អត្ថបទ

បុរីភ្នំពេញថ្មី បើកលក់គម្រោងថ្មី​ ស្ថិតលើផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៦០ម៉ែត្រ) ជាមួយការបញ្ចុះតម្លៃ យ៉ាងពិសេស

ភ្នំពេញ៖ បុរីភ្នំពេញថ្មី នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នេះ បានប្រារព្ធពិធីក្រុងពាលី បើកការដ្ឋានសាងសង់ និងបើកលក់គម្រោងទី១៤ របស់ខ្លួន គឺគម្រោង រ៉េឌានផាក ឬ Radiant Park ស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៦០ម៉ែត្រ) ដែលជាតំបន់ ដ៏មានសក្ដានុពល នៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានបញ្ចុះតម្លៃ យ៉ាងពិសេសរហូតដល់ ៥,០០០ដុល្លារ បូកបន្ថែមការបញ្ចុះតម្លៃ ៣% ទៀតផង ។

ពិធីបុកគ្រឹះសាងសង់ និងបើកលក់គម្រោងលំនៅឋាន ស្ដង់ដារអឺរ៉ុបនេះ បានធ្វើឡើងក្រោមវត្តមាន លោកឧកញ៉ា ប៊ុន ហៃ អគ្គនាយកក្រុមហ៊ុនបុរីភ្នំពេញថ្មី និងលោកជំទាវ ក្រុមទាំងថ្នាក់ដឹកនាំ ក្រុមការងារសាងសង់ និងតំណាងផ្នែកលក់មួយចំនួន ដោយប្រកាន់ភ្ជាប់ នូវការគោរពវិធានការសុខាភិបាល របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេស ៣ការពារ និង ៣កុំ ដើម្បីបង្ការការរីករាលដាល នៃជំងឺកូវីដ-១៩ ផងដែរ ។

លោក ជា ស៊ីមុយ ប្រធានក្រុមផ្នែកលក់បុរីភ្នំពេញថ្មី បានបញ្ជាក់ថា គម្រោងថ្មីនេះ សាងសង់ឡើងនៅតំបន់ ដ៏មានសក្ដានុពល ដោយមានគម្រោងធំៗជាច្រើន ពិសេសស្ថិតលើផ្លូវក្រវាត់ក្រុងទី២ ដែលកំពុងមានការអភិវឌ្ឍខ្លាំង លើគ្រប់វិស័យ ពិសេសវិស័យលំនៅឋាន ហើយទីតាំងគម្រោង “រ៉េឌានផាក” ផ្ទាល់ គឺងាយស្រួលក្នុងការធ្វើដំណើរ ចេញ-ចូលក្រុង និងអាចធ្វើដំណើរ ទៅផ្លូវជាតិលេខ២ លេខ៣ ឬផ្លូវជាតិលេខ៤ ជាមួយផ្លូវធំៗ ដ៏ច្រើនខ្វាត់ខ្វែងទៀតផង ។

លោករំពឹងថា គម្រោងថ្មីនេះ នឹងទទួលបានការគាំទ្រច្រើន ពីអតិថិជន មិនចាញ់គម្រោងមុនៗឡើយ ទោះបីស្ថិតក្នុងបរិបទកូវីដ-១៩ ក៏ដោយ ព្រោះអតិថិជនរបស់ខ្លួន ភាគច្រើនគឺទិញ សម្រាប់ស្នាក់នៅ និងជឿជាក់លើគុណភាពបុរី ជាក់ស្ដែងមុនដំណើរការ បុកគ្រឹះសាងសង់ និងលក់ផ្លូវការថ្ងៃនេះ បុរីបានបើកលក់ក្រៅផ្លូវការ ប្រហែល ១សប្ដាហ៍ ហើយរហូតមកទល់ថ្ងៃទី២៩ ខែសីហានេះ មានអតិថិជន បានកក់ទិញជាង ២០% ឬប្រមាណ ៧០ផ្ទះហើយ នៃចំនួនផ្ទះសរុបជិត ៣០០ផ្ទះ ។

ក្នុងឱកាសបើកលក់ផ្លូវការគម្រោង “រ៉េឌានផាក” នេះដែរ បុរីភ្នំពេញថ្មី នឹងមានលក់បញ្ចុះតម្លៃពិសេស រហូតដល់ ៥,០០០ដុល្លារ បូកបន្ថែមការបញ្ចុះតម្លៃ ៣% ថែមទៀតផង ។ មិនតែប៉ុណ្ណោះ ដើម្បីសម្រួលអតិថិជន ក្នុងបរិបទកូវីដ-១៩ បុរីក៏បានសម្រួលនូវការលក់ ជាមួយលក្ខខណ្ឌជាច្រើនផងដែរ ទាំងការបង់រំលោះ បង់ដំណាក់កាល និងបង់ផ្ដាច់ជាដើម ។ អ្វីដែលពិសេស គឺមានតម្លៃសមរម្យ ដែលអតិថិជននឹងទទួលបាន ឱកាសចំណេញច្រើន នៅពេលចង់លក់ចេញវិញ នាថ្ងៃអនាគត ។

សូមបញ្ជាក់ថា គម្រោង “រ៉េឌានផាក” គឺជាគម្រោងទី១៤ របស់បុរីភ្នំពេញថ្មី ដែលនឹងសាងសង់លើផ្ទៃដីជាង ៧ហិចតា ដែលមានប្រភេទផ្ទះល្វែង-វីឡាសរុប ២៩៧ផ្ទះ និងមានតម្លៃចាប់ពី ២១ម៉ឺនដុល្លារឡើងទៅ ។ រ៉េឌានផាក គឺជាគម្រោងដំបូង ដែលបុរីនឹងសាងសង់គ្រប់ផ្លូវក្នុងបុរី ដោយអ៊ុតកៅស៊ូ ដើម្បីលើកកម្ពស់សោភ័ណភាព និងការរស់នៅក្នុងបុរី កាន់តែមានផាសុខភាព បន្ថែមលើការគិតគូរ និងផ្ដល់នូវភាពរឹងមាំ នៃគុណភាពសំណង់ ជូនដល់អតិថិជនរបស់ខ្លួន ៕

To Top