អត្ថបទ

ក្រុមហ៊ុន សាមសុង កម្ពុជា បន្តយុទ្ធនាការសប្បុរសធម៌ ចែកក្តីស្រឡាញ់ ផ្តល់សម្ភារសិក្សា ដល់សិស្សានុសិស្ស សាលាបឋមសិក្សាឬស្សីសាញ់…!

(ភ្នំពេញ) ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១៖ ដោយសារតែការយកចិត្តទុកដាក់ គិតគូរពីគុណតម្លៃនៃការសិក្សា និងអនាគតសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី និងជាធនធានដ៏សំខាន់របស់ប្រទេសជាតិ ក្រុមហ៊ុន សាមសុង កម្ពុជា ក៏បានបន្តនូវយុទ្ធនាការសប្បុរសធម៌របស់ខ្លួន “Love & Care” ដោយធ្វើការបរិច្ចាគនូវសម្ភារសិក្សាមួយចំនួនដល់សិស្សានុសិស្សចំនួន 291 នាក់ នៃសាលាបឋមសិក្សាឬស្សីសាញ់ ដែលស្ថិតក្នុងខណ្ឌដង្កោរ រាជធានីភ្នំពេញ។

ក្នុងការបរិច្ចាគសម្ភារសិក្សាដែលក្រុមហ៊ុន សាមសុង ធ្វើការចែករំលែកនាពេលនេះគឺមាន កាតាបសិក្សា សៀវភៅសិក្សា ខ្មៅដៃចំនួន និងប៊ិកចំនួន ផងដែរ។ ក្រៅពី នេះក្រុមហ៊ុន សាមសុង កម្ពុជា ក៏បានធ្វើការលើកទឹកចិត្ត និងក្រើនរំឮកដល់សិស្សានុស្ស លោកគ្រូ អ្នកគ្រូ ទាំងអស់ ធ្វើយ៉ាងណាបន្តរក្សាអនាម័យ អនុវត្តវិធានការ 3កុំ 3ការពា ឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារពីការរីករាលដាលនៃបញ្ហាវិបត្តិសកលផងដែរ។

លោក ហេង រ៉ាណូ នាយកសាលាបឋមសិក្សាឫស្សីសាញ់ បានមានប្រសាសន៍ថា “ថ្ងៃនេះ ក្នុងនាមខ្ញុំជាគណៈនាយកតំណាងឱ្យលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ និងតំណាងមាតាបិតារបស់សិស្សានុសិស្សនៃសាលាបឋមសិក្សាឬស្សីសាញ់ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ក្រុមហ៊ុន សាមសុងកម្ពុជា និងអង្គការGood Neighbors ដែលលោកមានសណ្ដានចិត្តសប្បុរសធម៌ជួយឧបត្ថម្ភនូវសម្ភារសិក្សាដល់សិស្សានុសិស្សទាំងអស់ក្នុងពេលនេះ”

លោក ចាន់ សម្បត្តិ ប្រធានគ្រប់គ្រងទូទៅ អង្គការ Good Neighbors បានមានប្រសាសន៍ថា “តំណាងឲ្យ Good Neighbors Cambodia ខ្ញុំមានអារម្មណ័សប្បាយរីករាយដែលបានរួមចំនែកចែកសម្ភារសិក្សាដល់កុមារក្នុងសាលាបឋមសិក្សាឬស្សីសាញ់ 100% ចំនួន291ឈុត នេះជាចំណុចចាប់ផ្ដើមគំរោងCSR project ជាមួយក្រុមហ៊ុនសាមសុងកម្ពុជា។ ខ្ញុំជឿថាប្អូនៗ ក៏ដូចជាលោកគ្រូ អ្នកគ្រូ ដែលមានចិត្តឆាប់ឆួលចង់បង្រៀនដល់សិស្សានុសិស្សទាំងអស់ ដូច្នេះព្រឹត្តការណ័នៅថ្ងៃនេះនឹងជួយដល់ការសិក្សារដល់ក្មួយៗទាំងអស់គ្នា។ ”

លោក វ៉រ៉េន ឈូ នាយកគ្រប់គ្រងផ្នែកទូរស័ព្ទដៃ ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “តំណាងឲ្យគ្រួសារ សាមសុង, ខ្ញុំសូមឆ្លៀតឱកាសដ៏មានតម្លៃនេះដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក នាយកសាលា គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងអង្គការ Good Neighbors Cambodia ដែលបានជួយសហការបង្កើតនូវការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងជីវិតរបស់កុមារទាំងនេះ។ ការលះបង់នូវពេលវេលាដ៏មានតម្លៃ ការគាំទ្រពោរពេញដោយក្តីស្រឡាញ់ និងការលះបង់ទាំងចិត្ត ទាំងកាយ របស់អ្នកទាំងអស់គ្នានាថ្ងៃនេះគឺជាការលះបង់ដ៏អស្ចារ្យបំផុតមិនអាចកាត់ថ្លៃបានដែលលើកទឹកចិត្តឱ្យមានការប្តេជ្ញាចិត្តខ្ពស់របស់យើងក្នុងការសម្រេចបាននូវគោលដៅក្នុងការជួយសិស្សានុសិស្សទាំងអស់ឱ្យមានភាពកាន់តែប្រសើរឡើង និងអភិវឌ្ឍនូវជំនាញរបស់ពួកគេក្នុងការអាន ការសរសេរ និងការនិយាយតាមរយៈការបរិច្ចាគនូវសម្ភារសិក្សាទាំងនេះ។ ”

អ្វីដែលក្រុមហ៊ុន សាមសុង ធ្វើនាពេលនេះគឺចង់ឃើញ និងចង់ឱ្យសិស្សានុសិស្សទាំងអស់មានភាពរីករាយក្នុងការសិក្សា មានការតស៊ូ មានក្តីសង្ឃឹមក្នុងជីវិត និងជាពិសេសផ្តល់នូវផលវិជ្ជមានដល់សហគមន៍…ដល់សង្គម និងដល់ប្រទេសកម្ពុជា ផងដែរ។

សូមបញ្ជាក់ថាសកម្មភាពសប្បុរសធម៌នេះគឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធនាការសប្បុរសធម៌ចម្បង “Love & Care” របស់ក្រុមហ៊ុន សាមសុង។ គោលលបំណងនៃសកម្មភាពសប្បុរសធម៌នេះគឺក្រុមហ៊ុន សាមសុង កម្ពុជា ចង់ចែករំលែកនូវសេចក្តីស្រឡាញ់ ស្នាមញញឹម និងក្តីសង្ឃឹមដល់សិស្សានុសិស្ស ធ្វើយ៉ាងណាខិតខំប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះវិជ្ជា និងធ្វើខ្លួនឱ្យក្លាយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អសម្រាប់ប្រទេសជាតិផងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×