អត្ថបទ

ក្រុម​អ្នក​ឧបត្ថម្ភ សម្រុក​​គាំទ្រ​​មហោស្រព​ សិល្បៈ​​អន្តរជាតិ​អង្គរ ដើម្បី​ជួយ​ស្តារ ​វិស័យ​ទេសចរណ៍​ ខេត្ត​សៀមរាប​ឡើង​វិញ

ក្រុមហ៊ុន​ក្នុង​ស្រុក​ជាច្រើន​កំពុង​រួមគ្នា ផ្តល់ការ​​គាំទ្រ​ដល់​ខេត្ត​​​សៀម​រាប ​ក្នុងពេលដែល​ខេត្ត​​បណ្តុំ​ដោយ​ទីតាំង​ទេសចរណ៍​មួយ​នេះ​ត្រូវការ​ជំនួយ យ៉ាងខ្លាំង ដែលការ​គាំទ្រ​ទំាង​នេះ​ធ្វើឡើង​ តាម​រយៈការ​ឧបត្ថម្ភ​ដល់​មហោស្រព​សិល្បៈ​​អន្តរជាតិ​អង្គរ (Angkor International Festival of the Arts)។

ព្រឹត្តិការណ៍​នេះ​ដែលនឹងប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃទី​១១ ដល់​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២១ នឹង​រៀបចំ​ធ្វើឡើង​​ក្រោម​ការ​អនុញ្ញាត​របស់រាជ​រដ្ឋាភិបាល​កម្ពុជា។ អ្នក​រៀបចំ​មហោ​ស្រពនេះ​​ដែល​តំណាង​ដោយក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd. ​មាន​កិច្ចសហការ​ផ្នែកសិល្បៈ បច្ចេកទេស និងរដ្ឋបាលជាមួយក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដើម្បី​អបអរ​សាទរ​ការ​ដាក់​ខេត្ត​សៀមរាបជាទីក្រុងវប្បធម៌អាស៊ាន ២០២០-២០២២។

ក្រុមហ៊ុន​និង​ស្ថាប័ន​​ដែល​​​ផ្តល់ការ​គាំទ្រ​ដល់​ព្រឹត្តិការណ៍​នេះ​ក្នុងនាមជាអ្នក​ឧបត្ថម្ភ រួម​មាន​​ធនាគារ​កាណាឌីយ៉ា ធនាគារហ្វីលីព សហព័ន្ធស្វីស មូលនិធិ​វប្បធម៌​និង​ទេសរណ៍ Chengdu និង​សហភាពអឺរ៉ុប។ ក្រុមហ៊ុន​និង​ស្ថាប័នដែល​ចូលរួម​​ក្នុង​ព្រឹត្តិការណ៍​មហោ​ស្រពនេះ កំពុង​ផ្តល់​ការ​គាំទ្រ​​​ផ្នែកហិរញ្ញវត្ថុ​​ក្នុង​រូបភាពជា​ការ​ឧបត្ថម្ភ។ រីឯក្រុមហ៊ុន​និង​ស្ថាប័ន​ផ្សេង​ទៀត​កំពុង​ពិចារណា​អំពី​របៀបដែលពួកគេ​អាច​ជួយ​បាន។

លោក Aaron Carpene ជាអគ្គនាយក និងជា​នាយក​ផ្នែក​សិល្បៈនៃ​មហោស្រព​សិល្បៈ​អន្តរជាតិ​​​អង្គរ ​បានថ្លែងថា៖ «យើង​ទាំង​អស់គ្នា​ដឹង​ហើយថា ដោយសារ​ការ​រាត​ត្បាត​ជំងឺ​កូវីដ-១៩ ខេត្ត​សៀម​រាប​បាន​ទទួលរង​គ្រោះ​យ៉ាងខ្លាំង។ ទោះ​ជា​យ៉ាងណា ព្រឹត្តិការណ៍នេះ​នឹងមិន​ត្រឹមតែ​​​ជួយ​ដល់​ឧស្សាហកម្ម​ទេសចរណ៍​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ក៏​ជាការ​ដឹង​គុណ​​ដ៏​សាក​សម​​​​ដល់​កេរ្តិ៍​មរតក​វប្បធម៌របស់កម្ពុជា​ និង​ទស្សនីយភាព​សិល្បៈ​ក្នុង​ស្រុក​ផងដែរ​ក្នុងពេល​​មួយ​ដែល​កម្ពុជា​បានក្លាយជា​ប្រធាន​អាស៊ាន ហើយ​ខេត្ត​សៀម​រាប​បាន​ក្លាយជា​ទីក្រុង​វប្បធម៌អាស៊ាន​ឆ្នាំ ២០២០-២០២២»

មហោស្រព​សិល្បៈ​អន្តរជាតិអង្គរឆ្នាំ​២០២១ នឹង​មានការ​សម្តែងសិល្បៈ ដោយ​មាន​ការ​​ចូលរួម​ពី​សិល្បៈករ សិល្បៈការនី​ជាច្រើន​ដូចជា​ តន្ត្រីករ អ្នក​គូ​រគំនូរ អ្នក​និពន្ធ និង​អ្នករបាំ​​ជា​ដើម។ ក៏​នឹងមានការ​ចូលរួមផង​ដែរ​​ពី​កវី​តារាកម្ពុជា​គឺ​លោក យ៉េង ឈាងលី និង​អ្នក​និពន្ធ​ដ៏​ល្បី​ឈ្មោះ​គឺ​លោកស្រី Elisabeth Becker (តាមរយៈ Zoom) សម្រាប់​ជាផ្នែក​មួយនៃ​កម្មវិធី Writer&Readers Festival Hub ហើយ​​នឹងមានការ​បង្ហោះ​ខ្លែង​ប្រពៃណីជាតិ​នៅ​មុខ​ប្រាសាទ​អង្គរ​ ល្ខោនស្រមោល ការសម្ដែង​ការ​ប្រកួត​ក្បាច់គុនល្បុក្កតោ ចាប៉ីដងវែង និង​ល្ខោន​ខោល​ផងដែរ។
លោក Aaron Carpene បាន​បន្ថែម​ថា៖ «យើង​សង្ឃឹម​ថា មហោស្រព​សិល្បៈ​​អន្តរជាតិ​ឆ្នាំ​២០២១​នេះ នឹង​ជួយ​ជំរុញ​ភ្ញៀវ​ទេសចរ​ឱ្យ​វិល​មកទស្សនា​ខេត្ត​សៀមរាប​ឡើង​វិញ។ ដូច្នេះ ក្រុមហ៊ុន​​ដែល​គាំទ្រ​ព្រឹត្តិការណ៍​នេះ​​នឹងមានន័យ​ថា​​ក៏​កំពុង​គាំទ្រ​ដល់​រដ្ឋាភិបាល និង​ប្រជា​ពលរដ្ឋ​ក​ម្ពុជា​ឱ្យវិល​មក​រក​ភាពធម្មតា​​ និង​ស្ទុះ​ងើប​ឡើងវិញ​ពី​ការ​រាត​ត្បាត​ជំងឺ​កូវីដវិញ​ផង​ដែរ»។

មហោស្រព​សិល្បៈ​​អន្តរជាតិ​ឆ្នាំ​២០២១ នឹង​ប្រព្រឹត្ត​ឡើង​នៅ​ទីកន្លែង​ផ្សេងៗ​ក្នុង​ខេត្ត​សៀម​រាប នៅ​ឧទ្យាន​អង្គរ និងនៅ​​រាជធានី​ភ្នំពេញ​ចាប់​ពីថ្ងៃទី​១០ ដល់ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២១។

នៅ​ថ្ងៃសុក្រ ទី​១០ ខែ​ធ្នូ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​រៀបចំ​ពិធី​​បើកសម្ពោធ​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត​ ដោយ​មានការ​ចូលរួម​ពី​​​ឯក​អគ្គរាជទូត​និង​ឯក​អគ្គរដ្ឋទូតអាស៊ាន ឥស្សរជន និង​អាជ្ញាធរ​នានា ដើម្បី​ចាប់​ផ្តើម​​បើកដំណើរការ​​មហោស្រព​សិល្បៈ​​អន្តរជាតិ​ឆ្នាំ​២០២១។
សម្រាប់លោកអ្នក​ដែល​ចាប់​អារម្មណ៍​ពិភាក្សា​អំពី​ឱកាស​ឧបត្ថម្ភ សូមទាក់ទង​មក​កាន់​ក្រុម​ការងារមហោស្រព​សិល្បៈ​​អន្តរជាតិ​អង្គរ​​​តាមរយៈ​អ៊ីមែល info@aifa-cambodia.com

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅកាន់​គេហទំព័រ https://www.facebook.com/AIFA2021Festival

To Top