ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងកំណត់ទិសដៅប្រកបដោយមហិច្ឆិតាឆ្ពោះទៅរកបរិយាបន្នហិរញ្ញវត្ថុ អក្ខរកម្មឌីជីថល និងការលើកកម្ពស់ស្ត្រីសម្រាប់ឆ្នាំ២០២២នេះ។
ដឹកនាំដោយលោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្ត ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុមួយនេះបានឱ្យដឹងថា ក្រុមហ៊ុនមានបំណងកំណត់ទិសដៅលើការលើកកម្ពស់ស្រ្តីក្នុងកន្លែងការងារ ព្រមទាំងស្រ្តីដែលជាម្ចាស់សហគ្រាសធុនតូច និងធុនមធ្យម (SME) ជាមួយនឹងយុទ្ធនាការអក្ខរកម្មឌីជីថល និងការអប់រំផ្នែកហិរញ្ញវត្ថុ។ ដើម្បីសម្រេចបានការងារនេះ ក្រុមហ៊ុន ទ្រូម៉ាន់នី បានកំណត់ទិសដៅមួយដោយបង្កើន ១០ភាគរយនូវចំនួនស្រ្តីដែលប្រើប្រាស់កម្មវិធីទូទាត់ប្រាក់ TrueMoney wallet និងស្រ្តីដែលជាបណ្តាញភ្នាក់ងារដ៏ខ្លាំងរបស់ខ្លួនដែលមានជាង ១ម៉ឺនភ្នាក់ងារ។

លោកស្រី ឃួន ហ្រ្វង់ដារា បានមានប្រសាសន៍ថា៖ «កម្ពុជាជាប្រទេសមួយដែលកំពុងមើលឃើញមានសហគ្រិនស្រ្តី និងបុគ្គលិកដែលជាស្រ្តីក្នុងកន្លែងការងារកាន់តែច្រើនឡើងៗ។ នេះគឺជានិន្នាការមួយដែលក្រុមហ៊ុន ទ្រូម៉ាន់នី ចង់លើកទឹកចិត្តឱ្យកើតមាន និងអភិវឌ្ឍវា។ ការកំណត់ទិសដៅបែបនេះនឹងជួយដល់ការអភិវឌ្ឍប្រទេស និងសហគមន៍ ព្រមទាំងជាមហិច្ឆិតាក្នុងការរីកចម្រើនផ្ទាល់របស់យើងផងដែរ»។
យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី គន្លឹះមួយក្នុងចំណោមគន្លឹះសំខាន់ៗដើម្បីសម្រេចបានទិសដៅកំណើនបែបនេះ នឹងជាយុទ្ធនាការធ្វើទីផ្សារ និងសេវាកម្ម «ដែលផ្តោតលើស្រ្តី»។
លោកស្រី ហ្រ្វង់ដារា បានបន្ថែមថា៖ «ស្រ្តីកម្ពុជាមាននិន្នាការងាកទៅរកវិស័យសេវាកម្មដូចជាបដិសណ្ឋារកិច្ច លក់ដូរ ហើយក៏មានវិស័យហិរញ្ញវត្ថុផងដែរ។ ដូច្នេះ ក្រុមហ៊ុន ទ្រូម៉ាន់នី មានផែនការលើកកម្ពស់ផលិតផលនិងសេវាកម្មប្រកបដោយច្នៃប្រឌិតឆ្ពោះទៅកាន់ផ្នែកជាក់លាក់ទាំងនេះនៃសេដ្ឋកិច្ច»។
យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី ស្រ្តីកាន់តែច្រើនឡើងកំពុងបញ្ចប់ការសិក្សាពីសាលា និងមហាវិទ្យាល័យ ហើយកំពុងចូលរួមក្នុងកម្លាំងពលកម្មរបស់ប្រទេសជាតិ ដែលមានន័យថា អ្នកផ្តល់សេវាកម្មឥឡូវនេះចាំបាច់ត្រូវបម្រើដល់ផ្នែកសង្គមដែលកំពុងរីកចម្រើននេះ។
លោកស្រីបន្តថា៖ «កាលសម័យមុន ស្រ្តីគ្រប់គ្រងកិច្ចការក្នុងផ្ទះ និងមើលថែទាំកូន។ តែឥឡូវនេះស្រ្តីកំពុងចូលរួមកាន់តែខ្លាំងក្នុងការធ្វើសេចក្តីសម្រេចិត្តផ្នែកហិរញ្ញវត្ថុសម្រាប់គ្រួសារ។ នេះគឺជាមូលហេតុដែលស្រ្តីនៅកម្ពុជាចាំបាច់ត្រូវដឹងថាតើអ្វីគឺជាជម្រើសនិងឧបករណ៍ហិរញ្ញវត្ថុ ដែលពួកគេអាចរកបាន»។
ស្រ្តីម្នាក់ដែលក្រុមហ៊ុន ទ្រូម៉ាន់នី មានបំណងចង់ជួយជាមួយនឹងគំនិតផ្តួចផ្តើមអាជីវកម្មដែលផ្តោតលើស្រ្តីនោះ គឺអ្នកស្រី លឹម ស៊ីវជូ ដែលជាភ្នាក់ងាររបស់ក្រុមហ៊ុន។
អ្នកស្រី លឹម ស៊ីវជូ គឺជាភ្នាក់ងាររបស់ក្រុមហ៊ុន ទ្រូម៉ាន់នី អស់រយៈពេលប្រហែលជា ២ ឆ្នាំមកហើយ។ ក្នុងអំឡុងពេលធ្វើជាភ្នាក់ងារនេះ អ្នកស្រីផ្តល់សេវានេះជូនអតិថិជនរបស់គាត់។
អ្នកស្រី លឹម ស៊ីវជូ ដែលមានបញ្ជរទ្រូម៉ាន់នីនៅជិតពហុកីឡាដ្ឋានអូឡាំពិកក្នុងរាជធានីភ្នំពេញ មានប្រសាសន៍ថា៖ «និយាយទៅសម្រាប់ខ្ញុំដែលជាភ្នាក់ងារផ្ទាល់គឹជួយដល់ជីវភាពប្រចាំថ្ងៃបានច្រើនណាស់ កាលពីដំបូងឡើយនៅផ្ទះមើលកូនទេ តែដល់ពេលឥឡូវជាក់ស្តែងគឹខ្ញុំបានការងារហ្នឹងមកគឹជួយសម្រួលដល់ខ្ញុំច្រើនមែនទែន ទីមួយខ្ញុំបានមើលកូននៅផ្ទះ ហើយទីពីរខ្ញុំមានមុខរបរច្បាស់លាស់មានអាជីវកម្មដោយខ្លួនឯង ជាស្ត្រីមួយដែលមានអាជីវកម្មច្បាស់លាស់ខ្លួនឯងដោយមិនពឹងពាក់ទៅលើខាងគ្រួសារ»។
ស្រ្តីម្នាក់ទៀតដែលកោតសរសើរដល់សេវារបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ដែរនោះគឺកញ្ញា លី ឈី។
កញ្ញា លី ឈី បានអ្នកគ្រប់គ្រងអាជីវកម្មអស់រយៈពេលប្រហែល ២ឆ្នាំមកហើយ។ គាត់បានប្រើប្រាស់សេវាហិរញ្ញវត្ថុដែលផ្តល់ដោយក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បីជាប្រយោជន៍ដល់អាជីវកម្ម ដូចជាការទូទាត់តាម QR កូដ និងសេវាឌីជីថល។
កញ្ញា លី ឈី មានប្រសាសន៍ថា៖ «សេវាទូទាត់តាមQR កូដរបស់ទ្រូម៉ាន់នី អាចជួយបានច្រើនដល់ហាងយើងខ្ញុំ ដូចជាអាចជួយឱ្យភ្ញៀវងាយស្រួលក្នុងកាប្រើប្រាស់ ដោយគាត់អាចទិញហើយស្គេនកូដ ទូទាត់លុយបានលឿនទាន់ចិត្ត ហើយមួយទៀតអាចកើនចំណូលបានច្រើនសម្រាប់ហាងយើងខ្ញុំ ជាពិសេសមួយទៀតបុគ្គលិកពួកខ្ញុំអាចធ្វើការផ្ទេរលុយទៅមកយ៉ាងងាយស្រួលផងដែរ»។
ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារបច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុតក្នុងប្រទេសដោយមានបណ្តាញភ្នាក់ងាររបស់ក្រុមហ៊ុនមានចំនួនជាង ១ម៉ឺនភ្នាក់ងារ ដែលរង់ចាំផ្ដល់សេវាទាក់ទងនឹងហិរញ្ញវត្ថុនៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជា។ ៦១ ភាគរយនៃបណ្តាញភ្នាក់ងារគឺជាស្រ្តី ហើយ ៤២ភាគរយនៃបុគ្គលិករបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ក៏ជាស្រ្តីផងដែរ។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ៊្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ក្រុមហ៊ុនអាលីបាបា៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
