អត្ថបទ

មិត្តហ្វូន ផ្ដល់ស៊ីមកាតដល់អត្តពលិក និងគណៈប្រតិភូកម្ពុជា ដែលចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅវៀតណាម

ភ្នំពេញ៖ គណៈប្រតិភូក្រុមហ៊ុនមិត្តហ្វូន ដឹកនាំដោយអង្គនាយករង លោក កៅ ម៉ាញ ឌឹក (Cao Manh Duc) នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ បានជួបប្រជុំជាមួយ នឹងថ្នាក់គ្រប់គ្រងរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ហើយបានបរិច្ចាគស៊ីមកាត ដែលអាចប្រើសេវាហៅឆ្លងប្រទេស និងអ៊ិនធឹណិត ចំនួន ៧០០ស៊ីម ដល់អត្តពលិក និងគណៈប្រតិភូកម្ពុជា សម្រាប់ការប្រើប្រាស់អំឡុងពេល ចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។

អត្តពលិក និងគណៈប្រតិភូកម្ពុជា នឹងចូលរួមក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី ៣១ នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី ១២ ដល់ ២៣ ឧសភា ឆ្នាំ ២០២២។

ជាការជួយគាំទ្រដល់អត្តពលិក និងគណៈប្រតិភូកម្ពុជាក្នុងការ ចូលរួមបេសកកម្មកីឡា នៅប្រទេសវៀតណាមនោះ ក្រុមហ៊ុន មិត្តហ្វូន ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ឈានមុខគេនៅកម្ពុជា បានជួយផ្ដល់ស៊ីមកាត ដែលអាចប្រើប្រាស់ សេវាហៅឆ្លងប្រទេស និងអ៊ិនធឹណិត ក៏ដូចជាចំនួននាទីនៃការហៅចេញ សម្រាប់ឲ្យពួកគាត់ប្រើប្រាស់ដោយឥតគិតថ្លៃ នៅពេលកំពុងស្ថិតនៅក្នុងប្រទេសវៀតណាម ។

លោក កៅ ម៉ាញ ឌឹក មានប្រសាសន៍ថា៖ “ក្នុងនាមជាក្រុមហ៊ុនឯកជនមួយ ដែលធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា អស់រយៈពេលជាងមួយទសវត្សហើយនោះ ក្រុមហ៊ុនមិតហ្វូន តែងមានមោទនភាព ក្នុងការចូលរួមចំណែកត្រលប់ទៅវិញ ដល់សង្គមរបស់កម្ពុជា ។ នៅពេលនេះ យើងបានគាំទ្រដល់អត្តពលិក និងគណៈប្រតិភូរបស់កម្ពុជា តាមរយៈការផ្ដល់ស៊ីមកាត ដើម្បីឲ្យពួកគាត់អាចប្រើប្រាស់ទូរស័ព្ទ និងសេវាអ៊ិនធឹណិត ដោយឥតគិតថ្លៃ អំឡុងពេលបេសកកម្មរបស់ខ្លួន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅក្នុងប្រទេសវៀតណាម”។

លោក បានបន្តទៀតថា៖ “យើងសូមជូនពរ ឲ្យអត្តពលិក និងគណៈប្រតិភូរបស់កម្ពុជា ធ្វើដំណើរដោយសុវត្ថិភាព និងពាំនាំមកនូវជោគជ័យសម្រាប់ជាតិ ក៏ដូចជាបទពិសោធន៍ ក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី ៣២ នៅឆ្នាំ ២០២៣ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ” ។

មិត្តហ្វូន ជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធច្រើនបំផុត សម្រាប់បម្រើសេវា ជូនប្រជាជនកម្ពុជាប្រមាណ ៩លាននាក់ ៕

To Top