អត្ថបទ

ក្រុមហ៊ុន Ezecom សហការ​ជាមួ​យ​ក្រុមហ៊ុន AWS ដើម្បីផ្តល់ជូន​សេវា​ខ្លោដ ​សម្រាប់​កម្ពុជា

Ezecom​ ក្រុមហ៊ុន​ផ្តល់សេវា​អ៊ិនធឺណិត (ISP) លំដាប់ខ្ពស់នៅ​​កម្ពុជា នៅថ្ងៃសុក្រ ទី១១ ខែមិនា ឆ្នាំ២០២២ បានប្រកាស​ពីចាប់ដៃគ្នា​ជាមួយ​ក្រុមហ៊ុន Amazon Web Services (AWS) ដើម្បី​ផ្តល់​​ជូន​អតិថិជន​​​​​​របស់ខ្លួននូវ​​បច្ចេកវិទ្យាសេវា Cloud ឈានមុខគេ ដូចជា​ការគណនា (compute), ការរក្សាទុក​ទិន្នន័យ, មូលដ្ឋានទិន្នន័យ, ការធានាសុវត្ថិភាព និង ការគ្រប់គ្រងបណ្តាញ។

​ភ្ជាប់ជាមួយនឹងភាពជាដៃគូរនេះក្រុមហ៊ុន AWS សហការជាមួយនឹងក្រុមហ៊ុន Ezecom បានរៀបចំវេទិការពិភាក្សាស្តីអំពី​ “ពីការបើកដំណើរការ Cloud ផ្លាស់ប្តូរប្រក្រតីភាពតាមគន្លងថ្មីនៅក្នុងឧស្សាហកម្មហរិញ្ញវត្ថុ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក​ ស៊ុន រ៉ាពីដ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន, លោក​ William Mark Hanna, គ្រុបនាយកប្រតិបត្តិហិរញ្ញវត្ថុ ប្រចាំក្រុមហ៊ុន Royal Group The Companies, និង​ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនសហគ្រាសជាច្រើនរូបផ្សេងទៀត។​

​ថ្លែងក្នុងឧកាសនោះ លោកស្រី Yuni Lee Heathcote អគ្គនាយិកាក្រុមហ៊ុន Ezecom មាន​ប្រសាសន៍​ថា៖ «ការ​ទទួល​បានភាពជាដៃគូរ​​ទីមួយប្រចាំប្រទេសកម្ពុជាជាមួយក្រុមហ៊ុន AWS គឺជា​សមិទ្ធផលថ្មី​មួយ​​ផ្សេង​ទៀត​សម្រាប់ក្រុមហ៊ុន Ezecom ខណៈដែល​យើង​បន្ត​​ស្វែង​រក​សេវា​ថ្មីៗ ​​ដើម្បី​គាំទ្រអតិថិជន​ដែល​មាន​ស្រាប់ និង​អតិថិជនថ្មី ក្នុងការធ្វើអោយប្រសើរឡើងនូវអាជីវកម្មរបស់ពួកគេ។ ការ​ប្រើ​ប្រាស់​សេវា Cloud ​ក្នុង​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ដំណាក់កាល​ដំបូង​នៅឡើយ ហើយ​តាម​​រយៈ​​​ភាព​ជាដៃគូ​​ជា​មួយ​ក្រុមហ៊ុន AWS, ក្រុមហ៊ុន Ezecom ​ផ្តល់ជូនអតិថិជន​នូវ​លទ្ធភាព​​ទទួល​បាន​សេវា​ល្អ​បំផុត ដើម្បី​ពង្រឹង​បន្ថែមទៀត​​នូវ​អនាគត​ឌីជីថល​របស់​កម្ពុជា។ ក្រៅពីនោះគឺការបង្កើននូវជំនាញផ្នែកឌីជីថល ដែលកំពុងតែត្រូវការជាចំាបាច់ដើម្បីសម្រេចបាននូវគោលដៅនេះ»។

 លោកស្រី Yuni Lee Heathcote បន្ថែមថា៖ «សេវា​ ​ Cloud របស់​យើង​នឹង​អាច​ឱ្យអតិថិជន​រក្សា​ទុក ​និងប្រើប្រាស់ទិន្នន័យ​របស់​ពួកគេ​នៅក្នុង​ Cloud ដែលជាការ​កាត់​បន្ថយចំណាយលើ​តម្រូវ​ការ​មជ្ឈមណ្ឌល​ទិន្នន័យ។ តាមរយៈ​ការ​ប្រើប្រាស់​ Cloud ក្រុមហ៊ុនសហគ្រាស​នឹង​អាច​មាន​លទ្ធភាព​​ប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព និង​សាកសិទ្ធភាព”។

​ក្រុមហ៊ុន AWS ផ្តល់​ជូននូវ​​​ហេដ្ឋរចនា​សម្ព័ន្ធ​ Cloud ដែល​ជាទីទុក​ចិត្ត​ខ្ពស់ អាច​បង្កើនទំហំ និង​បន្ថយ​ទំហំ​ប្រើ​​ប្រាស់​​​បាន ជាមួយការ​ចំណាយ​​ទាប​ ដែល​ផ្តល់​ថាមពល​​ដល់​​​​​​ក្រុមហ៊ុនចំនួន​រាប់សែន​នៅក្នុង​ប្រទេស​​​ចំនួន​១៩០​​នៅជុំវិញ​ពិភព​លោក។ សេវា​ Cloud ​របស់​ក្រុមហ៊ុន Ezecom ដែលផ្តល់​ដោយ​ក្រុមហ៊ុន AWS នូវ​សេវា​ចំណាយ​ទាប តម្លៃទៅតាម​ទំហំនៃការប្រើ​ប្រាស់​និងមិនចាំបាច់​បង់ថ្លៃជាមុន។ លើស​ពីនេះទៀត ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន EZECOM នឹង​ផ្តល់ជូនការ​ប្រឹក្សាយោបល់​អំពីសេវា​​ Cloud ​ដល់អតិថិជន​មុន​ពេល​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​​កញ្ចប់សេវា​ AWS។

ក្រុម​ការងារ​របស់​ក្រុមហ៊ុន EZECOM ក៏​នឹង​ផ្តល់​ជូនអតិថិជននូវការ​ប្រឹក្សា​អំពី​ការ​ផ្លាស់ប្តូរ ​ការ​​​អនុវត្ត ព្រមទាំង​ការ​គាំទ្រ​និង​ការគ្រប់​គ្រង​ជា​បន្ត​ផងដែរក្រោយពេល​​​ចុះហត្ថលេខា​ប្រើ​ប្រាស់​សេវា។ សេវា Cloud​​ ​របស់​ក្រុមហ៊ុន Ezecom ​នឹង​ផ្តោត​លើ​សហគ្រាស​ធុនតូច និងធុនមធ្យម (SMEs) និងក្រុមហ៊ុនធំៗ ស្ថាប័នក្នុង​វិស័យសាធារណៈ ធនាគារ​និង​ហិរញ្ញវត្ថុ ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​កម្សាន្ត និង​ឧស្សាហកម្ម​ផលិតកម្ម។ ក្រុមហ៊ុន Ezecom នឹង​ផ្តល់​ជូន​សេវា​ដល់​ស្ថាប័ន​ដែល​ប្រតិបត្តិការ​ក្នុង​ខេត្ត​​​កណ្តាល ព្រះសីហនុ សៀមរាប ក្រុង​ប៉ោយប៉ែត ក្រុង​បាវិត និងរាជធានី​ភ្នំពេញ ហើយ​គ្រោង​នឹង​ពង្រីក​នៅទូទាំង​ប្រទេស​កម្ពុជា​នាពេលអនាគត។

ការផ្លាស់ប្តូរមកប្រើសេវា​ Cloud នៅកម្ពុជា អតិថិជន នឹងទទួលបាននូវអត្ថប្រយោជន៍អំពីការពង្រីក និងបង្កើនកំរិតនៃការបង្កើតថ្មីដែលCloud ផ្តល់អោយ។​ សេវា​ Cloudនឹង​​ផ្តល់លទ្ធភាព​​ឱ្យក្រុមហ៊ុនក្នុងស្រុកធ្វើ​ទំនើបកម្ម និង​ប្រកួត​ប្រជែង​ក្នុង​ទិដ្ឋភាពសាជីវកម្ម​ពិភព​លោក ​ដែល​កំពុង​ផ្លាស់ប្តូរ​យ៉ាង​ឆាប់​រហ័ស។ ជំនួស​ឱ្យការរង់ចាំ​​រយៈ​ពេល​ជា​ច្រើន​​សប្តាហ៍ ឬ​ច្រើនខែ​​ ដើម្បី​ផ្តល់​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅនឹងកន្លែង ក្រុមហ៊ុន​សហគ្រាស​នឹង​អាច​ដាក់​​ដំណើរ​ការ​​កម្មវិធីថ្មីៗ​ដោយ​រលូន ពង្រីក​សេវា​​បាន​ភ្លាមៗ ​ខណៈដែល​បន្ទុក​ការងារ​កើន​ឡើង ហើយក៏​​អាច​បន្ថយទំហំ​ផ្ទុក​មកវិញ​បាន​ផង​ដែរ​  ប្រសិនបើ​តម្រូវការមានការ​ថយ​ចុះ។

​តាមរយៈ​ភាព​ជាដៃគូ​ជាមួយក្រុមហ៊ុន AWS ក្រុមហ៊ុន Ezecom ចូលរួម​ជា​មួយ​ក្រុមហ៊ុន​លំដាប់​ថ្នាក់ពិភព​លោក​ផ្សេង​ទៀត​ដូចជា Disney, Netflix, Airbnb និង Abode ក្នុង​ការ​ផ្តល់នូវសេវា​ Cloud ​ ​ដែល​ល្អ​បំផុត​នេះ​សម្រាប់​អត្ថ​ប្រយោជន៍របស់​​ក្រុមហ៊ុន​សហគ្រាស​កម្ពុជា។

អំពីក្រុមហ៊ុន Ezecom

ក្រុមហ៊ុន Ezecom ត្រូវ​បានបង្កើត​ឡើង​ក្នុង​ឆ្នាំ​២០0៧ ដើម្បី​បម្រើ​តម្រូវ​ការ​ទីផ្សារ​សេវា​អ៊ិនធឺណិត​សម្រាប់​ក្រុមហ៊ុន សហគ្រាស និង​តាម​លំនៅដ្ឋាន ដែល​បាន​និង​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៅ​ប្រទេស​កម្ពុជា។ ចាប់​តាំង​ពី​បាន​បង្កើតឡើង​មក ក្រុមហ៊ុន​បាន​ក្លាយ​ជា​អ្នក​ផ្តល់​សេវា​អ៊ិនធឺណិត និង​បច្ចេក​វិទ្យា​ទំនាក់​ទំនង​ដ៏​ទូលំ​ទូលាយ​និង​នាំមុខ​គេ​មួយ​ក្នុង​ព្រះរាជា​ណា​ចក្រ​​កម្ពុជា រួមទាំង​អ៊ិនធឺណិត​ខ្សែ​ហ្វាយ​ប៊ើអុប​ទិក សេវា IPLC, DPLC, MPLS, VPLS ព្រម​ទាំង​ដំណោះ​ស្រាយ​និង​សេវាកម្ម VAS ដែល​មាន​មូលដ្ឋាន​លើ​អ៊ិនធឺណិត​ផ្សេង​ទៀត។ នៅ​ក្រុមហ៊ុន Ezecom យើង​ផ្តល់​អំណាច​ដល់​ប្រជាជន ក្រុមហ៊ុន សហគ្រាស និង​ប្រទេស​ជាតិ ដើម្បី​រួម​គ្នា​កសាង និង​រៀបចំ​​អនាគត​ឌីជីថល​របស់​អ្នក។ បេសកកម្ម​របស់​ក្រុមហ៊ុន Ezecom គឺដើម្បី “ក្លាយ​ជា​អ្នក​ផ្តល់​ដំណោះ​ស្រាយ​ល្អ​ជាង​គេ​ខាង​សេវា​ទំនាក់​ទំនង​នៅ​ប្រទេស​កម្ពុជា តាម​រយៈ​ការ​បង្កើត​ថ្មី និង​ការ​បន្ត​កែ​លម្អ​ខ្លួន​ព្រម​ទាំង​ជួយ​លើក​ស្ទួយ​ដល់​សង្គម”។

ក្រុមហ៊ុន​របស់​យើង​ខ្ញុំ​ប្រើ​ប្រាស់​បណ្តាញ​ខ្សែ​ហ្វាយ​ប៊ើអុប​ទិកនៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​គាំទ្រ​ដោយ​ MPLS និង​សេវា​មជ្ឈ​មណ្ឌល​ទិន្នន័យកម្រិត​ពិភព​លោក​ទៀត​ផង។ យើង​ដឹង​ច្បាស់​អំពី​តម្រូវ​ការ​​គុណ​ភាព​ខ្ពស់ និង​សេវា​អ៊ិនធឺណិត​ដែល​គួរ​ឱ្យ​​ទុក​ចិត្ត​បាន ដូច្នេះ ក្រុមហ៊ុន Ezecom បាន​វិនិយោគ​​យ៉ាង​ច្រើន​លើ​​បណ្តាញ​ហេដ្ឋារចនា​សម្ព័ន្ធ​ឌីជីថល រួមទាំងប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រ (MCT) ​ដែល​​ត្រូវ​បាន​ភ្ជាប់​មក​កាន់​ដីគោក​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ ដោយ​មាន​ការសហការ​ជាមួយ​ក្រុមហ៊ុន Telekom Malaysia និង​ក្រុមហ៊ុន Symphony Thailand។ ការ​វិនិយោគ​ដ៏​មាន​សារៈ​សំខាន់​ទាំង​​​នេះ​ធានាបាន​នូវ​កម្រិត​​សេវា​ដ៏​សាក​សមបំផុត​ចំពោះ​តម្រូវ​ការ​របស់​ក្រុមហ៊ុន សហគ្រាស និង​អ្នក​ប្រើ​ប្រាស់​តាម​គេហដ្ឋាន។ ដំណោះស្រាយដោយ​ភាពច្នៃ​ប្រឌិត​ និង​ហេដ្ឋា​រចនា​ដ៏​រឹង​មាំ​របស់​យើង​បាន​ធ្វើ​ឱ្យ​យើង​ក្លាយ​ជា​ក្រុមហ៊ុនឈាន​មុខគេ​ក្នុង​ទីផ្សារ​ក្នុង​វិស័យ​របស់​យើង និង​ជា​កត្តា​ជំរុញ​មួយ​នៃ​ការ​វិវត្ត​ឌីជីថល​របស់​កម្ពុជា។

ទំនាក់ទំនងក្រុមហ៊ុន Ezecom

ផ្ទះលេខ ៧ដេ មហា​វិថី​សហព័ន្ធ​រុស្ស៊ី អគារ​សភា​ពាណិជ្ជកម្ម​កម្ពុជា រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។

ទូរស័ព្ទ៖ (+៨៥៥) ២៣ ២៣ ៨១៨១

គេហទំព័រ៖ www.ezecom.com.kh

To Top