អត្ថបទ

សិក្ខាសាលាស្តីពី ការចូលរួមនៃពហុភាគី ក្នុងការអភិវឌ្ឍបណ្តុំថ្នាលឌីជីថលកសិកម្មកម្ពុជា របស់គម្រោងគាំទ្រនិរន្តរភាព ហេដ្ឋារចនាសម្ព័ន្ធជនបទ

នារសៀលថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាមួយស្ដីពី «ការចូលរួមនៃពហុភាគីក្នុងការអភិវឌ្ឍបណ្ដុះថ្នាលឌីជីថលកសិកម្មកម្ពុជា» ដែលស្ថិតនៅក្រោមគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សាកសិករ និងពាណិជ្ជូបណីយកម្មកសិកម្ម ហៅកាត់ថា SAAMBAT នៅសណ្ឋាគារ Raffles Hotel Le Royal ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកគម្រោង SAAMBAT ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីថ្នាលឌីជីថល, ភ្ជាប់ការចូលរួមរបស់ភាគីពាក់ព័ន្ធ ក្នុងការចែករំលែកទិន្នន័យ ទៅកាន់បណ្តុំថ្នាលឌីជីថលកសិកម្មកម្ពុជា Khmer Agriculture Suite និងធ្វើបទបង្ហាញពីប្រព័ន្ធតាមដានរកប្រភពដើមកសិផល ក៏ដូចជាប្រមូលធាតុចូលបន្ថែមសម្រាប់ការអភិវឌ្ឍថ្នាលឌីជីថលសម្រាប់ខ្សែសង្វាក់តម្លៃកសិកម្ម KAS និងមានការចូលរួមពីភាគីពាក់ព័ន្ធរួមមាន តំណាងក្រសួង-ស្ថាប័នក្រោមរាជរដ្ឋាភិបាល អង្គការសហប្រជាជាតិ ស្ថានទូត ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នស្រាវជ្រាវ វិស័យឯកជន សមាគមន៍ និងធនាគារ។

គម្រាង SAAMBAT មានសមាសភាគពីរ គឺ (១) ហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និង (២) ជំនាញ, បច្ចេកវិទ្យា, និងសហគ្រាស ដែលសមាសភាគទី ២ នេះ មានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាភ្នាក់ងារប្រតិបត្តិ និងបែងចែកជាអនុសមាសភាគចំនួន ៣ ទៀតរួមមាន អនុសមាសភាគទី ២.១ ដែលផ្តោតលើការបណ្តុះបណ្តាលជំនាញដល់យុវជនតាមជនបទ, អនុសមាសភាគទី ២.២ ដែលផ្តោត លើការកសាងថ្នាលឌីជីថលសម្រាប់ខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម ដែលអនុវត្តដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) និងអនុសមាសភាគទី ២.៣ ផ្តោតទៅលើការសិក្សាជាយុទ្ធសាស្រ្ត, ការស្រាវជ្រាវគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍។

ក្នុងសិក្ខាសាលានេះ មានតំណាងមកពីក្រុមហ៊ុន Optistech Co.,Ltd, ក្រុមហ៊ុន AgriOn និងសមាគមន៍អ្នកផលិតចំណីអាហារកម្ពុជា ធ្វើបទបង្ហាញផ្សេងៗ រួមមាន បទបង្ហាញពីគំរូដើមនៃការអភិវឌ្ឍបណ្តុំថ្នាលឌីជីថលកសិកម្មកម្ពុជា, បទបង្ហាញពីប្រព័ន្ធតាមដានរកប្រភពដើមកសិផល និងបទបង្ហាញពីតម្រូវការនៃប្រព័ន្ធតាមដានរកប្រភពដើម។ តាមរយៈបទបង្ហាញទាំងនេះ ក៏មានការពិភាក្សាទៅមក យ៉ាងសស្រាក់សស្រាំពីអ្នកចូលរួម ដែលជាភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ។ សិក្ខាសាលានេះក៏បានលើកយកកិច្ចពិភាក្សាស្តីពីការចែករំលែកទិន្នន័យមកកាន់បណ្តុំថ្នាលឌីជីថលកសិកម្មកម្ពុជា KAS core platform របស់គម្រោង “SAAMBAT” ដែលថ្នាលនេះនឹងត្រូវតភា្ជប់មកកាន់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX ។ ក្នុងនោះដែរក៏មានការលើកឡើងនូវសំណួរមួយចំនួនទាក់ទងនឹងសុក្រឹតភាពរបស់ទិន្នន័យ, ផលប្រយោជន៍ដែលនឹងទទួលបានក្នុងការចែករំលែកទិន្នន័យ និងទិន្នន័យដែលបានចំណាយទុនក្នុងការប្រមូល។

ជាលទ្ធផល, អ្នកចូលរួមមិនត្រឹមតែបានជជែកវែកញែកប្រកបដោយផ្លែផ្កាប៉ុណ្ណោះទេ ថែមទាំងបានជ្រួតជ្រាបកាន់តែច្បាស់ អំពីអត្ថប្រយោជន៍ក្នុងការផ្លាស់ប្តូរទិន្នន័យតាមបណ្តុំថ្នាលឌីជីថលកសិកម្មកម្ពុជា និងក្នុងការប្រើប្រាស់ប្រព័ន្ធតាមដានរកប្រភពដើមកសិផល ព្រមទាំងមានការសាទរ និងរីករាយក្នុងចែក-រំលែក ក៏ដូចជាតភា្ជប់ទិន្នន័យរបស់ស្ថាប័នរៀងៗខ្លួនមកកាន់បណ្តុំថ្នាលឌីជីថលកសិកម្មកម្ពុជាផងដែរ ដើម្បី ជាប្រយោជន៍ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខ ស្របតាមបរិបទនៃការរីកលូត- លាស់ឥតឈប់ឈរនៃបច្ចេកវិទ្យាឌីជីថលក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០៕

To Top