អត្ថបទ

អ្នកជំនាញផ្នែក បណ្ដាញទូរសព្ទចល័ត ណែនាំមិនឲ្យ ប្រើប្រាស់ឧបករណ៍ «ពង្រីកសេវាទូរសព្ទ» ទេ

ភ្នំពេញ៖ អ្នកជំនាញផ្នែក បណ្ដាញទូរសព្ទចល័ត បានទទូចឲ្យប្រជាជន កុំនាំគ្នាប្រើឧបករណ៍ «ចាប់ ឬពង្រីកសេវាទូរសព្ទ» (repeater ឬ signal booster) ដើម្បីដោះស្រាយបញ្ហា សេវាទូរសព្ទចល័តខ្សោយ ។

អ្នកជំនាញបាននិយាយថា ឧបករណ៍ចាប់សេវាទូរសព្ទ ដែលគ្មានការអនុញ្ញាត ពីក្រសួងពាក់ព័ន្ធ គឺមិនបានជួយដោះស្រាយ បញ្ហាខ្សោយសេវាទូរសព្ទនោះទេ ប៉ុន្តែផ្ទុយទៅវិញ ឧបករណ៍ទាំងនោះបង្កការ រំខានដល់ស្ថានីយផ្សាយសេវា របស់ក្រុមហ៊ុនបណ្ដាញ ទូរសព្ទចល័តទៅវិញទេ ។ ជាងនេះទៅទៀត ការទិញ លក់ ដំឡើង និងប្រើប្រាស់ឧបករណ៍ទាំងនេះ ដោយគ្មានអាជ្ញាបណ្ណ គឺជាទង្វើខុសច្បាប់ ដែលអាចនឹងត្រូវប្រឈមមុខនឹងច្បាប់ស្ដីពីទូរគមនាគមន៍កម្ពុជា ។

បច្ចុប្បន្ន គេឃើញមានការត្អូញត្អែរមួយចំនួន នៅលើបណ្ដាញព័ត៌មាន សង្គមអំពីការខ្សោយ ឬគ្មានសេវាទូរសព្ទដៃ នៅតាមតំបន់មួយចំនួន ដែលជួនកាល សេវាខ្សោយ ឬគ្មានសេវាតែម្ដង ។

អ្នកជំនាញបានពន្យល់ថា អ្នកដែលបានទិញឧបករណ៍ ចាប់សេវាទូរសព្ទ (ឬហៅថា mobile wave amplifiers) បានដំឡើងប្រើប្រាស់ឧបករណ៍នេះ ដោយគ្មានការអនុញ្ញាតិដែលនាំ ឲ្យបង្កការរំខានធ្ងន់ធ្ងរទៅលើស្ថានីយផ្សាយ របស់ក្រុមហ៊ុនបណ្ដាញទូរសព្ទ ដែលនាំឲ្យប៉ះពាល់ដល់គុណភាព សេវាដែលផ្ដល់ដល់អតិថិជន ។

អ្នកជំនាញបានបន្តថា ឧបករណ៍ចាប់សេវាទូរសព្ទនេះ ត្រូវបានគេរកឃើញថា មានប្រើក្នុងចំនួនដ៏ច្រើនគួរសម នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ។

យោងតាមអ្នកជំនាញ ឧបករណ៍ចាប់សេវាទូរសព្ទនេះ វារំខានទៅដល់ស្ថានីយផ្សាយសេវា ដែលនាំឲ្យប៉ះពាល់ទៅដល់គុណភាពសេវា។ ឧបករណ៍ទាំងនេះរំខាន ដល់សេវាទូរសព្ទដៃ ឆ្លងសេវា ធ្វើឲ្យគេមិនអាចកំណត់ហ្រ្វេកង់បាន និងបណ្ដាលឲ្យអ្នកប្រើប្រាស់ ដែលរស់នៅតំបន់ជុំវិញ មិនអាចធ្វើការហៅចេញ ឬទទួលទូរសព្ទ ឬប្រើប្រាស់អ៊ីនធឺណិតបាន ។

បើយោងតាមច្បាប់ មានតែសហគ្រាស ឬក្រុមហ៊ុនដែលផ្ដល់សេវា ទូរសព្ទចល័តប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យ ប្រើប្រាស់ឧបករណ៍បញ្ជូនសេវា ទូរសព្ទចល័តសម្រាប់ការដំឡើង នៅតាមតំបន់នានាដែលមានសេវាខ្សោយ ដើម្បីធ្វើឲ្យគុណភាពសេវាទូរសព្ទ មានភាពល្អប្រសើរ និងមិនបង្កផលរំខានទៅដល់បណ្ដាញ ទូរគមនាគមន៍ចល័តដទៃទៀត ។

ក្នុងករណីដែលសេវាទូរសព្ទ នៅក្នុងតំបន់ណាមួយមិនឆ្លើយតប ទៅតាមតម្រូវការប្រើប្រាស់ ដោយសារតែសេវាខ្សោយពេក អ្នកប្រើប្រាស់ត្រូវធ្វើការ ទំនាក់ទំនងដោយផ្ទាល់ និងចូលរួមរាយការណ៍អំពី បញ្ហានេះទៅកាន់ក្រុមហ៊ុន ផ្ដល់សេវាទូរសព្ទ ដើម្បីសុំការណែនាំ និងការធានាផលប្រយោជន៍ របស់អ្នកប្រើប្រាស់៕

To Top