អត្ថបទ

សិស្សនិស្សិត​ ក្នុងវគ្គសិក្សា​ ក្រោមការសហការរវាង សែលកាត និង SabaiCode ធ្វើបទបង្ហាញ ពីដំណើរការដ៏ល្អប្រសើរ លើគម្រោង ដើម្បីដោះស្រាយបញ្ហាសង្គម

សិស្សនិស្សិតក្នុងវគ្គសិក្សា Bootcamp ក្រោមការសហការរវាង សែលកាត និង SabaiCode ទើបតែបានបញ្ចប់វគ្គ Module 2 នៃ Module ទាំង 4 ក្នុងកម្មវិធីសិក្សានេះ។ ការបញ្ចប់វគ្គ Front-End with React / Next JS បានផ្តល់នូវមូលដ្ឋានគ្រឹះដល់ក្រុមទាំង 4 គឺមានក្រុម Domnak, Frugality Book, Place និង SmartLoad ឱ្យយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យា Git & GitHub, Bitbucket, ReactJS /NextJS: PWA with MU/Ionic, UI Testing (Jest, Enzyme) និង Capacitor/ Electron ។

ការធ្វើបទបង្ហាញ អំពីការរីកចម្រើនរបស់ក្រុមនីមួយៗ ត្រូវបានប្រព្រឹត្តឡើង កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅឯ SabaiCode។

លោក ឡេង ពិសិដ្ឋ ស្ថាបនិក SabaiCode មានប្រសាសន៍ថា៖ “យើងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការរីកចម្រើន របស់សិស្សនិស្សិតទាំងអស់។ ភាពរីករាយ និងចំណង់ចំណូលចិត្តរបស់ពួកគាត់ ចំពោះគម្រោងនេះ គឺពិតជាបង្ហាញឱ្យឃើញ យ៉ាងជាក់ស្តែងណាស់។ ពួកគាត់បានខិតខំប្រឹងប្រែងជាច្រើនម៉ោង ក្នុងការសក្សាស្វែងយល់ និងអនុវត្តមេរៀនដែលពួកគាត់ បានរៀនពេញមួយវគ្គកន្លងមកនេះ ហើយយើងក៏អាចមើលឃើញ ពីបំណងប្រាថ្នា និងចំណាប់អារម្មណ៍ ក្នុងការសិក្សាបន្ថែមទៀត ដែលពួកគាត់បង្កើតគម្រោង ក្នុងក្តីស្រម៉ៃឱ្យក្លាយជាការពិត។”

គម្រោង Domnak គឺផ្តោតលើការបំពេញចន្លោះប្រហោង នៅក្នុងសេវាកម្មជួលអចលនទ្រព្យ។ គោលបំណងរបស់ពួកគាត់ គឺដើម្បីបង្កើតកម្មវិធីឬគេហទំព័រ ដើម្បីគាំទ្រនូវតម្រូវការ ការជួលអចលនទ្រព្យ សម្រាប់ជនចំណាកស្រុក ពីបណ្តាខេត្តនានា ជាពិសេសគឺ សិស្ស និស្សិត និងកម្មករ ដែលផ្លាស់ប្តូរទីលំនៅ មកទីក្រុងភ្នំពេញ។ កម្មវិធីនេះក៏នឹងផ្តល់ជូន នូវសេវាកម្មដល់អចលនៈទ្រព្យតូចៗផងដែរ ដោយអនុញ្ញាតឱ្យពួកគាត់ ផ្សព្វផ្សាយពាណិជ្ជកម្ម អចលនទ្រព្យរបស់ពួកគាត់ នៅលើប្រព័ន្ធឌីជីថល និងផ្តល់នូវវេទិកា ដែលផ្តល់សេវាកម្មពិសេស ដល់ការជួលបន្ទប់ ជាជាងអាផាតមិនឬខុនដូ។ គំរូដើមនៃវេទិកា Domnak រួមជាមួយនឹងតម្រូវការនិងផែនការ គម្រោងរបស់ពួកគាត់ត្រូវបានបង្ហាញ ក្នុងអំឡុងពេលការធ្វើបទបង្ហាញនេះផងដែរ។

គម្រោង Frugality Book មានគោលបំណង ឱ្យមានការចូលប្រើប្រាស់ នូវការជួញដូរសៀវភៅ ដែលបានប្រើប្រាស់រួចហើយ តាមរយៈប្រព័ន្ធឌីជីថល ដោះស្រាយតម្រូវការរបស់សិស្សនិស្សិត ដែលមិនមានលទ្ធភាពទិញសៀវភៅថ្មី ដោយអាចប្រើធនធាននេះ ជំនួសបាន។ គម្រោងនេះព្យាយាមផ្តល់ជូន នូវការចូលប្រើបណ្ណាល័យអនឡាញ ដោយឥតគិតថ្លៃ និងហាងលក់សៀវភៅសិក្សា ដែលប្រើប្រាស់រួចហើយ តាមរយៈប្រព័ន្ធអនឡាញ។ គម្រោងនេះ ក៏ជួយដោះស្រាយបញ្ហាបរិស្ថាន ដោយផ្តល់សៀវភៅសិក្សា ដែលប្រើប្រាស់រួចហើយឱ្យមានអាយុកាល ប្រើបាស់បានយួរជាងមុន ដែលជាការចូលរួមចំណែក កាត់បន្ថយកាកសំណល់។ គំរូនៃវេទិកានេះ ពត៌មានលម្អិតអំពីអតិថិជន បច្ចេកវិទ្យាដែលត្រូវប្រើប្រាស់ ក្នុងការអភិវឌ្ឍន៍ និងការកំណត់ពេលវេលា នៃការអភិវឌ្ឍន៍ ត្រូវបានបង្ហាញក្នុងអំឡុងពេល ការធ្វើបទបង្ហាញជាមួយ នឹងការធ្វើតេស្តវេទិកា ដែលគ្រោងទុកសម្រាប់ខែធ្នូឆ្នាំនេះផងដែរ។

គម្រោង Place មានគោលបំណងគាំទ្រ ដល់ការស្ដារឡើងវិញនៃវិស័យទេសចរណ៍ ជាមួយនឹងវេទិកា ដែលស្វែងរកបណ្តាទីកន្លែង ដែលយើងអាចមិនធ្លាប់ស្គាល់ពីមុនមក ដែលមានពត៌មានសម្អិត ដូចជាការណែនាំអំពី មធ្យោបាយធ្វើដំណើរ ការស្នាក់នៅ សកម្មភាព និងកន្លែងដែលមាន ម្ហូបអាហារឆ្ងាញ់ៗជាដើម។ លក្ខណៈពិសេសនៃគម្រោងនេះ គឺសមត្ថភាពរបស់វាក្នុងការផ្ទុកមាតិកា ដែលបង្កើតដោយអ្នកប្រើប្រាស់ផ្ទាល់ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ក្នុងតំបន់បង្ហាញនិងផ្សព្វផ្សាយ ពីកន្លែងដែលពួកគាត់ចូលចិត្ត និងកន្លែងពិសេសៗ នៅក្នុងខេត្តរបស់ពួកគាត់ ដែលអាចមិនទាន់មាន គេស្គាល់នៅឡើយ។ នៅក្នុងវេទិកានេះ អ្នកអាចរើសយកការស្វែងរក និងជម្រើសប្រភេទដ៏ទូលំទូលាយ ដើម្បីជួយឱ្យអ្នកទស្សនា អាចរើសការណែនាំតាមចំណូលចិត្ត ឬចំណាប់អារម្មណ៍របស់ពួកគាត់បាន។អាចរើសភាសាប្រើប្រាស់ ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ក្រុមការងារមានបំណង ឱ្យវេទិកានេះក្លាយជាជម្រើសដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងបរទេសបើនិយាយ អំពីការស្វែងយល់ពីប្រទេសកម្ពុជា។ សមាជិកក្នុងក្រុមបានបង្ហាញ ពីរចនាសម្ព័ន្ធលម្អិតនៃវេទិកា អាចតាមដានការធ្វើដំណើរ របស់អតិថិជន និងកត់សម្គាល់លក្ខណៈពិសេស យ៉ាងទូលំទូលាយរបស់វេទិកា។ ក្រុមនិស្សិតនឹងស្វែងរកដៃគូ សហការយ៉ាងសកម្ម សម្រាប់គម្រោងនេះ ក្នុងដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍន៍។

គម្រោង SmartLoad មានគោលបំណងគាំទ្រ អ្នកលក់ទំនិញតាមប្រព័ន្វអនឡាញ ជាមួយនឹងវេទិកាមួយ ដែលរួបរួមជាមួយឧបករណ៍ ដើម្បីតាមដាន វិភាគ និងរក្សាទុកប្រវត្តិ នៃការទិញរបស់អតិថិជន ផ្តល់ការយល់ដឹង អំពីដំណើរការអាជីវកម្ម ក៏ដូចជាការលើកកម្ពស់សេវាកម្ម សម្រាប់អតិថិជនផងដែរ។ គំរូសម្រាប់គម្រោងនេះ មានឧបករណ៍គ្រប់គ្រងពេលវេលាជាក់ស្តែង ដែលធ្វើឱ្យវាងាយស្រួល សម្រាប់អ្នកប្រើប្រាស់ ក្នុងការវាយតម្លៃប្រតិបត្តិការ របស់ពួកគេភ្លាមៗ ខណៈពេលដែលមានការ ផ្តល់ជូននូវការតាមដាន ការដាក់បញ្ជាទិញ និងមូលដ្ឋានទិន្នន័យអតិថិជន។

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា “យើងមានសេចក្តីរីករាយជាខ្លាំង ដែលបានឃើញការរីកចម្រើន ក្នុងគម្រោងទាំងនេះ។ យើងមើលឃើញពីសក្តានុពល នៅក្នុងកម្មវិធីនីមួយៗ ហើយក៏សូមកោតសរសើរ ដែលកម្មវិធីទាំងនេះ ត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយតម្រូវការ និងចន្លោះប្រហោងក្នុងទីផ្សារ ដែលនៅមិនទាន់អាចដោះស្រាយបាន។ នេះបានបង្ហាញឱ្យឃើញ អំពីទេពកោសល្យរបស់យុវវ័យ នាពេលបច្ចុប្បន្ននេះ ការយល់ដឹងរបស់ពួកគាត់ និងចំណាប់អារម្មណ៍របស់ពួកគាត់ ក្នុងការរួមចំនែកដោះស្រាយបញ្ហាសង្គម។ ពួកគាត់បានធ្វើបទបញ្ហាញ អំពីគម្រោងដោយពោរពេញ ទៅដោយភាពជឿជាក់ និងមុះមុត។ ពួកគាត់កំពុងគិតពីរបៀប ដែលកម្មវិធីទាំងនេះ នឹងដំណើរការដើម្បីផ្តល់នូវបទពិសោធន៍ ដែលពួកគាត់ស្រម៉ៃ ហើយគិតទៅលើឧបករណ៍ និងចំណេះដឹងអ្វីខ្លះដែលពួកគេត្រូវការ ដើម្បីធ្វើឱ្យវាក្លាយជាការពិត។ យើងទន្ទឹងរង់ចាំឱ្យកម្មវិធីទាំងនេះ ដាក់ដំណើរការជាផ្លូវការ ហើយនិងចង់ឃើញសិស្សនិស្សិតម្នាក់ៗ មានការរីកចម្រើនក្នុងសក្តានុពល ពេញលេញរបស់ពួកគេ។ សូមអបអរសាទរ ដល់សិស្សនិស្សិតទាំង 4 ក្រុម!”

វគ្គសិក្សា Module 3 នឹងផ្តោតលើការសិក្សាអំពី Back-End Development ដោយប្រើបច្ចេកវិទ្យា Express JS, Database MongoDB ដែលនឹងពង្រឹងការអនុវត្តគម្រោងរបស់ពួកគាត់។

វគ្គសិក្សា bootcamp របស់ SabaiCode គឺជាវគ្គសិក្សា ដែលមានរយៈពេល 12 ខែ ដែលជូយបណ្តុះបណ្តាល សិស្សនិស្សិតវ័យក្មេង ដែលមិនមានបទពិសោធន៍សរសេរកូដ ឱ្យក្លាយខ្លួនជាអ្នកអភិវឌ្ឍន៍កម្មវិធី ដែលអាចចូលរួមបម្រើការងារ ប្រកបដោយសមត្ថភាពពេញលេញ។ សែលកាត បានចាប់ដៃគូសហការជាមួយ SabaiCode ដើម្បីផ្តល់ជូនដល់សិស្សនិស្សិត ចំនួន ១០រូប នូវឱកាសចូលរួមក្នុងវគ្គ Bootcamp សរសេរកូដដែលជាផ្នែកមួយ នៃការប្តេជ្ញាចិត្តក្នុងការកសាងចំណេះដឹង និងសមត្ថភាពប្រព័ន្ធឌីជីថលនៅកម្ពុជា៕

To Top