អត្ថបទ

ធនាគារស្ថាបនា​ ភ្ជាប់បណ្តាញ អាជីវកម្ម Visa B2B Connect ក្នុងការធ្វើប្រតិបត្តិការ ផ្ទេរប្រាក់ឆ្លង ប្រទេស សម្រាប់អតិថិជន ជាម្ចាស់អាជីវកម្ម និង សហគ្រាសធុនតូច និងមធ្យម

ភ្នំពេញ ៖ ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ ធនាគារ ស្ថាបនា បានឈានដល់ សមិទ្ធផលថ្មីមួយទៀត ក្នុងការក្លាយខ្លួន ជាធនាគារពាណិជ្ជឈានមុខ ផ្តល់សេវាទូទាត់ប្រាក់ឆ្លងប្រទេស តាមរយៈ Visa B2B Connect ដំបូងគេ ក្នុងប្រទេសកម្ពុជា ជូនដល់អតិថិជនចាស់ និងថ្មី ទាំងអស់របស់ធនាគារ ដើម្បីដំណោះស្រាយទូទាត់ អាជីវកម្មឆ្លងប្រទេសមានភាពបត់បែននឹងគ្របដណ្តប់ជាង ១០៤ ប្រទេស និងតំបន់ ព្រមទាំងទូទាត់បានជាង ១០០ រូបិយប័ណ្ណ ជុំវិញពិភពលោក ។

លោក ហ្វុង កៃ ជីន ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា ចំណុចសំខាន់ នៃអាជីវកម្មរបស់យើង គឺការប្តេជ្ញាចិត្តដ៏រឹងមាំ ក្នុងការផ្តល់ជូនអតិថិជន នូវបទពិសោធន៍ល្អឥតខ្ចោះ និងដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិត ។ ការធ្វើប្រតិបត្តិការបង់ប្រាក់ និងទទួលប្រាក់រហ័ស ហើយមាន សុវត្ថិភាព គឺ មានសារៈសំខាន់ណាស់ សម្រាប់អាជីវកម្មគ្រប់ទំហំ ជាពិសេសនៅក្នុងបរិយាកាស ធុរកិច្ចក្នុងតំបន់ និងសកល ដែលកំពុងមាន ការផ្លាស់ ប្តូរមិនឈប់ឈរ នាពេលបច្ចុប្បន្ននេះ ។ Visa B2B Connect នឹងជួយដល់ប្រតិបត្តិការ ផ្នែកធុរកិច្ចរបស់ម្ចាស់អាជីវកម្ម ដែលជាអតិថិជន របស់ធនាគារ ស្ថាបនាទាំងអស់ ឲ្យទទួលបាននូវអត្ថប្រយោជន៍ពីភាពងាយស្រួល នៃការទូទាត់ពាណិជ្ជកម្មឆ្លង ប្រទេសយ៉ាងរហ័ស និងសុវត្ថិភាព តាមរយៈបណ្តាញសាខា ដ៏ច្រើនរបស់យើង»។

អ្នកស្រី ជុំ ម៉ូនីកា នាយិកា គ្រប់គ្រង ក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ការធ្វើអាជីវកម្ម នាពេលបច្ចុប្បន្ន ត្រូវការសមត្ថភាពទូទាត់ ដែលមានតម្លាភាព រហ័ស និង ងាយស្រួលគ្រប់គ្រង។ អ្នកស្រីបន្តថា សេវាកម្ម Visa B2B Connect នឹងផ្តល់សិទ្ធិអំណាច ដល់អតិថិជន របស់ធនាគារស្ថាបនា ក្នុងការបោះជំហានចូល ទៅកាន់សេដ្ឋកិច្ចពិភពលោក ជាមួយនឹងការទូទាត់អន្តរជាតិ ប្រកបដោយសុវត្ថិភាពខ្ពស់ និងការចំណាយទាបជាងមុន ។

សេវាកម្ម Visa B2B Connect ត្រូវបានដាក់ឲ្យដំណើរការ សម្រាប់ប្រតិបត្តិការទូទាត់ប្រាក់ទាំងអាជីកម្មក្នុង និង ក្រៅប្រទេស។ ម្ចាស់ធុរកិច្ចនៅកម្ពុជា កំពុងតែរីករាយជាមួយនឹង ការទូទាត់ដែលរលូន មានប្រសិទ្ធភាព ហើយយើងអាចព្យាករណ៍ពីគោលដៅពេញនិយម សម្រាប់ការទូទាត់ រួមមាន ប្រទេសថៃ សិង្ហបុរី ហុងកុង អឺរ៉ុប ចិន ជប៉ុន សហរដ្ឋអាមេរិក និងបង់ក្លាដែស ។ Visa B2B Connect ផ្តល់នូវការតភ្ជាប់តែមួយគត់ ទៅកាន់ពិភពលោក អនុញ្ញាតឲ្យម្ចាស់អាជីវកម្ម អាចផ្ទេរប្រាក់ដោយផ្ទាល់ទៅគណនីអ្នកទទួល ។ កត្តានេះដកចេញនូវ ធនាគារអន្តរការី ដោយកាត់បន្ថយពេលវេលា និងការចំណាយផ្សេងៗសម្រាប់ប្រតិបត្តិការនីមួយៗ ។ ក្នុងពេលជាមួយគ្នានេះ វាផ្តល់របាយការណ៍អាជីវកម្មដែលអាចត្រួតពិនិត្យដោយផ្ទាល់ នូវតំលៃសេវា អត្រាប្តូរប្រាក់ និងពេលវេលា ដែលប្រាក់បានទៅដល់អ្នកទទួល ។

Visa B2B Connect បំពាក់នូវស្រទាប់សុវត្ថិភាពជាច្រើន ដោយប្រតិបត្តិការនីមួយៗ ត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់។ លើសពីនេះ សម្រាប់ទិន្នន័យ និងព័ត៌មានលម្អិតរបស់ស្ថាប័ន ត្រូវបានការពារដោយបច្ចេកវិទ្យាបំប្លែង ព័ត៌មានទៅជានិមិត្តសញ្ញា (tokenization technology) របស់ Visa ដែលអាចការពារម្ចាស់អាជីវកម្មបាន ក្នុងករណីមានការចូលប្រើប្រាស់ ដោយគ្មានការអនុញ្ញាត ។

សម្រាប់ព័ត៌មាន បន្ថែមអំពីសេវាកម្មនេះ សូមអញ្ជើញទៅកាន់សាខារបស់ធនាគារ ស្ថាបនា ដែលនៅជិតលោក អ្នកបំផុត ឬ ទូរស័ព្ទទៅផ្នែកបម្រើសេវា កម្មអតិថិជនរបស់យើងតាមរយៈលេខ ០២៣ ៩៩៩ ០១០ ឬ ០៨១ ៩៩៩ ០១០ ។ សម្រាប់ព័ត៌មានបន្ថែម អំពីផលិតផល និង សេវាកម្មរបស់ធនាគារ ស្ថាបនា សូមចូលទៅកាន់គេហទំព័រ www.sathapana.com.kh ៕

To Top