អត្ថបទ

ក្រុមហ៊ុន សាមសុង កម្ពុជា បន្តយុទ្ធនាការសប្បុរសធម៌ ចែករំលែកក្តីស្រឡាញ់ ផ្តល់សម្ភារសិក្សា និងបំពាក់គ្រឿងបរិក្ខារអេឡិចត្រូនិក ដល់សាលាបឋមសិក្សា អូហ្គុរ៉ាត្រកៀត!

(ភ្នំពេញ) ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២៖ ដោយសារតែក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ មិនចេះសាបសូន្យចំពោះអនាគតសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សី និងជាធនធាន ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសជាតិ ក្រុមហ៊ុន សាមសុង កម្ពុជា ក៏បានបន្តនូវយុទ្ធនាការសប្បុរសធម៌របស់ខ្លួន ដោយធ្វើការបរិច្ចាគនូវសម្ភារសិក្សាដល់សិស្សានុសិស្សចំនួន 500 នាក់ និងរចនាបណ្ណាល័យឱ្យមានភាពទាក់ទាញថ្មី (Renovate) ដោយបន្ថែមសៀវភៅក្នុងបណ្ណាល័យចំនួន 400 ក្បាល ព្រមទាំងបំពាក់គ្រឿងបរិក្ខារ និងបរិក្ខារអេឡិចត្រូនិកមួយចំនួន ជូនដល់សាលាបឋមសិក្សា អូហ្គុរ៉ាត្រកៀត ដែលស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរថាសកម្មភាពសប្បុរសធម៌នេះ គឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធនាការ សប្បុរសធម៌ចម្បង “Love & Care” របស់ក្រុមហ៊ុន សាមសុង។ ហើយគោលបំណងចម្បងបំផុត នៃសកម្មភាពសប្បុរសធម៌នេះគឺក្រុមហ៊ុន សាមសុង កម្ពុជា ចង់ចែករំលែកនូវសេចក្តីស្រឡាញ់ ស្នាមញញឹម និងក្តីសង្ឃឹមដល់សិស្សានុសិស្ស ធ្វើយ៉ាងណាឱ្យពួកគេខិតខំប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះវិជ្ជា និងធ្វើខ្លួនឱ្យក្លាយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អសម្រាប់ប្រទេសជាតិប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថាក្រៅអំពីការបរិច្ចាគនូវកញ្ចប់សម្ភារសិក្សា និងរចនាបណ្ណាល័យឱ្យមានភាពទាក់ទាញពោរពេញដោយផាសុកភាពជាមួយនឹងបរិក្ខារអេឡិចត្រូនិកដែលក្រុមហ៊ុន សាមសុង ធ្វើការផ្តល់ជូននាពេលនេះក្រុមហ៊ុនក៏បានធ្វើការលើកទឹកចិត្ត និងក្រើនរំឭកដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ទាំងអស់ ធ្វើយ៉ាងណាបន្តខិតខំផ្ទេរនូវចំណេះដឹងដល់សិស្សានុសិស្ស និងបន្តរក្សាអនាម័យ និងអនុវត្តវិធានការ 3កុំ 3ការពារ ឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារពីការរីករាលដាលនៃបញ្ហាវិបត្តិសកលផងដែរ។

លោកនាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា  “ការផ្តល់ជូននូវផលិតផល សាមសុង ដែលមានគុណភាពខ្ពស់បំផុតជូនមនុស្សជាតិគឺជារឿងដ៏សំខាន់បំផុតស្របតាមចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ប៉ុន្តែការផ្តល់នូវក្តីស្រឡាញ់ និងយកចិត្តទុកដាក់លើសហគមន៍ដែលខ្លួនកំពុងធ្វើប្រតិបត្តិការអាជីវកម្ម ជាពិសេសការអភិវឌ្ឍន៍វិស័យធនធានមនុស្សក៏ជាកត្តាអាទិភាពដែលមិនអាចខ្វះបានផងដែរ”។

ជាមួយគ្នានេះដែរ លោក សាំង នី នាយកសាលាបឋមសិក្សា អូហ្គុរ៉ាត្រកៀត ក៏បានមានប្រសាសន៍ដែរថា “ក្រោយពីមានការរីករាលដាលវិបត្តិសកល និងឧបសគ្គយ៉ាងណាក្តីក៏ថ្នាក់ដឹកនាំ សាលា លោកគ្រូ អ្នកគ្រូ និងជាពិសេសក្រុមហ៊ុន សាមសុង កម្ពុជា មិនដែលភ្លេច និងតែងតែយកចិត្តទុកដាក់ក្នុងការជួយជំរុញដល់វិស័យធនធានមនុស្សជាពិសេសសម្រាប់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីស្នូលដ៏សំខាន់សម្រាប់ប្រទេសជាតិ”។

បន្ថែមពីនេះដែរ លោក គីម យ៉ុងហូ ប្រធានគ្រប់គ្រងនៃអង្គការ Good Neighbors ក៏បានមានប្រសាសន៍ផងដែរថា “នេះមិនមែនជាលើកទី1 ទេដែលបានឃើញក្រុមហ៊ុន សាមសុង កម្ពុជា ធ្វើការចែករំលែកនូវក្តីស្រឡាញ់ និងការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍វិស័យអប់រំ និងធនធានមនុស្សតាមរយៈយុទ្ធនាការសប្បុរសធម៌របស់ខ្លួនស្របគ្នាជាមួយនឹងចក្ខុវិស័យអង្គការ Good Neighbors ដោយផ្តោតសំខាន់ជំរុញការអប់រំលើកុមារ អភិវឌ្ឍសហគមន៍ និងលើកម្ពស់បញ្ហាសុខភាពជាដើម”។

ជាចុងក្រោយអ្វីដែលក្រុមហ៊ុន សាមសុង ធ្វើនាពេលនេះគឺគ្រាន់តែចង់ឃើញ និងចង់ឱ្យសិស្សានុសិស្សទាំងអស់មានភាពរីករាយក្នុងការសិក្សា មានការតស៊ូ មានក្តីសង្ឃឹមក្នុងជីវិត និងជាពិសេសផ្តល់នូវផលវិជ្ជមានទៅដល់សហគមន៍…ដល់សង្គម និងដល់ប្រទេសកម្ពុជាវិញ ប៉ុណ្ណោះ៕

To Top