ភ្នំពេញ៖ ភ្នាក់ងារចែកចាយ របស់ក្រុមហ៊ុនសែលកាត ជាង 250 នាក់បានទទួលរង្វាន់ សម្រាប់ការខិតខំប្រឹងប្រែង របស់ពួកគាត់ ជាមួយនឹងការចាប់ឆ្នោត ផ្សងសំណាងដែលផ្តល់នូវរង្វាន់ធំៗជាច្រើន។
នៅថ្ងៃទី21 ខែមករា កន្លងមកនេះក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុន ទូរគមនាគមន៍គ្រប់គ្រង ដោយជនជាតិខ្មែរ ១០០% បានរៀបចំកម្មវិធីចាប់រង្វាន់ Dealer Raffle ប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបង្ហាញពីការថ្លែងអំណរគុណ សម្រាប់កំនើននៃការលក់ និងជាការលើកទឹកចិត្ត ដល់ភ្នាក់ងារចែកចាយនៅ ទូទាំងប្រទេសផងដែរ។
កម្មវិធីចាប់រង្វាន់នេះបានធ្វើឡើង នៅការិយាល័យកណ្តាលរបស់ សែលកាត ក្នុងរាជធានីភ្នំពេញ ហើយបានផ្សាយផ្ទាល់តាមរយៈហ្វេសប៊ុកក្រុមភ្នាក់ងារ ចែកចាយសែលកាត។ កម្មវិធីនេះត្រូវបានធ្វើឡើង តាមរយៈអនឡាយ និងចូលរួមទស្សនាដោយភ្នាក់ងារស្ទើរតែទាំងអស់នៅទូទាំងប្រទេស ហើយក្រុមការងារ ក៏ប្រគល់រង្វាន់ដល់ភ្នាក់ងារដែលឈ្នះរង្វាន់ ទៅដល់ហាងរបស់ពួកគាត់ផ្ទាល់តែម្តង។
អ្នកឈ្នះរង្វាន់សរុបមានចំនួន 253 នាក់មកពីខេត្តផ្សេងៗគ្នា រួមមាន រាជធានីភ្នំពេញ បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារតាកែវ ពោធិ៍សាត់ និងកំពង់ឆ្នាំង។
រង្វាន់ដែលឈ្នះរួមមាន រថយន្ត Ford EcoSport 2021 មួយគ្រឿង ម៉ូតូ Honda ADV 2021 ម៉ូតូ Honda Scoopy Club 2021 និងកាតកោស។
នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត លោក Simon Perkins មានប្រសាសន៍ថា កម្មវិធីប្រចាំឆ្នាំនេះ ធ្វើឡើងដើម្បីថ្លែងអំណរគុណដល់បណ្តាភ្នាក់ងារចែកចាយ របស់ពួកយើង ក៏ដូចជាឆ្លៀតឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ជូនពរពួកគាត់ ក្នុងអាជីវកម្មឱ្យកាន់តែរីកចម្រើន និងសុខភាពល្អ។
លោក Simon បានបន្ថែមថា “ក្រុមភ្នាក់ងារចែកចាយរបស់យើងនៅទូទាំងប្រទេស បានខិតខំប្រឹងប្រែង បំពេញការងារដោយមិនគិតពីភាពនឿយហត់ ក្នុងស្ថានភាពអាសន្នកាលពីឆ្នាំ2021កន្លងមកនេះ ពួកគាត់នៅតែជាផ្នែកមួយ ដ៏សំខាន់របស់គ្រួសារ សែលកាត។ កម្មវិធីនេះជាចំនែកដ៏តូចមួយដែលបង្ហាញពីការថ្លែងអំណរគុណ របស់យើងចំពោះការប្តេជ្ញាចិត្តរបស់ពួកគាត់។”
លោក ហុង ហេង អាយុ 36 ឆ្នាំ ជាម្ចាស់ហាងលក់ទូរស័ព្ទមួយនៅខេត្តបាត់ដំបង ដែលបានឈ្នះរង្វាន់ធំគឺរថយន្ត Ford EcoSport 2021។ លោកបានបង្ហាញចំណាប់អារម្មណ៍ថា “ខ្ញុំពិតជាសូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុន សែលកាត សម្រាប់រង្វាន់ដ៏អស្ចារ្យនេះមិននឹកស្មានសោះថាខ្ញុំពិតជាបានឈ្នះរង្វាន់ពិតមែន។ ខ្ញុំរីករាយណាស់ដែលអាចស្វែងរកអតិថិជនថ្មីៗ និងនៅតែបន្តគាំទ្រដល់អតិថិជនដែលមានស្រាប់របស់ខ្ញុំ។”
ភ្នាក់ងារចែក ចាយ ខាងខេត្ត សៀមរាបមាន ឈ្មោះថា ឡេត ឡូ មានអាយុ 32 ឆ្នាំបាន ឈ្នះ រង្វាន់ម៉ូតូ Honda Scoopy Club 2021 សម្រាប់ការចាប់រង្វាន់ប្រចាំ ត្រីមាស។
លោកមានប្រសាសន៏ថា “រង្វាន់នេះគឺពិតជាហួសពីក្តីសុបិនរបស់ខ្ញុំឆ្ងាយណាស់។ សូមអរគុណដល់ក្រុមហ៊ុន សែលកាត ចំពោះរង្វាន់ដ៏ពិសេសនេះ។”
លោក យ៉ែម ធូហេង អាយុ ៤៣ ឆ្នាំ ម្ចាស់ហាងទូរស័ព្ទម្នាក់ទៀតមកពីខេត្តបាត់ដំបង បានឈ្នះរង្វាន់ម៉ូតូ Honda ADV 2021។លោកបានបង្ហាញថា “ខ្ញុំរីករាយណាស់ ដែលបានក្លាយជាភ្នាក់ងារ ចែកចាយរបស់ សែលកាត ហើយវាពិតជាអស្ចារ្យណាស់ ដែលខ្ញុំបានឈ្នះរង្វាន់។ វាធ្វើឱ្យខ្ញុំកាន់តែចង់ប្រឹងប្រែង ធ្វើការកាន់តែខ្លាំងនៅឆ្នាំនេះ»៕