អត្ថបទ

វគ្គសិក្សា Full Stack Developer Bootcamp ឆ្នាំ2021 របស់​ SabaiCode ដែលទទួលបានការឧបត្ថម្ភ ពីសែលកាត

កាលពីដើមឆ្នាំកន្លងមកនេះ ក្រុមហ៊ុន សែលកាត បានសហការជាមួយ SabaiCode ដើម្បីគាំទ្រគំនិតផ្តួចផ្តើមរបស់ខ្លួន ក្នុងការផ្តល់ឱ្យនិស្សិត ដែលមានសក្តានុពលខ្ពស់ នូវជំនាញឌីជីថល ដែលពួកគេត្រូវការនៅក្នុង ឧស្សាហកម្មឌីជីថល។

វគ្គសិក្សា Full Stack Developer Bootcamp ដែលមានរយៈពេល 12 ខែ គឺជាកម្មវិធីអប់រំដំបូងគេ ដែលមានទីតាំង​នៅទីក្រុងភ្នំពេញ របស់ SabaiCode ដែលជាស្ថាប័នអប់រំ ដែលនៅឯ Silicon Valley។ កម្មវិធីនេះជាកម្មវិធីសិក្សាពេញម៉ោង និងបណ្តុះបណ្តាលដោយផ្ទាល់ ពីអ្នកសរសេរកូដ ដែលមានបទពិសោធន៍ខ្ពស់ ដើម្បីជំរុញឱ្យសិស្សនិសិ្សត ក្លាយខ្លួនជាអ្នកជំនាញ ផ្នែកអភិវឌ្ឍន៍សូហ្វវែ ក្នុងរយៈពេល 1 ឆ្នាំ។

ការឧបត្ថម្ភរបស់ សែលកាត កើតឡើងក្នុងទម្រង់​ ជាអាហារូបករណ៍ សម្រាប់ការសិក្សា ដល់សិស្សនិស្សិត ដែលមានទេពកោសល្យ ចំនួន 10 រូប។ សព្វថ្ងៃនេះយើង ក៏បានស្វែងរកឃើញ នូវសិស្សនិស្សិតទាំង 10 រូបនេះហើយផងដែរ។

មានអ្នកបានដាក់ពាក្យចូលរួម ក្នុងកម្មវិធីនេះរហូតជាង 400 នាក់ឯណោះ ។ ដំណើរការនៃការជ្រើសរើស ត្រូវបានធ្វើឡើងដោយ SabaiCode បានវាយតម្លៃ យ៉ាងយកចិត្តទុកដាក់ ទៅលើចំណាប់អារម្មណ៍ ការយល់ដឹង ចំណេះដឹង និងការប្តេជ្ញាចិត្ត របស់បេក្ខជន តាមរយៈការសម្ភាសន៍ជាបន្តបន្ទាប់។

ក្នុងអំឡុងពេលដំណើរ នៃការជ្រើសរើស មានសិស្សនិស្សិត ដែលមានសក្តានុពលជាច្រើន ដែលពិតជាមានបំណងចង់ចូលរួម វគ្គបណ្តុះបណ្តាលនេះ ដូច្នេះនាំឱ្យមានការបន្ថែមនូវនិស្សិត 2 នាក់បន្ថែមទៀត។

និស្សិតជំនាន់ទី1 នេះរួមបញ្ចូលនូវយុវជន ដែលមានចំណង់ចំណូលចិត្ត ខាងផ្នែកឌីជីថល មានអាយុចាប់ពី 18-26 ឆ្នាំ ដែលមកពីបណ្តាខេត្តនា​នា រួមមាន ភ្នំពេញ កំពង់ចាម បាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ កំពត និងតាកែវ។

លោក ឡេង ពិសិដ្ឋ ជាស្ថាបនិក SabaiCode បានមានប្រសាសន៍ទៀតថា៖ “យើងមានក្តីសោមនស្សរីករាយ ដែលមានសិត្សនិស្សិតជាច្រើន ចាប់អារម្មណ៍មកដាក់ពាក្យ ចូលរួមក្នុងកម្មវិធីនេះ។ ការជ្រើសរើសនិស្សិតជំនាន់ទី1 សម្រាប់កម្មវិធី Bootcamp ក្នុងឆ្នាំ2021 នេះពិតជាមិនពិបាកជាងនេះទេ។

ដោយមានការចាប់អារម្មណ៍ កាន់តែខ្លាំងឡើង ក្នុងការទទួលបាននូវជំនាញ ផ្នែកឌីជីថល ជាពិសេសគឺនៅក្នុងចំណោម យុវជននៅក្នុងប្រទេសកម្ពុជា ដែលបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ ក្នុងពេលធ្វើការសម្ភាសន៍របស់យើង។ យើងពិតជាមោទនភាពណាស់ ដែលមានក្រុមហ៊ុន សែលកាត ជាដៃគូរសហការរបស់ SabaiCode។ ដោយការគាំទ្រ របស់សែលកាត ទើបកម្មវិធីនេះ ទទួលបានភាពជោគជ័យ និងផ្តល់ឱ្យសិស្សនិស្សិត នូវការសិក្សាអប់រំ និងការបណ្តុះបណ្តាលបន្ថែមទៀតដែលពួកគេត្រូវការដើម្បីសម្រេចក្តីសុបិន្ត និងជំនាញដែលនឹង ធ្វើឱ្យពួកគេ អាចប្រកបការងារ ពីចំណង់ចំណូលចិត្ត ផ្នែកបច្ចេកវិទ្យា”។

និស្សិត នៅ ចន្ទខេមា អាយុ 20 ឆ្នាំបាននិយាយថា៖ “ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការចូលរួមវគ្គសិក្សា Bootcamp នេះនឹងផ្តល់ឱ្យខ្ញុំនូវជំនាញ និងការណែនាំជាក់ស្តែង ដែលខ្ញុំត្រូវការដើម្បីសម្រេចបាន នូវគោលដៅរបស់ខ្ញុំ ដើម្បីទទួលបានភាពជោគជ័យ នៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា និងភាពច្នៃប្រឌិត”។

អ៊ុំ សុម៉ាវត្តី មានអាយុ 17 ឆ្នាំជាសិស្សមកពីខេត្តកំពង់ស្ពឺ បានបន្ថែមថា “ខ្ញុំជឿជាក់ថា Bootcamp នេះនឹងជួយសម្រេចក្តីសុបិន្តរបស់ខ្ញុំ ក្នុងនាមជាអ្នកសរសេរកូដម្នាក់។ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន សែលកាត ដែលជួយឱ្យយើងទទួលបាន នូវជំនាញដែលយើងត្រូវការ”។

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត សូមអបអរសាទរ ដល់សិត្សនិស្សិតដែលត្រូវបានជ្រើសរើស និងទទួលបានអាហារូបករណ៍។ “ ភាពជាដៃគូរវាង សែលកាត និង SabaiCode ត្រូវបានបង្កើតឡើង ដោយចក្ខុវិស័យរួមគ្នា របស់យើងដើម្បីជួយយុវជនកម្ពុជា និងលើកកម្ពស់ចំណេះដឹង និងសមត្ថភាពផ្នែកឌីជីថល។ ខ្ញុំទន្ទឹងរង់ចាំមើលការរីកចម្រើន និងគម្រោងរបស់សិស្សនិស្សិត ទាំងអស់គ្នា ហើយសូមជូនពរ ឱ្យពួកគេជួបតែសំណាងល្អ”៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×