អត្ថបទ

ទីក្រុងបូកគោថ្មី បង្ហាញវឌ្ឍនភាព ខណៈអ្នកឧកញ៉ា សុខ គង់ កំពុងស្វែងរកការ វិនិយោគពីអន្តរជាតិ

ភ្នំពេញៈ ផ្លូវជាតិថ្មីមួយខ្សែ ដែលមានបណ្តោយជាង ១២០គីឡូម៉ែត្រ បាននិងកំពុងសាងសង់យ៉ាសកម្ម បុរីចំនួន៣ បាននិងកំពុងផ្តល់លំនៅដ្ឋាន ដល់អតិថិជនបណ្តើរៗ ហើយអាងទប់ទឹក ដែលអាចផ្ទុកទឹកបានរហូតដល់ ១លានម៉ែត្រគីប បាននិងកំពុងដំណើរការ សាងសង់យ៉ាងសកម្ម។

ហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត បាននិងកំពុងរៀបចំឡើងនៅទីក្រុងបូកគោថ្មី ដែលជាទីក្រុងមានទំហំ ៣០,០០០ហិកតា ជាផ្ទៃដីដ៏ធំល្វឹងល្វើយ ដែលក្រុមហ៊ុនសុខាអូតែល ទទួលបានសិទ្ឋសម្បទានរយៈពេល ៩០ឆ្នាំពីរាជរដ្ឋាភិបាល។

លោកពៅ វណ្ណថា ប្រធានវិស្វករប្រចាំគំរោងសាងសង់ផ្លូវថ្មីនេះ បានមានប្រសាសន៍ឲ្យ ក្រុមអ្នកសារព៌តមានដឹង កាលពីចុងសប្តាហ៍មុនថា រហូតមកទល់ពេលនេះ ការសាងសង់និងត្រួសត្រាយផ្លូវថ្មីនេះ សម្រេចបានជាង ៨គីឡូម៉ែត្រហើយ។

លោកបន្តថា “ការសាងសង់ផ្លូវនេះ បានជួបឧបសគ្គច្រើនណាស់ ដោយសារវាជាផ្លូវថ្មីសុទ្ឋ និងត្រូវពុះកាត់ភ្នំ និងផ្ទាំងថ្មធំៗ ហេតុនេះការសា​ងសង់ត្រូវចំណាយពេល និងថវិកាច្រើនណាស់”។ លោកបន្តថា “ផ្លូវថ្មីនេះមានសារៈសំខាន់ណាស់ ដែលសម្រួលដល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋ ពីផ្លូវជាតិលេខ៤ មកកាន់ក្រុងបូកគោ និងជួយលើកកំពស់ជីវភាព សេដ្ឋកិច្ច សង្គមរបស់ប្រជាពលរដ្ឋ នៅតំបន់នេះផងដែរ”។

លោក ពៅ វណ្ណថា បានបន្តថា បើគិតពីកន្ទុយផ្លូវវាលស្រែ ៥០០ ទៅកាន់ចំការដួងប្រេងឧកញ៉ាម៉ុង រិទ្ឋី ចេញទៅផ្លូវជាតិលេខ៤ មានចម្ងាយ៦០គីឡូម៉ែត្រ ប៉ុន្តែនៅពេលសាងសង់ដល់គីឡូម៉ែត្រលេខ៣៣ ផ្លូវមួយខ្សែនេះនឹងបំបែកជាពីរ ដោយខ្សែមួយទៀត នឹងឆ្ពោះទៅកាន់តំបន់យាយម៉ៅ ពេជ្រនិល ដែលជាតំបន់ទីក្រុងថ្មី នៃទីក្រុងបូកគោ។ កំណាត់ផ្លូវនេះមានប្រវែង ៦០គីឡូម៉ែត្របន្ថែមទៀត ដែលធ្វើឲ្យផ្លូវថ្មីនេះ មានប្រវែងសរុប ១២០គីឡូ​ម៉ែត្រ។ ជាមួយនឹងហេដ្ឋារចនាសម្ព៏ន្ឋជាច្រើន បាននិងកំពុងសាងសង់និងរៀបចំជាបណ្តើរៗ បុរីលំនៅដ្ឋានដ៏ប្រណីតចំនួន៣បាន និងកំពុងសាងសង់ និងលក់ជូនអតិថិជនបណ្តើរៗផងដែរ។

អ្នកនាងចាន់ រ៉ានាយកផ្នែកទីផ្សារនៃ ក្រុមហ៊ុនសុខារៀលអេស្ទេត បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា បច្ចុប្បន្នក្រុមហ៊ុនសុខារៀលអេស្ទេត កំពុងវិនិយោគបុរីចំនួន៣ ដោយគំរោងទី១ មានឈ្មោះអម្រិតឋានសួគ៌ ដែ​លមានទំហំដីជាង ៨០ហិកតា និងមានដីចំនួនជាង ៤២០០ឡូត៍ ដែលគំរោងនេះមានទីតាំង នៅក្បែរទឹកជ្រោះពពកវិល។ បច្ចុប្បន្នគំរោងនេះ បានលក់អស់ហើយ និងកំពុងសាងសង់ផ្ទះជូនអតិថិជន និងផ្ទះវីឡាជាង៤០កំពុងដាក់លក់លើទីផ្សារ។ ចំណែកគំរោងទី២ ឈ្មោះមរកតឋានសួគ៌ ដែលមានផ្ទៃដី៨៨ហិកតា និងមានផ្ទះវីឡាជាង ១៣០០វីឡា ដែលបច្ចុប្បន្នយើងបានលក់អស់ផងដែរ និងកំពុងសាងសង់ផ្ទះជូនអតិថិជន។ ចំណែកទី៣ គឺគំរោងCrown Real Estate ជាគំរោងទី៣ មានទំហំដី ៥៩០ហិកតា ​ដែលបច្ចុប្បន្នយើងបានសាងសង់ផ្ទះ បានបីដំណាក់កាលរួចហើយ ដើម្បីលក់ជូនអតិថិជន ដោយមានផ្ទះចំនួន៣ប្រភេទ ដូចជាផ្ទះល្វែង ដីឡូត៍ វីឡាព្រីន វីឡាឃ្វីន និងវីឡាឃីង ដែលមានតម្លៃជាង១៦ម៉ឺន ដល់ជាង៣៥ម៉ឺន​ដុល្លារអាមេរិក។ គំរោងនេះ បានទទួលជោគជ័យយ៉ាងខ្លាំង ដោយបច្ចុប្បន្នយើងលក់អស់ជាង ៦៣ភាគរយហើយ ដែលផ្ទះល្វែង១៦៨យូនីត និងវីឡាទាំងបីប្រភេទមានជាង ១២០ល្វែង។ អតិថិជនភាគច្រើន មកពីខេត្តកំពត ភ្នំពេ​ញ កំពង់សោម តាកែវ និងរាជធានីភ្នំពេញ។

តើអ្វីកំណត់ឲ្យមានភាព ជោគជ័យនៃគម្រោងនេះ អ្នកនាងចាន់ រ៉ាបានពន្យល់ថា ការកសាងកេរ្ត៍ឈ្មោះ បានដ៏ល្អរបស់ក្រុមហ៊ុន បានធ្វើឲ្យអតិថិជនមានទំនុកចិត្ត ចំពោះគំរោងអភិវឌ្ឍន៍នេះ ពិសេសកំពូលភ្នំបូកគោ ដែលមានកំពស់ជា ១០០០ម៉ែត្រ បានផ្តល់នូវលក្ខខ័ណ្ឌអាកាសធាតុត្រជាក់ មនោរម្យ ដូចនៅតំបន់អឺរ៉ុប ពិសេសមានធម្មជាតិ ព្រៃឈើខៀវស្រងាត់នៅជុំវិញ ដែលធ្វើឲ្យជីវិតអាចផ្សារភ្ជាប់ជាមួយ ធម្មជាតិយ៉ាងស្រស់ត្រកាល។

អ្នកនាងបន្តថា “លក្ខខ័ណ្ឌអាកាសធាតុនៅទីនេះ នឹងជួយដល់សុខភាពអ្នករស់នៅ ឲ្យមានភាពស្រស់ស្រាយ និងអាចជួយព្យាបាលជំងឺសួតផងដែរ”។ អ្នកនាងបន្តថា “ដោយសារលក្ខខ័ណ្ឌអាកាសធាតុ ទីតាំងអំណោយផលនេះហើយ ទើបគំរោងនេះបានទាក់ទាញអ្នកទិញ ជាជនជាតិបរទេសជាច្រើន ដែលបានទិញដី និងផ្ទះនៅទីក្រុងបូកគោ ដូចជា ជនជាតិអាមេរិក បារាំង សាំងហ្កាពួរ ចិន និងវៀតណាម។

អ្នកនាងបន្តថា លើសពីនេះក្រុមហ៊ុន ក៏បាននិងកំពុងត្រៀមសាងសង់មន្ទីរពេទ្យ សាលារៀន ផ្សារ សម្រាប់បំពេញតម្រូវការ ឲ្យអ្នករស់នៅទទួល​បានសេវាកម្មចាំបាច់សម្រាប់ការរស់នៅ និងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ។ គំរោងសាងសង់ទីក្រុងបូកគោដ៏ធំសម្បើម និងជាទីក្រុងឆ្លាតវៃសំរាប់ផ្តល់ការ រស់នៅដល់ប្រជាពលរដ្ឋ ឲ្យមានផាសុខភាព និងជាការអភិវឌ្ឍប្រកបដោយ ការទទួលខុសត្រូវសង្គម។

អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល បានមានប្រសា​សន៍ថា យើងបាននិងកំពុងកសាងទីក្រុងថ្មីនេះ ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ប៉ុន្តែទំហំចំណាយមានច្រើនណាស់ ដែលទុនវិនិយោគពី ១០ទៅ២០ពាន់លានដុល្លារ មិនគ្រប់នោះទេ ហេតុនេះក្រុមហ៊ុនសូមស្នើរដ្ឋាភិបាល បន្តគាំទ្រឲ្យកាន់តតែខ្លាំងក្លាថែមទៀត ដើម្បីក្រុមហ៊ុនមានទឹកចិត្ត ពង្រីកការវិនិយោគកាន់តែលឿន​ ថែមមួយកម្រិតទៀត។

អ្នកឧកញ៉ាបានបន្តថា “បើគ្រាន់តែលុយសំរាប់ចាយ សម្រាប់ការដើរកំសាន្តនៅក្រៅប្រទេសខ្ញុំមានហើយ។ ខ្ញុំមានលុយគ្រប់គ្រាន់សំរាប់ការចូលនិវត្តន៍ ខ្ញុំមិនចាំបាច់ហត់ទេ ព្រោះខ្ញុំចាស់ហើយ ប៉ុន្តែខ្ញុំចង់ទុកមរតក ដល់អ្នកជំនាន់ក្រោយ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរដ្ឋាភិបាល”។ អ្នកឧកញ៉ាបន្តថា “យើងត្រូវចំណាយច្រើនណាស់ ពិសេសលើការសាងសង់ផ្លូវជាតិ ដែលតភ្ជាប់ពីក្រុងបូកគោ ទៅកាន់ផ្លូវជាតិលេខ៤ និងតភ្ជាប់ទៅតំបន់យាយម៉ៅពេជ្រនិល ហេតុនេះក្រុមហ៊ុនសូមស្នើឲ្យរដ្ឋាភិបាល បន្តគាំទ្រឲ្យបានកាន់តែខ្លាំងងក្លាថែមទៀត។

អ្នកឧកញ៉ាសុខ គង់ក៏ចង់បានការចូលមកវិនិយោគ ពីអ្នកវិនិយោគជាតិ ពិសេសអ្នកវិនិយោគអន្តរជាតិ ដើម្បីធ្វើឲ្យទីក្រុងនេះមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងសម្រេចបានតាមផែនការ មេរបស់ក្រុមហ៊ុន ហើយជនបរទេសក៏មានសិទ្ឋជួលដីបន្តនៅលើភ្នំបូកគោ ពីក្រុមហ៊ុនសុខាអូតែល និងអាចផ្ទេរឈ្មោះទៅរូបវ័ន្តបុគ្គល ឬនិតិបុគ្គល ដែលជួលបន្តនោះនៅក្នុងវិញ្ញាប​នបត្រ សម្គាល់សិទ្ឋជួលអចិន្រ្តយ៍។

ជាមួយគ្នានេះ អ្នកឧកញ៉ាសូមអំពាវនាវ ដល់អ្នកវិនិយោគអន្តរជាតិ សូមមកចូលរួមអភិវឌ្ឈន៍នៅទីក្រុងនេះ ដើម្បីទទួលបានផលចំណេញ និងអាចចូលរួម កសាងជាតិកម្ពុជាទាំងអស់គ្នា ៕

To Top