អត្ថបទ

ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បង្កើនជើងហោះហើរពីភ្នំពេញ-បាងកក ដោយមានជើង ហោះហើរជាប្រចាំថ្ងៃ

(បាងកក,០៣ មិថុនា ២០២២) ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បានបង្កើនជើងហោះហើរអន្តរជាតិរបស់ខ្លួន ភ្នំពេញ-បាងកក (សុវណ្ណភូមិ) ដោយបន្ថែមកាលវិភាគហោះហើរជាប្រចាំថ្ងៃ។ ដើម្បីឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ និងការបន្ធូរបន្ថយនៃការរឹតបន្តឹងក្នុងការធ្វើដំណើរនៅទូទាំងពិភពលោក ក៏ដូចជាការដកចេញនូវវិធានការ ‘Test & Go’ នៅក្នុងប្រទេសថៃផងនោះ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត នឹងបង្កើនជើងហោះហើររបស់ខ្លួនដោយមានកាលវិភាគហោះហើររហូតទៅដល់ ២ ជើងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពី ខែកក្កដា ឆ្នាំ ២០២២ នេះតទៅ ដែលនឹងភ្ជាប់ទំនាក់ទំនងប្រជាជន និងភ្ញៀវទេសចររវាងប្រទេសទាំងពីរជាមួយនឹងជម្រើសនៃការធ្វើដំណើរឱ្យកាន់តែភាពសម្បូរបែប និងងាយស្រួល។

ចាប់តាំងពីខែឧសភា ឆ្នាំ ២០២២ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បានបើកដំណើរការជើងហោះហើររវាងរាជធានីភ្នំពេញ និងទីក្រុងបាងកក ដែលមានកាលវិភាគត្រឹមតែមួយជើងក្នុងមួយថ្ងៃ (ជើងហោះហើរប្រចាំថ្ងៃ) ដោយបច្ចុប្បន្នថៃ វៀតចេតបានបង្កើនការហោះហើរ ២ ដងក្នុងមួយថ្ងៃ ដូចទៅតាមកាលវិភាគហោះហើរខាងក្រោម៖

លោក Woranate Laprabang, នាយកប្រតិបត្តិ នៃក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត ក៏មានប្រសាសន៍ផងដែរថា “ផ្នែកឧស្សាហកម្មទេសចរណ៍ និងអាកាសចរណ៍កំពុងស្ថិតក្នុងស្ថានភាពប្រសើរឡើងវិញបន្ទាប់ពីការអាក់ខានដោយសារជំងឺរាតត្បាតកូវីដ-១៩។ សព្វថ្ងៃនេះ ប្រទេសជាច្រើនបានដកការរឹតបន្តឹងក្នុងការធ្វើដំណើរ ដោយបើកព្រំដែនរបស់ពួកគេឡើងវិញសម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ។ ក្នុងនាមជាក្រុមហ៊ុននាំមុខគេក្នុងការស្តារទីផ្សារមួយនេះឡើងវិញ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការការបើកដំណើរការឡើងវិញនៃជើងហោះហើរអន្តរជាតិរបស់យើង។ ចាប់តាំងពីខែឧសភា ឆ្នាំ ២០២២ មក យើងបានបង្កើនជើងហោះហើររវាងរាជធានីភ្នំពេញ និងទីក្រុងបាងកក ដោយផ្តល់ជូនប្រជាជន និងភ្ញៀវទេសចរពីប្រទេសកម្ពុជា និងប្រទេសថៃ នូវឱកាសកាន់តែច្រើនក្នុងការធ្វើដំណើរជាមួយនឹងសេវាកម្មប្រកបដោយផាសុកភាពរបស់យើងក្នុងតម្លៃសមរម្យ។”

លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បានសហការជាមួយមន្ទីរពេទ្យ Phyathai ដោយដាក់ចេញនូវកញ្ចប់ពិសេស ‘Buy 1 Get 1 Free’ ដែលរួមមានសេវាកម្មពិនិត្យសុខភាពដល់អតិថិជននៅមន្ទីរពេទ្យ Phyathai និងសំបុត្រយន្តហោះទៅមកដោយឥតគិតថ្លៃរបស់ថៃ វៀតចេត ពីភ្នំពេញទៅបាងកក ដែលជួយសម្រួលដល់ភ្ញៀវទេសចរពីកម្ពុជាទៅកាន់ប្រទេសថៃក្នុងការធ្វើដំណើរ និងពិនិត្យសុខភាព។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ http://skyfun.travel

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ អ្នកដំណើរដែលចូលទៅកាន់ប្រទេសថៃមិនតម្រូវឱ្យមានវិញ្ញាបនបត្រធ្វើតេស្តិ៍កូវីដ-១៩ មុនពេលចូលប្រទេស ឬពេលមកដល់នោះទេ។ លើសពីនេះ អ្នកដំណើរមិនតម្រូវឱ្យធ្វើចត្តាឡីស័កពេលមកដល់ ដោយសារការដកចេញនូវវិធានការ ‘Test & Go’ ចាប់តាំងពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២២មក។

ផ្ទាំងពាណិជ្ជកម្ម

ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បានផ្តល់នូវសេវាកម្មឈានមុខគេដល់អ្នកដំណើរប្រកបដោយ កម្រិតសុវត្ថិភាពខ្ពស់បំផុតក្នុងការធ្វើដំណើរអំឡុងពេលការរីករាលដាលនៃជំងឺកូវិដ-១៩នេះ។ ក្រុមការងារអាកាសចរណ៍ បានអនុវត្តយ៉ាងតឹងរ៉ឹងក្នុងការសម្លាប់មេរោគលើយន្តហោះទាំងអស់របស់ក្រុមហ៊ុនដោយអនុលោមស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលប្រទេសថៃ និងសេចក្តីណែនាំរបស់ CAAT ដើម្បីកាត់បន្ថយហានិភ័យដែលអាចប៉ះពាល់ទៅដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងបុគ្គលិករបស់ក្រុមហ៊ុន។

អំពីក្រុមហ៊ុន ថែ វៀតចេត
ក្រុមហ៊ុន ថៃ វៀតចេត បានបង្កើតឡើងក្នុងឆ្នាំ២០១៤ ហើយបានសហការជាមួយក្រុមហ៊ុន វៀតចេត អ៊ែរ ដើម្បីពង្រីកបណ្តាញហោះហើររបស់ខ្លួន និងផ្តល់ឱកាសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរទៅកាន់ប្រទេសថៃ និងប្រទេសជាច្រើនទៀតប្រកបដោយសេវាកម្មរួសរាយរាក់ទាក់ និងសប្បាយរីករាយ។ ដោយផ្តោតលើសមត្ថភាពគ្រប់គ្រងការចំណាយ ប្រតិបត្តិការដែលប្រកបដោយប្រសិទ្ធភាព និងការអនុវត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ យើងអាចផ្តល់ជូននូវការហោះហើរដោយសន្សំសំចៃ និងតម្លៃដែលអាចផ្លាស់ប្ដូរទៅតាមកាលទេសៈ ព្រមទាំងសេវាកម្មជាច្រើនទៀតដើម្បីសម្របតាមតម្រូវការរបស់អតិថិជន។

ថៃ វៀតចេត ទទួលបានពានរង្វាន់ ក្រុមហ៊ុនដឹកអ្នកដំណើរដែលមានតម្លៃទាបនិងរីកលូតលាស់លឿនបំផុតនៃឆ្នាំ២០២០ ដោយទស្សនាវដ្តី Global Business Outlook។ ក្រុមហ៊ុនកំពុងបន្តពង្រីកបណ្តាញហោះហើររបស់ខ្លួនទាំងក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាពង្រីកងារជាក្រុមហ៊ុនក្មេងជាងគេដែលមានយន្តហោះទំនើបៗ ដោយមានយន្តហោះ Airbus A320 និង A321។ ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត ក៏បានទទួលពានរង្វាន់ជាក្រុមហ៊ុនអាកាសចរណ៍ ដែលមានបាហុនិការរួសរាយ រាក់ទាក់ជាងគេ ពីទស្សនាវដ្ដី International Finance ដោយសង្កត់ធ្ងន់លើជំហររបស់ខ្លួនជា “ក្រុមហ៊ុនអាកាសចរណ៍នៃបដិសណ្ឋារកិច្ច” ដោយពង្រឹងតម្លៃស្នូលនៃ មិត្តភាព និងភាពសប្បាយរីករាយ រួមជាមួយនឹង សុវត្ថិភាព ពេលវេលា និង តម្លៃសមរម្យ។

បច្ចុប្បន្នក្រុមហ៊ុន ថៃ វៀតចេត ប្រទេសថៃបានប្រតិបត្តិការជើងហោះហើរក្នុងស្រុកចំនួន ១៤ ជើង ក្នុងនោះរួមមានជើងហោះហើរពី ទីក្រុងបាងកក (សុវណ្ណភូមិ) ទៅ ឈៀងម៉ៃ ឈៀងរ៉ៃ ភូកេត ក្រាប៊ី អ៊ូដនថានី ហាតយ៉ៃ ខនខេន ណាខនស៊ី ថាម៉ារ៉ាត់ អ៊ូបន់ រ៉ាត់ឆាថានី និង ស៊ូរ៉ាត់ ថានី។ ចំណែកឯជើងហោះហើរឆ្លងតំបន់មាន ពីភូកេតទៅឈៀងរ៉ៃ ឈៀងម៉ៃ និង អ៊ូដុន ថានី រួមទាំងជើងហោះហើរត្រង់ពី ហាត់យ៉ៃ ទៅ ឈៀងរ៉ៃ ផងដែរ។ ក្រុមហ៊ុនក៏កំពុងតែពង្រីកបណ្តាញហោះហើរអន្តរជាតិរបស់ខ្លួនយ៉ាងសកម្មទៅកាន់គោលដៅជាច្រើននៅទូទាំងអាស៊ីប៉ាស៊ីហ្វិក ដោយភ្ជាប់ប្រទេសថៃជាមួយ វៀតណាម សិង្ហបុរី កោះតៃវ៉ាន់ និងគោលដៅផ្សេងៗទៀតនៅក្នុងតំបន់។ សម្រាប់ព័ត៌មានបន្ថែម៖ 012 33 00 22 ឬ www.vietjetair.com

To Top