អត្ថបទ

WURKZ ឧបត្ថម្ភផ្តាច់មុខ ការប្រណាំងកង់ភ្នំ រដូវកាល២០២១ ខណៈជុំទី១ ចាប់ផ្តើមបើកទទួលពាក្យ

ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុន ផលិតភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ឧបត្ថម្ភផ្តាច់មុខ ការប្រណាំងកង់ភ្នំ រដូវកាល២០២១ ឈ្មោះថា «WURKZ Mountain Bike Series 2021» ខណៈការប្រកួតជុំទី១ ដែលធ្វើឡើងនៅឯទីលានភ្នំជាល ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ ចាប់ផ្តើមបើកទទួលពាក្យ ពីពេលនេះតទៅ។

លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ខ្ញុំពិតជារីករាយខ្លាំងបំផុត ដែលបានសហការនាំយក ព្រឹត្តិការណ៍ដ៏អស្ចារ្យ សប្បាយរីករាយ មានការតស៊ូ និងអារម្មណ៍រំភើប ដល់អ្នកចូលចិត្តជិះកង់ នៅកម្ពុជាទាំងអស់ មិនថាក្មេងចាស់ប្រុសស្រី ជនជាតិខ្មែរ និងបរទេសឡើយ ដែលទន្ទឹងរង់ចាំជាយូរមកហើយ។ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ តែងចូលរួមគាំទ្រ កម្មវិធីកីឡារ ពិសេស ប្រភេទកីឡារ Extreme Sport ឬកីឡារប្រើប្រាស់ថាមពលខ្លាំង ដូចជាការប្រដាល់ និងការជិះកង់ជាដើម»។

លោកបន្ថែមថា ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ដើរតួយ៉ាងសំខាន់ ក្នុងការផ្តល់ថាមពលដល់រាងកាយ និងជំរុញអត្តពលករទាំងអស់ ឲ្យខិតខំប្រឹងប្រែងតស៊ូជំនះ ហើយបន្តប្រណាំងដល់ទីបញ្ចប់ ដោយស្មារតីស្វាហាប់បំផុត។

លោក Pierre Yves Catry ស្ថាបនិកព្រឹត្តិការណ៍ ប្រណាំងកង់ភ្នំ បានថ្លែងថា៖ «ខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង នៅពេលនេះ ព្រោះយើងខកខាន មិនបានរៀបចំចាប់តាំងពីខែមករា ឆ្នាំ២០២១។ ហើយការចាប់ដៃគូ ជាមួយ ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលជាអ្នកឧបត្ថម្ភផ្តាច់មុខ នឹងជំរុញឲ្យការរៀបចំព្រឹត្តិការណ៍ របស់យើងកាន់តែធំ និងប្រសើរឡើង»។

នេះជាការប្រណាំងប្រចាំឆ្នាំ សហការរៀបចំឡើងដោយ Flying Bike 2 និងសហព័ន្ធខ្មែរកីឡាទោចក្រយាន ហើយសម្រាប់ឆ្នាំ២០២១នេះ ការប្រកួតបែងចែកជា ៣ ជុំផ្សេងគ្នា ក្នុងនោះ ជុំទី១ធ្វើនៅទីលានភ្នំជាល ជុំទី២នៅព្រែកលាប និងជុំទី៣នៅកំពូលភ្នំគីរីរម្យ។

លោក Pierre Yves Catry បន្ថែមថា ព្រឹត្តិការណ៍ឆ្នាំនេះ នឹងមានអ្នកចូលរួមប្រមាណ ៤០០ នាក់ក្នុងជុំនីមួយៗ ឬប្រមាណជាង១០០០ នាក់ សម្រាប់ការប្រណាំងទាំង៣ជុំ។

បើតាមលោក Pierre Yves Catry ការប្រណាំងកង់ «WURKZ Mountain Bike Series 2021» បើកស្វាគមន៍ការចូលរួម ពីអ្នកជិះកង់ជំនាញ និងអ្នកដែលមានបទពិសោធន៍តិចតួច។ ការប្រកួតនឹងបែងចែកជា ១៣ ប្រភេទផ្សេងគ្នា ដើម្បីធានាថា អ្នកជិះកង់គ្រប់រូបអាចប្រណាំង ជាមួយគូប្រជែង ក្នុងកម្រិតដូចគ្នា។

ដើម្បីធ្វើការចុះឈ្មោះ ប្រកួតសូមចូលទៅកាន់តំណភ្ជាប់ ខាងក្រោមនេះ។
https://hello.last2ticket.com/event/4072

«ប្រណាំងពោរពេញដោយថាមពល» ជាមួយនឹងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ៕

To Top