ភ្នំពេញ៖ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យា ទូទាត់សាច់ប្រាក់ តាមប្រព័ន្ធឌីជីផល ឈានមុខគេ នៅក្នុងពិភពលោក បានសហការជាមួយ ក្រុមហ៊ុន The Pizza Company ដើម្បីដាក់ឲ្យមានការទូទាត់ តាមរយៈបច្ចេកវិទ្យា Contactless សម្រាប់អតិថិជន នៅតាមបណ្តាសាខា ចំនួន៣៥ទីតាំង របស់ The Pizza Company នៅទូទាំងប្រទេស ឥឡូវនេះអតិថិជន អាចទូទាត់ប្រាក់ រាល់ការកម្ម៉ង់វេចខ្ចប់ យកទៅផ្ទះ ឬការពិសារ នៅហាងផ្ទាល់ ដោយគ្រាន់តែយកកាត ទៅប៉ះជាមួយម៉ាស៊ីនឆូតកាត រួចជាស្រេច ដោយមិនចាំបាច់ប្រើវិធីឆូត ឬ ស៊ក ដូចមុននោះឡើយ។
ដើម្បីបង្ការ នឹងការរីលរាលដាល នៃជំងឺ Covid-19 អតិថិជនភាគច្រើន នៅទូទាំងពិភពលោក មានទំនោរងាក ទៅរកបច្ចេកវិទ្យាថ្មី សម្រាប់ការទូទាត់ ជាក់់ស្តែងនៅក្នុងវិស័យភោជនីយដ្ឋាន ផ្តល់សេវាកម្មវេចខ្ចប់តែម្តង ដែលការទូទាត់ប្រាក់ សម្រាប់សេវាកម្មប្រភេទនេះ មានការកើនឡើង២៨ ភាគរយ នេះបើយោងតាម ការសិក្សាស្ទង់មតិ លើប្រធានបទការបោះជំហាន ទៅរកអាជីវកម្មរបស់ក្រុមហ៊ុន Visa ។
ការទូទាត់ដោយប្រើបច្ចេកវិទ្យា Contactless មិនត្រឹមតែមាន ភាពងាយស្រួល និងឆាប់រហ័សប៉ុណ្ណោះទេ វាថែមទាំងមានអត្ថប្រយោជន៍ ក្នុងការធានាបាន នូវសុវត្ថិភាពសម្រាប់បុគ្គលិក និងអតិថិជន ក្នុងកំឡុងពេលប្រតិបត្តិការផងដែរ។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា តាមរយៈរបាយការណ៍ នៅខែមករា ឆ្នាំ២០២១ បានបង្ហាញពីកំណើន នៃតម្រូវការរបស់អតិថិជន នៅកម្ពុជា ទៅលើការប្រើប្រាស់ ការទូទាត់តាមរយៈបច្ចេកវិទ្យា contactless រហូតដល់ ៦០ ភាគរយ ។
អ្នកស្រីបន្តទៀតថា ការសង្កេតឃើញនេះ ស្របពេលជាមួយនឹងការកើនឡើង នៃការយល់ដឹងពីសារសំខាន់ នៃការអនុវត្តន៍អនាម័យ តាមរយៈការកាត់បន្ថយ ការប្រាស្រ័យទាក់ទង ដោយផ្ទាល់ជាមួយបុគ្គល ក្នុងយុគសម័យ នៃការអនុវត្តនូវគម្លាតសង្គម។
ផ្អែកលើការសិក្សាចុងក្រោយ របស់ Visa អំពីឥរិយាបទ ក្នុងការទូទាត់ប្រាក់ របស់អតិថិជនឆ្នាំ ២០២០ បានបង្ហាញថា ការទូទាត់ដោយប្រើសាច់ប្រាក់សុទ្ធ មានចំណែកប្រមាណ៩០ភាគរយ នៃការទូទាត់ទាំងអស់ នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែអតិថិជនកម្ពុជា ចំនួន ៥៤ ភាគរយ បានកាត់បន្ថយ ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅក្នុងវិស័យការដឹកជញ្ជូន ម្ហូបអាហារ និងការទទួលទាន នៅតាមភោជនីយដ្ឋាន។ បើគិតជារួមការទូទាត់ ដោយប្រើកាត ដែលមានបច្ចេកវិទ្យា contactless មានការកើនឡើង ៣១ ភាគរយ ហើយអ្នកចាប់អារម្មណ៍ ក្នុងការទទួលយក វិធីសាស្រ្តទូទាត់ថ្មីនេះ មានចំនួន ៤៥ ភាគរយ ក្នុងចំណោមក្រុម ដែលមិនទាន់ ក្លាយជាអ្នកប្រើប្រាស់ ការទូទាត់បែបនេះ នៅឡើយ។
កញ្ញា ប៉ែន រតនា ប្រធានគ្រប់គ្រងផ្នែកទីផ្សារ តំណាងឲ្យក្រុមហ៊ុន The Pizza Company បានមានប្រសាសន៍ថា ដើម្បីបំពេញ នូវតម្រូវការរបស់អតិថិជន យើងបានដាក់ចេញ នូវសេវាទូទាត់ប្រាក់ តាមរយៈបច្ចេកវិទ្យា contactless នៅតាមហាងរបស់យើង ធ្វើឲ្យប្រតិបត្តិការទូទាត់ប្រាក់ របស់យើងប្រើពេលតែ ប៉ុន្មានវិនាទីប៉ុណ្ណោះ ដោយគ្រាន់តែម្ចាស់ Visa កាត ដែលមានភ្ជាប់មកជាមួយ បច្ចេកវិទ្យា contactless យកកាតទៅប៉ះ នឹងម៉ាស៊ីនគិតប្រាក់ រួចជាស្រេច។ ប្រជាជនកាន់តែច្រើន កំពុងស្វែងរកមធ្យោបាយ បង់ប្រាក់លឿន និងមានប្រសិទ្ធភាពជាងមុន ហើយតារមយៈការដាក់ ឲ្យមានការទូទាត់ប្រាក់ តាមរយៈបច្ចេកវិទ្យា contactless នឹងផ្តល់ជូនអតិថិជនរបស់យើង នូវបទពិសោធន៍ និងសុវត្ថិភាព កាន់តែប្រសើរជាងមុន។
ចាប់ពីថ្ងៃនេះតទៅ ម្ចាស់ Visa កាត ដែលធ្វើការទូទាត់ប្រាក់ តាមរយៈបច្ចេកវិទ្យា Contactless នៅ The Pizza Company សម្រាប់ការចំណាយ ចាប់ពី ២០ដុល្លារឡើងទៅ នឹងទទួលបានប័ណ្ណសាច់ប្រាក់ ៣ដុល្លារ សម្រាប់ការទិញ លើកក្រោយ។ ការផ្តល់ជូននេះ មានរយៈពេលកំណត់ ហើយលក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត។ សូមសាកសួរព័ត៌មាន លម្អិតនៅតាមទីតាំង នីមួយៗរបស់ The Pizza Company ដែលមានការផ្សព្វផ្សាយ ពីកម្មវិធីពិសេសនេះ។ ការទូទាត់តាមទូរស័ព្ទ ឬការប៉ះកាតជាមួយ ម៉ាស៊ីនទូទាត់ ឬហៅថា ការទូទាត់ដោយប្រើបច្ចេកវិទ្យា Contactless កំពុងមានការកើនឡើង យ៉ាងឆាប់រហ័ស នៅក្នុងរបទនៃជំងឺ COVID-19 ។
ទាំងនេះរាប់បញ្ចូលទាំងវិធីសាស្រ្ត ទូទាត់បែបបច្ចេកវិទ្យា contactless តាមវិធីមុន នៅកន្លែងបង់ប្រាក់ និង បច្ចេកវិទ្យាប៉ះ ដើម្បីបង់ប្រាក់តាមរយៈទូរស័ព្ទដៃ Tap to Phone នឹងអនុញ្ញាតិ ឱ្យម្ចាស់អាជីវកម្ម អាចប្រើប្រាស់ទូស័ព្ទដៃ និង tablets របស់ខ្លួន ដើម្បីកែប្រែទៅជាកន្លែង ទូទាត់ប្រាក់បានយ៉ាងងាយស្រួល តាមរយៈការប្រើប្រាស់កម្មវិធី mobile app។
បើយោងតាមការសិក្សារបស់ Visa បង្ហាញពីឱកាស នៃការទូទាត់ប្រាក់ តាមរយៈទូរស័ព្ទ ដៃនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បង្ហាញថាអតិថិជន ជាងពាក់កណ្តាល ស្មើនឹង៥៦ភាគរយ បាននិយាយថា ពួកគេចង់ឲ្យមាន ការទូទាត់បែបនេះ នៅតាមបណ្តាភោជនីយដ្ឋាន ការធ្វើបែបនេះ ពួកគាត់នឹងមិនចាំបាច់ ដើរចេញពីតុអាហារនោះទេ។ ការអនុម័ត ដាក់ឲ្យមានការទូទាត់ប្រាក់ តាមរយៈបច្ចេកវិទ្យា contactless ប្រភេទចុងក្រោយនេះ អាចបើកឱកាសនូវកំណើនថ្មី សម្រាប់បច្ចេកវិទ្យា Tap to Phone ធ្វើឲ្យនិយោជិក ទូទាត់ប្រាក់ ពីអតិថិជនភ្លាមៗ នៅគ្រប់ទីកន្លែង ក្នុងហាងរបស់ខ្លួន៕