អត្ថបទ

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក រៀបចំកម្មវិធី យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត

ភ្នំពេញ ៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក បានរៀបចំកម្មវិធី “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត “Yoga & Meditation for Wellbeing” លើកទី២ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅ Urban Village ដោយមានអ្នកចូលរួមចំនួន១២០នាក់ ។

កញ្ញា ស៊ុន ស៊ីហនិតនោវី ជាសហគ្រិនឆ្នើម និងជាអនុប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក បានស្ម័គ្រចិត្តធ្វើជាប្រធានអនុវត្តគម្រោង ដឹកនាំក្រុមការងារស្ម័គ្រចិត្ត របស់គម្រោង បានលើកឡើងថា ក្នុងកម្មវិធីនេះ សុទ្ធសឹងជាសហគ្រិន អ្នកជំនួញ និងបុគ្គលិកថា្នក់លើមកពីស្ថាប័ននានា ដែលមានភាពមមាញឹកជាខ្លាំងក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ដូច្នោះ គោលបំណងសំខាន់នៃកម្មវិធីនេះ គឺចង់ឲ្យបងប្អូនចំណាយពេលវេលាមួយព្រឹក ផ្តល់កាដូឲ្យខ្លួនឯង មិនមែនជាទ្រព្យសម្បត្តិ ប៉ុន្តែជាការផ្តល់ពេលវេលាមួយដែលសង្រួមចិត្តតាមរយៈការធ្វើយោគៈ និងសមាធិ ដែលលំហាត់ចិត្ត និងកាយ ផ្តល់នូវសារ:ប្រយោជន៍យ៉ាងល្អមិនអាចកាត់ថ្លៃបាន ដល់សុខភាពផ្លូវកាយ និងចិត្ត។

កញ្ញាថា យោគៈ ជួយផ្តល់នូវសុខភាពផ្លូវដង្ហើមល្អ និងរាងកាយមាំមួនពីក្នុងដល់ក្រៅ។ ចំណែក សមាធិ ជួយឲ្យបងប្អូនមានសុខភាពផ្លូវចិត្តល្អ រឹងមាំ និងវិជ្ជមាន ដែលជាគ្រឹះដ៏សំខាន់ក្នុងការបង្កើនគុណភាពជីវិតរស់នៅ និងការប្រាស្រ័យទាក់ទងល្អ រវាងក្រុមគ្រួសារ មិត្តភក្តិ ក៏ដូចជាដៃគូរជំនួញ ញ៉ាំងឲ្យប្រសិទ្ធភាព និងផលិតភាពការងារ ល្អប្រសើរឡើង។

នាឱកាសនោះដែរ លោកស្រី លៀក ចាន់ធា ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក ឆ្នាំ២០២២ បានថ្លែងថា លោកស្រីពិតជាមានសេចក្តីរីករាយដែលបានឃើញវត្តមាន ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព វាគ្មិន លោក លោកស្រី និងបងប្អូនទាំងអស់គ្នា ផ្តល់កិត្តិយសចូលរួមក្នុងកម្មវិធី ដែលបានរៀបចំ ផ្តួចផ្តើមពីសំណាក់ សមាជិកសមាជិកា ក៏ដូចជាលោកស្រីផ្ទាល់ ជាពិសេស ក្រោមការរៀបចំយ៉ាងយកចិត្តទុកដាក់ពី កញ្ញា ស៊ុន ស៊ីហនិតនោវី ដែលជាប្រធានអនុវត្តគម្រោង និងក្រុមការងារសម្របសម្រួល លោក ជ័យ សំអន ។

លោកស្រី លៀក ចាន់ធា បានថ្លែងអំណរព្រះគុណ ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព និងព្រះសង្ឃដែលនិមន្តមកពីវត្តនិគ្រោធវ័ន គល់ទទឹង វាគ្មិន លោក នឹម ឈុន្នី និង លោក យាន់ វណ្ណះ និងថ្លែងអំណរគុណដល់ក្រុមហ៊ុន Phnom Penh Precast Plants ក្រុមហ៊ុន Urban Village ក្រុមហ៊ុន Urban Architecture, ក្រុមហ៊ុន 5 Siblings, ក្រុមហ៊ុន SCPC Automatioon, ក្រុមហ៊ុន Enagic Independent Distributor (KANADA KANGEN), ក្រុមហ៊ុន AIA ក៏ដូចជាក្រុមហ៊ុនផ្សេងៗទៀតដែលបានចូលរួមឧបត្ថម្ភ សហការបង្កើតគម្រោងនេះឡើង និងសូមអរគុណដល់យុវជនក្រុមការងារស្ម័គ្រចិត្ត ទាំងអស់ដែលបានសហការយ៉ាងល្អ ។

លោកស្រី ជាពិសេស មិនអាចខ្វះបានគឺការគាំទ្រចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា និងការបរិច្ចាគវិភាគទានជូនទៅដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ។ លោកស្រីសង្ឃឹមថា បងប្អូននឹងចូលរួមគាំទ្រគម្រោងផ្សេងៗទៀត របស់ JCI កម្ពុជាសាខាទួលគោក ក៏ដូចជាគម្រោងរបស់JCI Cambodia សាខាផ្សេងៗទៀតដូចគ្នា៕

To Top