អត្ថបទ

ក្រុមហុ៊ន Smart Axiata ចាប់​ផ្តើម​យុទ្ធនាការ​ អក្ខរកម្មឌីជីថល ដើម្បី​ជួយ​ពលរដ្ឋ​កម្ពុជា ឱ្យ​​ប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណិត​ ប្រកបដោយ​សុវត្ថិភាព និង​ទំនួលខុសត្រូវ

ភ្នំពេញ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ​២០២១៖ ក្រុមហ៊ុន Smart Axiata ដែល​ជា​ប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា បាន​ចាប់ផ្ដើម​យុទ្ធនាការ​អក្ខរកម្ម​ឌីជីថល​​​ ដែល​មាន​កម្មវិធី​ពិភាក្សា​​​​លើ​ប្រព័ន្ធ​អ៊ិនធឺណិត និង​សៀវភៅណែនាំស្ដីពីអក្ខរកម្មឌីជីថល​ ​ ក្នុង​បំណងជួយ​​ឱ្យ​ប្រជាពលរដ្ឋ​​កម្ពុជា​ប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណិត​ប្រកប​ដោយ​​​សុវត្ថិភាព​​​ ក៏​ដូច​ជា​​ជួយ​សិស្ស​សានុសិស្ស​ឱ្យ​ចេះ​ប្រើ​ប្រាស់​​មុខងារ​​ឌីជីថល​កាន់​តែ​ប្រសើរ​ក្នុង​ការ​រស់​នៅ​ប្រចាំ​​ថ្ងៃ និងការសិក្សារៀនសូត្ររបស់​​ពួកគេ​។

https://www.facebook.com/smartforcambodia/videos/1064471054405663

https://www.facebook.com/smartforcambodia/videos/905088553480430/

កម្មវិធី «​សុវត្ថិភាព​លើប្រព័ន្ធអ៊ិនធឺណិត និង​ការ​ការពារ​ក្មេងវ័យជំទង់​ក្នុងយុគ​សម័យ​ឌីជី​ថល» មានចាក់ផ្សាយ​​ភាគ​ទីមួយ និង​ភាគទីពីរ​លើ​ទំព័រហ្វេសប៊ុក Smart for Cambodia ​និង ទំព័រ​ហ្វេស​ប៊ុក Kit Kou Kon​​​​ ។ ភាគ​ទី៣នឹង​ត្រូវ​ចាក់​ផ្សាយ​ក្នុង​​​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ។​

កម្មវិធី​​​​​​កិច្ចពិភាក្សានេះ​​ត្រូវ​បាន​ផលិតឡើង​​ដោយ​មាន​​ការ​គាំទ្រ​ពី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ និង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍ លេីវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន​ (CBRD) គិតគូរកូន (Kit Kou Kon) អង្គការ​យូនីសេហ្វ​​កម្ពុជា និង​អង្គការ​មិន​មែន   រដ្ឋាភិបាល​ក្នុង​ស្រុក​ដែល​ជា​ដៃគូ រួមទាំង​អង្គការសកម្មភាព​ដើម្បីកុមារ (APLE)  និង​អង្គការបុត្តាភិបាលដើម្បីវឌ្ឍនសង្គមកម្ពុជា (ICS)។

កម្មវិធី​ពិភាក្សា​តាម​​អនឡាញ​​​ដែល​មាន​ ៣​ភាគ​ ហើយ​​​ភាគ​នីមួយៗ មាន​រយៈពេល ២០នាទី​​នេះ​ ​បង្ហាញ​ពី​ឱកាស និង​ហានិភ័យ​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​អុិនធឺណិត​របស់​កុមារ      និង​ក្មេង​វ័យ​ជំទង់​ ខណៈ​ក្រុម​អ្នក​ជំនាញ​ក៏​បាន​ផ្ដល់​ការ​ណែនាំ​ស៊ីជម្រៅផង​ដែរអំពីការចិញ្ចឹមកូន​ក្នុង​សម័យ​​​ឌីជីថល​សម្រាប់​អាណាព្យាបាល​ និង​គន្លឹះ​​វិធីសាស្ដ្រ​ជួយ​ឱ្យ​ក្មេង     វ័យ​​ជំទង់​​​មាន​សុវត្ថិភាព​លើ​ប្រព័ន្ធ​អុិនធឺណិត​។

ក្រៅ​​ពី​ការ​អប់រំ ក៏មានកម្មវិធី​​កម្សាន្ដ​​ដែល​ជាការ​សម្ដែង​សិល្បៈ​ផង​ដែរ​ពី​សំណាក់​​​​សិល្បៈករ និងសិល្បៈការនី​​ល្បី​​ឈ្មោះ​រួមមាន ក្រុម​ក្មេង​ខ្មែរ និង​​កញ្ញា​ ចិត្ត​ កញ្ជនា។

លោក Feiruz Ikhwan នាយក​ប្រតិបត្ដិ​ស្តីទី​របស់​ក្រុមហ៊ុន Smart Axiata បាន​មាន​ប្រសាសន៍​ថា៖ «​ស្របពេលដែល​ប្រទេសកម្ពុជា​កំពុង​ សម្រេចគោលដៅ​សេដ្ឋកិច្ច​ឌីជីថល​របស់ខ្លួន ក្រុមហ៊ុន Smart ក៏កំពុងសហការ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​​ការ​ពង្រឹង​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​ប្រែក្លាយ​សង្គមតាមរយៈបច្ចេកវិទ្យា​ឌីជីថល​ និងគ្រឹះសម្រាប់​អក្ខរកម្ម​ឌីជីថល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ គំនិត​ផ្ដួចផ្ដើម​នេះ​នឹង​ជួយ​ពង្រឹង​សមត្ថភាព​សិស្សានុសិស្ស​​ក្នុង​ការ​ប្រើ​ប្រាស់​ឧបករណ៍ឌីជីថល​ផ្សេងៗដើម្បី​​ឆ្ពោះ​ទៅកាន់​របៀប​របប​រស់នៅ​បែបឌីជីថល​កាន់តែ​ទំនើប​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ​ ​ការងារ និង​ការសិក្សា​​​របស់​ពួក​គេ។ កម្មវិធី​ពិភាក្សា​លើ​ប្រព័ន្ធ​អិុនធឺណិត​នេះ​ក៏នឹង​ផ្ដល់​ការ​អប់រំ​ទៅកាន់មនុស្ស​កាន់តែ​​ច្រើនថែម​​ទៀត​អំពី​វិធី​ដែល​ពួកគេ​អាច​ការពារ​ខ្លួនឯង​ និង​មនុស្ស​ជាទីស្រឡាញ់របស់ពួកគេ​ នៅពេល​ដែលពួកគេ​ប្រើប្រាស់​​​អុិនធឺណិត​»។

ក្រុមហ៊ុន Smart និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​នឹង​បង្កើត “សៀវវភៅណែនាំ​​ស្តីពី​អក្ខរកម្ម​ឌីជីថល” ផងដែរ ដែល​​នឹងចែកចាយទៅកាន់សិស្សានុសិស្សទូទាំង​ប្រទេស​ចាប់​ពីខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​ទៅ។ សៀវភៅ​មគ្គុទេសដែលមាន​កម្រាសជាង៣០ទំព័រ​នេះ នឹងអប់រំ​សិស្សានុសិស្ស​​អំពីរបៀប​ប្រើ​ប្រាស់​​អិុនធឺណិត​ប្រកបដោយ​ផលិតភាព ខណៈ​ដែល​ណែនាំ​ពួកគេ​អំពី​របៀប​ការពារ​ខ្លួន​ឯង​ផងដែរ។

អ្នកស្រី តាន់ សុដានី ប្រធាន​នាយកដ្ឋាន​គោលនយោបាយបច្ចេកវិទ្យាគមនាគមន៏និងព័ត៌មាន នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍បាន​ថ្លែង​ថា៖ «កិច្ចការពារកុមារលើប្រព័ន្ធអនឡាញត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដែលក្នុងនោះរួមទាំងប្រតិបត្តិករទូរគមនាគមន៍ដែរ។ ការបង្កើតឡើងនូវកម្មវិធីជជែកពិភាក្សាអំពីបញ្ហានេះរបស់ក្រុមហ៊ុនស្មាត អាស្យាតា  គឺជាគំរូដ៏ល្អមួយ ដែលបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់ប្រតិបត្តិករទូរគមនាគមន៍ក្នុងការគិតគូរពីសុវត្ថិភាពអុិនធឺណិតដល់សាធារណជន និងអតិថិជនរបស់ខ្លួន»។

ក្រុមហ៊ុន Smart Axiata បានគាំទ្រយ៉ាងស្វាហាប់​ដល់ការសម្រេចគោលដៅ​ឌីជីថលរបស់កម្ពុជា ហើយ​ក្រុមហ៊ុន​បាន​ផ្តួច​ផ្តើម​កម្មវិធីអប់រំ​បច្ចេកវិទ្យាឌីជីថល​ជាច្រើនរួមមានដូចជា​កម្មវិធី SmartStart Young Innovator Program ដែលមានបំណង​ជំរុញ ផ្តល់លទ្ធភាព និង​ធ្វើឱ្យ​រីកចម្រើន​គំនិត​អាជីវកម្ម​ពាក់​ព័ន្ធ​នឹង​បច្ចេក​វិទ្យា និង​កម្មវិធី SmartSpark ដែលជាកម្មវិធី​មួយ​ដែល​ណែនាំ​មធ្យោបាយសំខាន់ៗដើម្បីដោះ​ស្រាយ​បញ្ហា​ប្រឈម​ធំៗ​បំផុត​​​​​របស់​កម្ពុជា។

ក្នុងឆ្នាំ២០១៩ ក្រោមការ​សហការជាមួយ​ក្រុមហ៊ុន Google និងសមាគម GSMA ដែល​ជា​សមាគម​ពាណិជ្ជកម្ម​ពិភព​លោក​សម្រាប់​ប្រតិបត្តិករ​បណ្តាញ​ចល័ត​​ ​ក្រុមហ៊ុន Smart បាន​បណ្តុះ​បណ្តាល​សិស្សានុសិស្ស​កម្ពុជា​ជាង ១.៥០០​នាក់​​នៅក្នុង​រាជធានីភ្នំពេញ និង​ខេត្ត​ចំនួន​ពីរ​អំពី​ព័ត៌មាន​ដែលមាន​ប្រយោជន៍​ទាក់ទង​នឹង​អក្ខរកម្ម​ឌីជីថល និង​សុវត្ថិភាពលើប្រព័ន្ធអុិនធឺណិត។

សម្រាប់​ព័ត៌មានបន្ថែម​អំពីកម្មវិធីនិងសកម្មភាពទាក់ទងនឹងអក្ខរកម្មឌីជីថល​របស់ក្រុមហ៊ុន Smart Axiata សូម​តាម​ដានទំព័រហ្វេសប៊ុក www.facebook.com/smartforcambodia ​​​ ឬ​ចូល​ទៅ​កាន់​គេហ​ទំព័រ www.smart.com.kh

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៧.៥ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!          

To Top