អត្ថបទ

ការសិក្សារបស់ក្រុមហ៊ុន Visa លើកំណើននៃការទូទាត់ តាមរយៈឌីជីថល ខណៈប្រជាជនកម្ពុជា ងាកចេញពី ការប្រើប្រាស់សាច់ប្រាក់សុទ្ធ

ភ្នំពេញ៖នាថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០២២ ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេ នៅក្នុងពិភពលោក បានចេញផ្សាយការសិក្សាចុងក្រោយរបស់ខ្លួនដោយបានបញ្ជាក់ថា ប្រជាជនកម្ពុជា ចំនួនប្រមាណ ៣២ ភាគរយ គ្រោងនឹងឈប់ប្រើប្រាស់សាច់ប្រាក់សុទ្ធ បន្ទាប់ពីការកើនឡើង នៃជំងឺរាតត្បាត Covid-19។ 

បើយោងតាមការសិក្សារបស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបថទូទាត់ប្រាក់ របស់អតិថិជននេះបានបង្ហាញពីការផ្លាស់ប្តូរយ៉ាងលឿន ពីការប្រើប្រាស់សាច់ប្រាក់សុទ្ធ ទៅជាការទូទាត់តាមរយៈឌីជីថល និងតាមរយៈបច្ចេកវិទ្យា Contactless ជាពិសេស គឺតាមរយៈ QR កូដ  និងកាបូបអេឡិចត្រូនិច (e-Wallet)។ ជំងឺរាតត្បាតកូវីត បានពន្លឿននូវការទូទាត់តាមរយៈឌីជីថលក្នុងចំណោមអ្នកប្រើប្រាស់នៅកម្ពុជា ដោយសារពួកគេជឿជាក់ថា ការមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ នឹងធ្វើឲ្យសង្គមកាន់តែមានអនាម័យ (មានប្រមាណ ៤៣ ភាគរយ) កាន់តែមានប្រសិទ្ធភាព (មានប្រមាណ៣៩ភាគរយ) និង ល្អសម្រាប់បរិស្ថាន (ប្រមាណ៣៧ភាគរយ) ។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថាដោយសារតែជម្រើស នៃការទូទាត់តាមរយៈឌីជីថលមានច្រើន យើងកំពុងធ្វើដំណើរឆ្ពោះទៅរក ការផ្លាស់ប្តូរពីជំនាន់មួយ គឺអំពីរបៀបដែលប្រជាជនកម្ពុជាជ្រើសរើសការទូទាត់ និងការទទួលប្រាក់។ ក្រុមហ៊ុន Visa យើងកំពុងតាមដានយ៉ាងជិតស្និទ្ធអំពីដំណើរការអភិវឌ្ឍ ទៅរកការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធ តាមរយៈការប្រើប្រាស់ព័ត៌មានទីផ្សារ ដើម្បីធានាបាននូវការគាំទ្រ ដល់ដៃគូអាជីវកម្មក្នុងស្រុកឲ្យទទួលបានទម្រង់ទូទាត់ប្រាក់ឌីជីថល ដែលកាន់តែឆ្លាតវៃ ឆាប់រហ័ស និងមានសុវត្ថិភាពជាងមុន។ 

ចាប់តាំងពីមានការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ការប្រើសាច់ប្រាក់សុទ្ធ បានធ្លាក់ចុះ ២២ ភាគរយ បើធៀបទៅនឹងឆ្នាំមុនៗ។ អ្នកប្រើប្រាស់កម្ពុជាម្នាក់ ក្នុងចំណោមប្រាំនាក់ បានព្យាយាមសាកល្បង ឈប់ប្រើសាច់ប្រាក់សុទ្ធ ហើយជាលទ្ធផលស្ទើរតែពាក់កណ្តាល (ប្រមាណ៤៦ភាគរយ) អះអាងថា ពួកគេអាចឈប់ប្រើសាច់ប្រាក់សុទ្ធ បានយូររហូតដល់ទៅជាងមួយសប្តាហ៍។ ក្នុងចំណោមអ្នកដែលមិនបានសាកល្បងឈប់ប្រើសាច់ប្រាក់សុទ្ធ មានប្រហែល ២៩ ភាគរយ មានជំនឿចិត្តថា ពួកគេអាចពឹងផ្អែកលើជម្រើសនៃការទូទាត់ប្រាក់ ដោយមិនប្រើសាច់ប្រាក់សុទ្ធ បានរហូតដល់ទៅមួយខែឬយូរជាងនេះ។

តាមរយៈការសិក្សាក៏បានបង្ហាញពីសន្ទុះ នៃការទទួលយកការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធ និងតាមរយៈឌីជីថលផងដែរ ជាពិសេសតាមរយៈការប្រើកាត និង QR កូដ។ បច្ចុប្បន្ន ៣៨ ភាគរយ នៃប្រជាជនកម្ពុជា ជ្រើសយកការទូទាត់តាមរយៈកាត ហើយស្ទើរតែ ៧នាក់ ក្នុងចំណោម ១០នាក់ (ស្មើរ ៦៨%) កំពុងប្រើទាំងកាបូបអេឡិចត្រូនិច នឹង កាត ដែលនេះបង្ហាញពីចំណូលចិត្ត នៃការប្រើប្រាស់របស់ពួកគេ ទៅថ្ងៃអនាគត។ ទន្ទឹមនឹងនេះ ការទូទាត់តាមរយៈ QR កូដ មានការកើនឡើងបីដងក្នុងមួយឆ្នាំ ដែលបច្ចុប្បន្ននេះអ្នកប្រើប្រាស់មានចំនួន ៣៦ ភាគរយ នៅក្នុងប្រទេសកម្ពុជា បាននឹងកំពុងប្រើប្រាស់វា។ ការទូទាត់តាមរយៈ QR កូដ គឺជាទម្រង់ទូទាត់ប្រាក់ដែលពេញនិយមបំផុត ដែលស្ថិតនៅលំដាប់ទីពីរនៅក្នុងចំណោមជម្រើស នៃវិធីសាស្រ្តទូទាត់ប្រាក់ទាំងអស់ ជាពិសេសនៅក្នុងផ្សារទំនើប នឹងហាងលក់ទំនិញ។

អ្នកប្រើប្រាស់ បានបង្ហាញពីទំនោរចិត្ត លើការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ ព្រោះវាជាជម្រើសដ៏ល្អដែលមានបញ្ចូលមុខងារ ទូទាត់ប្រាក់ភ្ជាប់ជាមួយ។ ធនាគារឌីជីថល ក៏បានចាប់ដៃគូជាមួយធនាគារ បែបប្រពៃណីផងដែរ ខណៈដែល ៦០ភាគរយ នៃអ្នកប្រើប្រាស់ឥឡូវនេះ ប្រើប្រាស់កម្មវិធីធនាគារចល័ត នឹងបានកោតសរសើរ ដល់សុវត្ថិភាពនៃការទូទាត់តាមរយៈទូរស័ព្ទដៃ (មានប្រមាណ ៥១ភាគរយ) ព្រមទាំងអត្ថប្រយោជន៍សុខភាពដែលទាក់ទងនឹងការកាត់បន្ថយ ការប្រាស្រ័យទាក់ទងដោយផ្ទាល់ (មានប្រមាណ ៥០ភាគរយ) ។

អ្នកស្រី ជុំ ម៉ូនីកា បានបន្ថែមទៀតថា៖ “អ្នកប្រើប្រាស់ជឿជាក់ថា កម្ពុជានឹងក្លាយជាសង្គមដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ ក្នុងរយៈពេល១០ឆ្នាំខាងមុខ ដោយមិនគិតពីផលនៃការប៉ះទង្គិចនៃមេរោគ COVID-19។ ក្រុមហ៊ុន Visa មានសេចក្តីរីករាយ ក្នុងការគាំទ្រដល់អ្នកប្រើប្រាស់ និងពាណិជ្ជករ សម្រាប់ទទួលយកការផ្លាស់ប្តូរនេះ រួមជាមួយនឹងសេវាកម្មទូទាត់ប្រាក់ឈានមុខគេ នៅក្នុងពិភពលោក ស្របនឹងការយល់ដឹង កាន់តែច្បាស់អំពីទីផ្សារ ដើម្បីជួយពួកគេក្នុងការសម្របខ្លួន ព្រមទាំងយកឈ្នះលើបញ្ហាប្រឈមនានា”៕

To Top