អត្ថបទ

ក្រុមនិសិ្សត្រឆ្នើម៤រូប បានឈ្នះការប្រកួតថ្នាក់ជាតិ SmartStart Unipreneur Learning Platform Hackathon រួចបានឱកាសដំណើរសិក្សាបច្ចេកវិទ្យា ទៅសិង្ហបុរី

ខេត្តតាកែវ កម្ពុជា ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ – ក្នុងចំណោមក្រុមឆ្នើមចំនួន ១១ ដែលមកពីសាកលវិទ្យាល័យចំនួន ៦ទូទាំងប្រទេសកម្ពុជា ក្រុម «វេលា» ដែលមានសមាជិក៤ នាក់មកពីសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ត្រូវបានជ្រើសរើសជាក្រុមជ័យលាភីដំបូងគេបង្អស់ក្នុងកម្មវិធប្រកួតប្រជែងថ្នាក់ជាតិ SmartStart Unipreneur Learning Platform (ULP) Hackathon ។

សមាជិកក្រុមជ័យលាភីនឹងទទួលបាន ការឧបត្ថម្ភលើកម្មសិក្សាបច្ចេកវិទ្យា ទៅកាន់ប្រទេសសិង្ហបុរី។

ក្រុមឆ្នើមទាំង ១១ ក្រុម បានចូលរួមក្នុងកម្មវិធីប្រកួតប្រជែង (hackathon) រយៈពេលពីរថ្ងៃកន្លះ ដែលពួកគេបានបង្កើតគំនិតអាជីវកម្ម សិក្សាទៅលើទីផ្សារ សាកល្បងបង្កើតគំរូផលិតផល និងយុទ្ធសាស្ត្រក្នុងទីផ្សារ។ កម្មវិធីដែលជាគំនិតផ្តួចផ្តើមរបស់ប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនៅកម្ពុជាក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh បានប្រព្រឹត្តឡើងកាលពីថ្ងៃទី០៧ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២២។

បន្ទាប់ពីបង្ហាញគំនិតនៃអាជីវកម្មដែលជួយឱ្យអ្នកប្រើប្រាស់គ្រប់គ្រងពេលវេលារបស់ពួកគេបានប្រសើរជាងមុន ក្រុមវេលា យកបានជ័យជំនះលើក្រុមចំនួន ១០ ផ្សេងទៀតក្នុងការបញ្ចុះបញ្ចូលក្រុមគណៈកម្មការចៅក្រមឱ្យគាំទ្រគំនិត ដំណោះស្រាយ និងផលិតផល ដែលគួរឲ្យកោតសសើររបស់ពួកគេ។

សមាជិកក្រុមជ័យលាភីវេលា ហួរ ឡេងហ៊ុយ បានឲ្យដឹងថា៖ «ខ្ញុំគិតថាមនុស្សគ្រប់គ្នាគួររៀនអំពីភាពជាសហគ្រិន និងចាប់យកផ្នត់គំនិតសហគ្រិន។ អំឡុងពេលនៃការសិក្សារបស់ខ្ញុំក្នុងមុខវិជ្ជានៃកម្មវិធី SmartStart ULP និងវគ្គ Hackathon ខ្ញុំគ្រាន់បើជាងមុនក្នុងការវិភាគបញ្ហាស្មុគស្មាញ ហើយខ្ញុំកាន់តែមានទំនុកចិត្តជាងមុនក្នុងការប្រើប្រាស់ការច្នៃប្រឌិត និងការស្រាវជ្រាវ ដើម្បីទទួលបានដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតក្នុងរយៈពេលដ៏ខ្លី។ សំខាន់បំផុត ខ្ញុំទទួលបានជំនាញផ្នែកកិច្ចសហការ ដើម្បីធ្វើការងារជាក្រុមប្រកបដោយផលិតភាព។»

ព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្រដ៏ធំមួយបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី១០ ខែមេសា នៅក្នុងខេត្តតាកែវ ដោយមានគណៈកម្មការចូលរួមដូចជា កញ្ញា លក្ខិណា សារឿន អ្នកគ្រប់គ្រងក្រុមហ៊ុនShe Investment ប្រចាំកម្ពុជា លោក វុទ្ធី ឧត្តម ប្រធានផ្នែកជ្រើសរើសបុគ្គលិក ពីក្រុមហ៊ុន Smart Axiata លោក អ៊ុច សារ៉ាត់ សហស្ថាបនិក Karot Market កញ្ញា ស៊ិន វណ្ណដារ៉ា អ្នកគ្រប់គ្រងកម្មវិធី និងផ្នែកច្នៃប្រឌិតនៃ Impact Hub ភ្នំពេញ។

លោក Feiruz Ikhwan នាយកប្រតិបត្ដិស្តីទីរបស់ក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «កម្មវិធី SmartStart ULP បង្កើតអ្នកដឹកនាំសម្រាប់ពេលអនាគតដែលមានសមត្ថភាពដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងប្រទេសកម្ពុជា។ តាមរយៈកម្មវិធីសិក្សានេះដែលលើកទឹកចិត្តសិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន ឱ្យទទួលយកផ្នត់គំនិតសហគ្រិន ស្វែងយល់អំពីសារៈសំខាន់នៃភាពសកម្ម ភាពចង់ដឹង-ចង់ឃើញ នៅក្នុងពិភពលោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ជំនាញទាំងអស់នេះក៏នឹងចូលរួមយ៉ាងសំខាន់ក្នុងការជួយប្រទេសកម្ពុជាក្នុងការកសាងវិស័យព័ត៌មាន ការទំនាក់ទំនង និងបច្ចេកវិទ្យាដ៏រឹងមាំ ជាមួយនឹងសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើន។ ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមូលនិធិកសាងសមត្ថភាព និងស្រាវជ្រាវ យើងសង្ឃឹមថានឹងពង្រីកកម្មវិធីនេះ ដើម្បីឈានទៅដល់និស្សិតសាកលវិទ្យាល័យកម្ពុជាកាន់តែច្រើន។»

ជាវគ្គសិក្សាដែលត្រូវបានទទួលស្គាល់ វគ្គសិក្សានេះមានរយៈពេល ៤៥ ម៉ោង ហើយមានសិស្សជាង ១០០០ នាក់បានចុះឈ្មោះចូលរៀននិងមានសហគ្រិន និងសាស្ត្រាចារ្យចំនួន ៣៥ នាក់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាល សម្រាប់បង្រៀនវគ្គសិក្សា។

កញ្ញា គឹម កុសុម៉ា នាយកផ្នែកអភិវឌ្ឍ អាជីវកម្ម និងឌីជីថលរបស់ Impact Hub Phnom Penh បានឲ្យដឹងថា៖ «កម្មវិធី Hackathon គឺជាការបង្ហាញលទ្ធផលដ៏អស្ចារ្យនៃការងារ ដែលយើងបានចូលរួមធ្វើនៅក្នុងកម្មវិធីចាប់តាំងពី ២ ឆ្នាំកន្លងមកនេះ ដោយធ្វើការរួមគ្នាជាមួយក្រុមហ៊ុន Smart Axiata ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សាកលវិទ្យាល័យដៃគូ សាកលវិទ្យាធិការ ព្រឹទ្ធបុរស និង សហគ្រិន សាស្ត្រាចារ្យក្នុងស្រុក និងសិស្សានុសិស្ស ដើម្បីលើកកម្ពស់ការអប់រំសហគ្រិនភាពនៅកម្ពុជា។»

ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរួម ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកម្មវិធីសិក្សា SmartStart Unipreneur Learning Platform នៅខែធ្នូ ឆ្នាំ២០២១ ជាមួយសាកលវិទ្យាល័យចំនួន ១០សាកលវិទ្យាល័យនៅប្រទេសកម្ពុជា ដើម្បីបង្កើតវគ្គសិក្សាដែលផ្តល់ឱ្យនិស្សិតសាកលវិទ្យាល័យនូវផ្នត់គំនិតសហគ្រិនភាព និងសមត្ថភាពផ្នែកបច្ចេកទេស រួមទាំងជំនាញប្រើប្រាស់សំខាន់ៗផ្នែកបច្ចេកវិទ្យាដែលពាក់ព័ន្ធទៅនឹងទីផ្សារកម្ពុជា។

កម្មវិធី SmartStart ULP ត្រូវបានកំពុងដាក់អនុវត្តនៅ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យបៀលប្រាយភ្នំពេញ និងសៀមរាប សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បាត់ដំបង សាកលវិទ្យាល័យអង្គរ សាកលវិទ្យាល័យស្វាយរៀង និង សាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពីវគ្គសិស្សា SmartStart Unipreneur Platform សូមតាមដានទំព័រFacebook របស់ Smart for Cambodia នៅ http://facebook.com/smartforcambodiaឫចូលទៅកាន់ http://www.smartstart.com.kh/

អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេ ក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧.៥ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេមាន ឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវា ទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការ សេវាបច្ចេកវិទ្យាជំនាន់ ទី៤ “4G LTE” ក្នុងឆ្នាំ ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យា ជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំ ផ្នែកសេវា ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេក វិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបា ច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រ ច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រ កម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែប ឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្មនិងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជា ច្រើន។ នេះរួម បញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូច ជា៖ក្រុមហ៊ុនUniversal Music ក្រុមហ៊ុនApple និងក្រុមហ៊ុនFacebook ក៏ដូចជា សេវាកម្មឌីជីថលនានារួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃសេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដ ស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រ កម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ចនិងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណ ជាង១.០០០ (មួយពាន់)នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេច បេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់និងធ្វើឱ្យជីវិតកាន់តែប្រសើរ ឡើង។ Smart ជីវិតរស់រវើក!

ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
www.smart.com.kh

សម្រាប់ ព័ត៌មានបន្ថែមសូមទាក់ទង
កញ្ញា កែវ ព្រីយ៉ានិត្យ
ទូរស័ព្ទ៖ +855 10 202 157
អុីម៉ែល៖ keo.priyanith@smart.com.kh

To Top