អត្ថបទ

ក្រុមហ៊ុន ទ្រូម៉ាន់នី ជួយអ្នកលក់អនឡាញ ឱ្យធ្វើប្រតិបត្តិការ ទូទាត់បាន ១លាន ប្រតិបត្តិការ

ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន បច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានជួយអ្នកលក់អនឡាញ រាប់រយនាក់ ឱ្យពង្រីកអាជីវកម្មអនឡាញរបស់ពួកគេ ឈានទៅដល់ចំណុចមួយ ដែលការប្រើប្រាស់ផ្លែតហ្វម ដើម្បីធ្វើការទូទាត់ការចំណាយ បានកើនឡើងដល់ ១លានប្រតិបត្តិការ។

ដោយបានរៀបចំ ធ្វើសិក្ខាសាលាជាច្រើន ជាមួយអ្នកលក់អនឡាញ ក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំមុន ក្រុមហ៊ុន ទ្រូម៉ាន់នី នាពេលថ្មីៗនេះបានប្រកាសថា ក្រុមហ៊ុនបានជួយ អ្នកលក់អនឡាញ ឱ្យធ្វើប្រតិបត្តិការបានមួយលាន ប្រតិបត្តិការក្នុងរយៈពេល ៦ខែ។ ការសម្រេចបាន ១លានប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងដោយអ្នកលក់អនឡាញ ដោយប្រើប្រាស់កម្មវិធីទូទាត់ TrueMoney Wallet សម្រាប់ការប្រមូលប្រាក់ចំណូល និងការទូទាត់ការចំណាយ ជូនអ្នកផ្គត់ផ្គង់។

កាលពីចុងឆ្នាំមុន ក្រុមហ៊ុន ទ្រូម៉ាន់នី “បានចុះឈ្មោះ” អ្នកលក់អនឡាញជាង ៣០០នាក់នៅក្នុងកម្មវិធី TrueMoney Wallet ខណៈដែលក៏ផ្តល់ជូនគន្លឹះសំខាន់ៗ អំពីរបៀបធ្វើទីផ្សារផលិតផល តាមអនឡាញ និងរបៀបបង្កើតឱ្យមាន ការតាមដាមគណនីបណ្តាញសង្គម។

លោកស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាគ្រប់គ្រង ផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា៖ “ការកើនឡើងប្រតិបត្តិការ ដល់ចំនួនដ៏ច្រើនបែបនេះ បង្ហាញពីការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន ទ្រូម៉ាន់នី ចំពោះអ្នកលក់អនឡាញ និងអ្នកដែលធ្វើអាជីវកម្ម អនឡាញផ្សេងទៀង។ គោលបំណងរបស់យើង គឺដើម្បីផ្តល់ជូនសហគ្រិនអនឡាញ និងអ្នកលក់អនឡាញ នូវឧបករណ៍ និងជំនាញដែលពួកគេ ត្រូវការដើម្បីធ្វើអាជីវកម្ម អនឡាញដោយជោគជ័យ”។

ថ្មីៗនេះ លោកស្រី ឃួន ហ្រ្វង់តារា បានថ្លែងនៅក្នុងបទសម្ភាសមួយថា ការទូទាត់ការចំណាយ តាមអនឡាញបានកើនឡើងខ្លាំង ក្នុងត្រីមាសទី១ ឆ្នាំ២០២១។ លោកស្រីបានថ្លែងថា មួយផ្នែកនៃការកើនឡើង ប្រតិបត្តិការអនឡាញនេះ គឺដោយសារថា ប្រជាជនបានងាកទៅធ្វើ ប្រតិបត្តិការអនឡាញ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។

លោកស្រីបានមានប្រសាសន៍ថា៖ “ការទិញកាន់តែច្រើនឡើង ធ្វើតាមអនឡាញ ហើយការទូទាត់ការចំណាយ និងការផ្ទេរប្រាក់ក៏តាមអនឡាញដែ។ យើងរំពឹងថានឹងមើលឃើញ និន្នាការនេះបន្តទៀត ហើយក្នុងរយៈពេល ៦ខែខាងមុខ យើងរំពឹងថា ចំនួនប្រតិបត្តិការ របស់អ្នកលក់អនឡាញ នឹងកើនឡើងដល់ ២លានប្រតិបត្តិការ”។

ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការ ក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារ បច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុត នៅក្នុងប្រទេសកម្ពុជា។ យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុនមានបណ្តាញ ភ្នាក់ងារជាង ១ម៉ឺនភ្នាក់ងារ ដែលផ្តល់សេវាហិរញ្ញវត្ថុ ដល់អ្នកប្រើប្រាស់ នៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជា ដែលមិនទាន់មានសេវាធនាគារ។

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ល្បីឈ្មោះបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នីមានភ្នាក់ងារជាង ៦៥.០០០ភ្នាក់ងារ ដែលផ្តល់សេវា ដល់អ្នកប្រើប្រាស់ ៤០លាននាក់ នៅក្នុងប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រ ផ្នែកបច្ចេកវិទ្យាពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន អាលីបាបា ផងដែរ ដែលជួយផ្គត់ផ្គង់សេវានិងបច្ចេកវិទ្យា ហិរញ្ញវត្ថុទំនើបៗ ដ៏មានសុវត្ថិភាពខ្ពស់។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ៊្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រង របស់ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការ របស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ក្រុមហ៊ុនអាលីបាបា៕

To Top