ភ្នំពេញ, ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ – ក្រុម Green Terrance ដែលជាសេវាកម្មជួយអ្នកប្រើប្រាស់ បង្កើតសួនបន្លែតាមសំយ៉ាបផ្ទះ បានឈ្នះទឹកប្រាក់ ៣ ពាន់ដុល្លារពីក្រុមហ៊ុន Smart Axiata ក្នុងកម្មវិធី SmartSpark ដែលបង្កើតឡើង សម្រាប់ជំរុញឲ្យមានការរីកដុះដាល នៃសហគ្រិនសង្គម នៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែក ក្នុងការសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ជាសាកល (SDGs) ។
បង្កើតឡើងកាលពីខែសីហា ឆ្នាំ២០១៨ ដោយក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh កម្មវិធី SmartSpark មានរយៈពេលបីឆ្នាំ ដែលមាន កម្មវិធីរហូតដល់ប្រាំបួនជំនាន់ ក្នុងការស្វែងរក ក្រុមសហគ្រិនវ័យក្មេង មានគំនិតបង្កើតអាជីវកម្មសង្គម ដែលចូលរួមចំណែក ក្នុងការអភិវឌ្ឍ ប្រកបដោយចីរភាព។
ក្រុម Green Terrance ត្រូវបានជ្រើសរើសជាជ័យលាភី ក្នុងចំណោម ក្រុមសហគ្រិនសង្គម ចំនួនប្រាំមួយក្រុម ដែលស្ថិតក្នុងជំនាន់ទី ៦ នៃកម្មវិធី SmartSpark ដែលផ្ដោតលើដំណោះស្រាយសង្គម និងគំនិតអាជីវកម្មផ្នែកបរិស្ថាន ជាពិសេសគឺបញ្ហា ផ្លាស្ទិក ប្រើបានតែមួយដង។ Green Terrace បង្កើតឡើងដើម្បី ផ្តល់ជាសេវាកម្មរៀបចំ សួនបន្លែតាមផ្ទះ ដែលមានផ្តល់ជាគ្រាប់ពូជ សំភារៈ និង ការរៀបចំរចនា តាមតម្រូវការរបស់អតិថិជន។
ក្រុមទាំង ៦ ក្រុមបានចំណាយពេល ៣ ខែ ធ្វើការជាមួយអ្នកណែនាំ និងអ្នកបណ្ដុះបណ្ដាលពី Impact Hub ដើម្បីអភិវឌ្ឍគំនិតរបស់ពួកគេ មុនពេលវគ្គជម្រុះចុងក្រោយ នៅថ្ងៃសុក្រ ទី២៩ ខែមករា។
សហស្ថាបនិកនៃ Green Terrace ឈ្មោះ ឈូន វីរៈរដ្ឋា បាននិយាយថា៖ «ខ្ញុំពិតជាមានមោទនភាព ចំពោះទំនុកចិត្តដែលសមាជិក ក្រុមរបស់យើង បានបង្ហាញក្នុងកម្មវិធី។ សូមអរគុណដល់ Impact Hub Phnom Penh និងក្រុមហ៊ុន Smart Axiata ដែលបានផ្តល់ឱកាស និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍកម្មវិធីបស់យើង។ ហើយសេវាកម្មរបស់យើង នឹងមានឥទ្ធិពលធំធេង និងវិជ្ជមានទៅលើបរិស្ថាន។»
ក្នុងជំនាន់ទី៦ នៃកម្មវិធី SmartSpark (បរិស្ថាន) មានគំនិតអាជីវកម្មល្អៗ ចំនួនប្រាំមួយ ដើម្បីកំណត់ឥទ្ធិពល ប៉ះពាល់លើបរិស្ថាន រួមមាន៖
-Et-Jay ដែលជាកម្មវិធីទូរស័ព្ទ app ដែលអាចឲ្យអ្នកប្រើប្រាស់អាចលក់វត្ថុ ដែលអាចកែច្នៃឡើងវិញ បានយ៉ាងងាយស្រួល និងជំរុញការប្រមូលដបប្លាស្ទិក កំប៉ុងអាលុយមីញ៉ូម និងវត្ថុដែលអាចកែច្នៃឡើងវិញ បានផ្សេងទៀតផងដែរ។
-Bamboo Eco ផ្តល់ជាផលិតផលធ្វើពីឬស្សី ដែលគាំទ្រដល់កសិករ ដែលជាអ្នកផលិត ជំនួសឲ្យផលិតផលប្លាស្ទិក ដែលប្រើបានតែមួយដងដូច ជាដបឬកែវទឹកជាដើម។
-BestInBox ដែលជាវេបសាយជួយកាត់បន្ថយ កាកសំណល់វេចខ្ចប់អាហារ តាមរយៈសំភារៈវេចខ្ចប់ ដែលមិនប៉ះពាល់ដល់បរិស្ថាន និងកញ្ចប់គ្រឿងផ្សំម្ហូប ដែលអ្នកចង់ចំអិន ជាមួយការរៀបចំវេចខ្ចប់សម និងបរិមាណ ដែលអ្នកត្រូវការរួចជាស្រេច។
-Xpanz ជាក្រុមយុវជន ដែលលៃលកដោះស្រាយកាកសំណល់ពីឧស្សាហកម្មកាត់ដេរ តាមរយៈការកែច្នៃសំណល់ក្រណាត់ ឬ សម្លៀកបំពាក់ ចាស់ឲ្យចេញជាផលិតផលសម្រេចថ្មីៗ
-Mart Veckchob ដែលជាសេវាប្រើប្រាស់ កញ្ចប់ដែលអាចប្រើឡើងវិញបាន ដើម្បីកាត់បន្ថយការប្រើប្រាស់ ប្លាស្ទិកដែលមិនចាំបាច់ នៅក្នុងសេវាកម្មចែកចាយអាហារ។
អ្នកនាង Melanie Mossard នាយកនៃសហគ្រិនភាព និងនវានុវត្តន៍ ប្រចាំ Impact Hub Phnom Penh សរសើរ និងគាំទ្រដល់គំនិតផ្ដួចផ្ដើម ថា ៖«នៅ Impact Hub យើងជឿថាសហគ្រិនភាព គឺជាផ្នែកមួយយ៉ាងសំខាន់ និងមានឥទ្ធិពល ក្នុងការជួយរួមចំណែក ដោះស្រាយ បញ្ហានៅជុំវិញខ្លួនយើង។ នៅក្នុងកម្មវិធី SmartSpark ជំនាន់ទី៦នេះ យើងបានប្រមូលផ្តុំ នូវយុវជនដែលមានឆន្ទះជា សហគ្រិនមកពីជំនាញខុសៗគ្នា ដូចជា កសិកម្ម វិស្វកម្ម រចនា និង ជំនួញ ដែលពួកគាត់ មានគោលជំហរួមមួយគឺ ស្វែងរក និងបង្កើតដំណោះស្រាយ។ អស់រយៈពេល៣ខែកន្លងមក ពួកគាត់បានចំណាយពេល សិក្សាពីចំណោទបញ្ហា សិក្សាពីទីផ្សារ បង្កើតជាគំរូផលិតផល និងសាកល្បងវាក្នុងទីផ្សារ។ យើងសង្ឃឹមថាកម្មវិធីនេះ និងផ្តល់ជាគ្រឹះសម្រាប់ ឲ្យក្រុមរបស់ពួកគាត់ ដើម្បីអភិវឌ្ឍ ជំនាញ ចំណង់ចំណូលចិត្ត និងការតាំងចិត្ត ក្នុងការបង្កើតធុរកិច្ជ បង្កើតថ្មីរបស់ពួកគេ។»
លោក គាំ ទីវា ប្រធានផ្នែកកិច្ចការសាធារណៈ ប្រចាំក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «បំរែបំរួលអាកាសធាតុ និងផលប៉ះពាល់របស់យើង ទៅលើចីរភាពនៃបរិស្ថាន គឺជាបញ្ហាប្រឈមដ៏សំខាន់បំផុត ក្នុងជំនាន់របស់យើង ហើយយើងមិនសល់ពេល វេលាច្រើននោះទេ ដើម្បីធ្វើការផ្លាស់ប្តូរអ្វី ដែលយើងចាំបាច់។ ខណៈពេល ដែលវាងាយនឹងមានទុទិដ្ឋិនិយម អំពីស្ថានភាព នៃភពផែនដីរបស់យើង នេះគឺជាសកម្មភាពលើកទឹកចិត្ដមួយ ដែលបានចែករំលែក នូវចំណង់ចំណូលចិត្ត និងការប្តេជ្ញាចិត្តពីសហគ្រិន សង្គមវ័យក្មេង ក្នុងកម្មវិធី SmartSpark ជំនាន់ទី ៦ ដែលយល់ដឹងថា អ្នកអាចធ្វើឱ្យមានការផ្លាស់ប្តូរ ពិតប្រាកដ សូម្បីតែនៅកម្រិត សហគមន៍មូលដ្ឋាន ដោយការអភិវឌ្ឍគំនិតឆ្លាតវៃ ដែលលើកកម្ពស់ ការយល់ដឹងអំពីបញ្ហា និងជួយដោះស្រាយ បញ្ហាជីវិតពិត៕»