អត្ថបទ

អស្ចារ្យ! ដៃគូក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ក្រុម Man City ក្លាយជា​ ម្ចាស់ជើងឯក Premier League ទោះសល់៣ប្រកួត

ក្រុម Manchester City ដែលជាដៃគូល្អឥតខ្ចោះ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្លាយជាម្ចាស់ជើងឯក English Premier League ដោយពិន្ទុឈ្នះដាច់ បើទោះបីនៅសល់ ៣ប្រកួតទៀតក៏ដោយ ក្រោយក្រុម Manchester United ទទួលបរាជ័យ ក្នុងផ្ទះខ្លួនឯង ក្នុងជំនួបជាមួយក្រុម Leicester City កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដោយលទ្ធផល ១-២។

ការបរាជ័យក្នុងផ្ទះខ្លួនឯង ធ្វើឲ្យក្រុម Man U រក្សាពិន្ទុ៧០ ឈរចំណាត់ថ្នាក់លេខ២ ក្នុងតារាង ជាមួយនឹងការប្រកួត ចំនួន ៣៥ ដង។ បើទោះបីជាក្រុម Man U ប្រកួត ៣ ប្រកួតលើកក្រោយឈ្នះទាំង ៣ ប្រកួតក្តី ក៏មិនអាចមានពិន្ទុទាន់ក្រុម Man City នោះទេ ដូច្នេះក្រុម Man City គ្រងដំណែងជើងឯកលីកកំពូល របស់អង់គ្លេសសម្រាប់ រដូវកាល២០២០-២០២១។ ត្រឹម៣៥ប្រកួត Man City រកបាន៨០ពិន្ទុ ដោយឈ្នះ២៥ប្រកួត ស្មើ៥ប្រកួត និងចាញ់តែ៥ប្រកួត។

លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «នេះគឺជាប្រវត្តិសាស្រ្ត​ ដ៏អស្ចារ្យមួយទៀត របស់ក្រុម Man City ហើយក្រុមហ៊ុនយើងពិតជារំភើប និងមានមោទកភាពយ៉ាងខ្លាំង ពេលឃើញដៃគូ សហការពាណិជ្ជកម្មរបស់យើង ទទួលជ័យជម្នះបែបនេះ ធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយ និងពេញចិត្តជាខ្លាំង»។

លោកស្រី គង់ កុសល បន្ថែមថា ទោះបីជាយើងមិនអាច ជួបជុំគ្នាបាន តែអ្នកគាំទ្រក្រុម Man City ទាំងអស់ ក៏អាចចូលរួមអបអរសាទរ ជ័យជម្នះដ៏រំភើបនេះ ទៅតាមផ្ទះរៀងៗខ្លួន៕

To Top