន់ ដែលជាអ្នកជ្រើសតាំងលោក អែល ម៉ាត់ បានថ្លែងថា៖ “ខ្ញុំជ្រើសរើសយកគាត់ [អែល ម៉ាត់] នឹងគឺដោយសារគាត់ធ្វើការអត់ចង់បានអ្វីទាំងអស់ សូម្បីតែប្រាក់ខែក៏គាត់អត់មានដែរ។ តែខ្ញុំឃើញគាត់ប្រឹងប្រែងធ្វើមែនទែន”។
បន្ទាប់ពីទទួលបានដំណឹងអំពីការជ្រើសតាំងរូបគាត់ លោក អែល ម៉ាត់ បានថ្លែងថា៖ “ការពិតខ្ញុំគ្មានលុយកាក់ទេ ប៉ុន្តែមានទឹកចិត្ត មានគំនិតមួយចង់អោយអ្នកភូមិអ្នកស្រុកឲ្យមានជីវភាពធូរធារ មានការអភិវឌ្ឍន៍ភូមិឃុំឲ្យមាន”។ លោកបានបន្ថែមថា៖ “បើសិនជាខ្ញុំបានជ័យជំនះ ទីមួយលុយនឹងខ្ញុំមិនយកខ្លួនឯងទាំងអស់ទេ គឺខ្ញុំចែកជួយអ្នកក្រីក្រ ក្មេងកំព្រា ចាស់ជរាមួយផ្នែកធំ”។
អ្នកត្រូវបានជ្រើសតាំងដ៏មានប្រជាប្រិយម្នាក់ផ្សេងទៀតគឺលោក អ៊ុក យុទ្ធ រស់នៅខេត្តក្រចេះ។ អ្នកជ្រើសតាំងចំនួន ៥នាក់ បានជ្រើសតាំងរូបគាត់ដោយសារការងារដែលគាត់ធ្វើជាមួយកុមារក្រីក្រ។
និយាយអំពីមូលហេតុដែលគាត់បានជ្រើសតាំងលោក អ៊ុក យុទ្ធ កញ្ញា ស៊ុន ហុកចរិយា បានថ្លែងថា៖ “មូលហេតុដែលខ្ញុំជ្រើសរើសលោក យុទ្ធ ធ្វើជាពលរដ្ឋគំរូ គឺដោយសារតែគាត់ជួយសម្រួលដល់កុមារនៅក្នុងសហគមន៍ឱ្យមកសិក្សាដោយមិនចាំបាច់បង់ប្រាក់ទៅលើមុខវិជ្ជាភាសាអង់គ្លេស”។
លោក អ៊ុក យុទ្ធ ដែលជាអ្នកសម្របសម្រួលសមាគមខ្មែរដើម្បីអភិវឌ្ឍន៏តាមជនបទ ដែលជាអង្គការសហគមន៍មួយប្រតិបត្តិការក្នុងខេត្តក្រចេះបានថ្លែងថា៖ “យើងផ្ដោតទៅលើកុមារដែលក្រីក្រ កុមារដែលមកពីតំបន់ជិតខាង ដូចជានៅតំបន់ចុងជ្រោយ ក្នុងភូមិអូរឬស្សី១នេះ។ ដោយសារមើលឃើញពីការលំបាកផ្នែកភាសា និងការលំបាកក្នុងវិស័យអប់រំ អញ្ចឹងទើបសម្រេចចិត្តធ្វើកម្មវិធីនេះឡើងដើម្បីជួយដល់ក្មេងទាំងនោះ ជាពិសេសក្មេងដែលមកពីគ្រួសារក្រីក្រ ក្មេងដែលខ្វះអាហារូបត្ថម្ភ ហើយនិងពិបាកក្នុងការអាន”។
លោកបានបន្ថែមថា៖ “បើសិនជាមានឱកាសឈ្នះពិតប្រាកដមែន យើងនឹងយកថវិកានេះមកអភិវឌ្ឍកន្លែងរបស់យើង អភិវឌ្ឍកុមារនៅទីនេះ ឲ្យបានប្រសើរជាងមុន”។
អ្នកជ្រើសតាំងយ៉ាងច្រើនបានផ្ញើការជ្រើសតាំងរបស់ពួកគេសម្រាប់មនុស្សដែលពួកគេជឿថាបានធ្វើកិច្ចការជាច្រើនសម្រាប់ប្រទេសជាតិ អ្នកជិតខាង ភូមិ ឬខេត្តរបស់ខ្លួន។
អ្នកជ្រើសតាំងត្រូវបានអនុញ្ញាតឱ្យជ្រើសតាំងតែមនុស្សម្នាក់ប៉ុណ្ណោះ។ ហើយអ្នកជ្រើសតាំងទាំងនោះត្រូវផ្តល់ព័ត៌មានទំនាក់ទំនងលម្អិតរបស់អ្នកត្រូវបានជ្រើសតាំង ព្រមទាំងការពិពណ៌នាដោយសង្ខេបអំពីអំពើល្អ ដែលជួយឱ្យបុគ្គលរូបនោះត្រូវបានជ្រើសតាំង។
អ្នកជ្រើសតាំងក៏ត្រូវបានស្នើសុំឱ្យផ្តល់រូបថតឌីជីថល ឬវីដេអូទៅតាមជម្រើសរបស់ពួកគេផងដែរ។ អ្នកត្រូវបានជ្រើសតាំងសាកសមបំផុត នឹងត្រូវបានទាក់ទងដោយអ្នករៀបចំកម្មវិធី ដើម្បីស្វែងរកព័ត៌មានបន្ថែមអំពីសាវតារបស់ពួកគេ ព្រមទាំងអំពើល្អដែលជួយឱ្យពួកគេត្រូវបានជ្រើសតាំង។ ក្រោយមក អ្នករៀបកម្មវិធី នឹងចេញផ្សាយព័ត៌មានលម្អិតរបស់អ្នកត្រូវបានជ្រើសតាំងនោះ។ រាល់ការផ្សាយគឺជា ឆន្ទានុសិទ្ធិរបស់អ្នករៀបចំការកម្មវិធី។
អ្នករបៀបចំកម្មវិធី គ្រោងនឹងជម្រុះបេក្ខជនមកនៅត្រឹមតែ ១០នាក់ប៉ុណ្ណោះ ដែលពួកគេនឹងមានវត្តមាននៅក្នុងពិធីប្រគល់ពានរង្វាន់។ ជ័យលាភី នឹងត្រូវបានជ្រើសរើសដោយគណៈកម្មការ ដែលមានសមាសភាពបីរូប។ ឈ្មោះសមាសភាពរបស់គណៈកម្មការនឹងត្រូវបានប្រកាសនៅដើមឆ្នាំ២០២១។
កម្មវិធីពានរង្វាន់ពលរដ្ឋគំរូនេះមានបំណងបង្ហាញ ឱ្យឃើញនូវអំពើចេះជួយយកអាសារគ្នារបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងការប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ អ្នកជិតខាង និងអ្នកផ្សេងទៀតនៅក្នុងសហគមន៍របស់ពួកគេ៕