បច្ចេកវិទ្យា

គណៈប្រតិភូក្រុមហ៊ុន Axiata Group Berhad និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជួបពិភាក្សាអំពីអនាគតវិស័យ ICT និងឌីជីថលនៅកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃ ១៥ ខែមិថុនា ឆ្នាំ ២០២២ – នាយកប្រតិបត្តិស្តីទីរួមក្រុមហ៊ុន Axiata Group Berhad លោកបណ្ឌិត Hans Wijayasuria និងប្រធានក្រុមហ៊ុន Smart Axiata លោក Tan Sri Dr Halim Shafie បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី ៨ ខែមិថុនា ដើម្បីបញ្ជាក់ការប្តេជ្ញាចិត្តជាថ្មីម្តងទៀតរបស់ក្រុមហ៊ុន Smart Axiata ក្នុងការជំរុញការអភិវឌ្ឍ​ន៍វិស័យទូរគមនាគមន៍ និងឌីជីថលរបស់ប្រទេសកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីនាយកប្រតិបត្តិស្តីទីក្រុមហ៊ុន Smart Axiata លោក Feiruz Ikhwan ភាគីទាំងពីរបានពិភាក្សាអំពីសារៈសំខាន់ និងសក្តានុពលនៃបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) ក្នុងការពន្លឿន និងពង្រីកសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា។ ភាគីទាំងអស់បានកត់សម្គាល់លើកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការលើកកម្ពស់អក្ខរកម្មឌីជីថល ការបង្កើនជំនាញឌីជីថល និងការវិនិយោគលើបច្ចេកវិទ្យាឌីជីថល និងទូរគមនាគមន៍គឺជាមធ្យោបាយដ៏សំខាន់ក្នុងការពង្រឹងចក្ខុវិស័យឌីជីថលរបស់ព្រះរាជាណាចក្រកម្ពុជា។

តំណាងក្រុមហ៊ុន Axiata Group Berhad ក៏បានពិភាក្សាលើរបៀបដែលក្រុមហ៊ុនពង្រីកវិសាលភាពឌីជីថលទៅក្នុងសហគមន៍នានាទូទាំងប្រទេសចំនួន ១១ ក្នុងតំបន់អាស៊ាន និងអាស៊ីខាងត្បូង ស្របតាមគោលបំណងរបស់ខ្លួនក្នុងការជំរុញសក្ដានុពលក្នុងតំបន់អាស៊ី ខណៈបង្ហាញបំណងប្រាថ្នាដើម្បីប្រើប្រាស់អនុភាពរបស់ខ្លួនក្នុងតំបន់ និងសហការជាមួយក្រសួងក្នុងគោលបំណងផ្លាស់ប្តូរគំនិត ក៏ដូចជាសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលអនាគត។ បច្ចុប្បន្ននេះ ក្រុមហ៊ុនទូរគមនាគមន៍ចល័តប្រចាំតំបន់ បានបម្រើសេវាដល់អតិថិជនដែលកំពុងប្រើប្រាស់ទូរសព្ទចល័តចំនួន ១៦៣.១ លាននាក់ និងបានផ្តល់ឱកាសការងារប្រមាណ ៧០០ ០០០ កន្លែងនៅក្នុងតំបន់ផងដែរ។

លើសពីនេះ ក្នុងនាមជាបុត្រសម្ព័ន្ធមួយក្នុងតំបន់របស់ក្រុមហ៊ុន Axiata ការរួមចំណែកចុងក្រោយបំផុតរបស់ក្រុមហ៊ុន Smart Axiata ដល់សេដ្ឋកិច្ចកម្ពុជា មានចំនួន ៤១៦ លានដុល្លារអាមេរិកដល់សេដ្ឋកិច្ចជាតិ ដែលតំណាងឱ្យ ១,៦ភាគរយនៃផលិតផលជាតិសរុប (GNP) របស់កម្ពុជា ដែលទឹកប្រាក់ជាង ១០០ លានដុល្លារ បានបង់ចូលកាតព្វកិច្ចពន្ធ​អាករ ហើយទឹកប្រាក់៨០លានដុល្លារបន្ថែមទៀតត្រូវបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។ ឆ្លៀតក្នុងឱកាសនេះ តំណាងក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុន Axiata Group បានរំលឹកឡើងវិញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តបង្កើតឥទ្ធិពលវិជ្ជមានក្នុងសហគមន៍តាមរយៈការវិនិយោគផ្ទាល់ និងកម្មវិធីសង្គម។

ក្រុមហ៊ុន Smart Axiata ចំណាយជាង ១ ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួនលើកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន នៅក្នុងវិស័យអប់រំ បរិស្ថាន និងនវានុវត្តន៍បច្ចេកវិទ្យា។ តាមរយៈ មូលនិធិការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងពត៌មាន (មូលនិធិ ស.អ.) ក្រុមហ៊ុន Smart Axiata ផ្តួចផ្តើម និងសហការជាមួយភាគីពាក់ព័ន្ធជាច្រើន ហើយទទួលបានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីនាំយកកម្មវិធីដែលបង្កើតប្រព័ន្ធអេកូឌីជីថលដែលមានភាពធន់ ខណៈជួយបំប៉ងជំនាញនិងចំណេះដឹងសំខាន់ៗដល់ប្រជាជនកម្ពុជាជំនាន់ក្រោយ  ដើម្បីធ្វើឲ្យសេដ្ឋកិច្ចឌីជីថលរីកចម្រើន។

តាមរយៈ មូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (មូលនិធិ ក.ស.ទ.) ក្រុមហ៊ុនក៏បានបង់វិភាគទាន២ភាគរយនៃប្រាក់ចំណូលរបស់ខ្លួនពីសេវាចល័តដល់គម្រោងនានាជាច្រើនរៀងរាល់ឆ្នាំ ដែលជួយជំរុញការពង្រីកនិងធ្វើឲ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធអិុនធឺណិតចល័ត និងគុណភាពនៃបណ្តាញ ។  

ក្រុមហ៊ុន Smart Axiata គឺជាអ្នកគាំទ្រដំណើរការប្រព័ន្ធអេកូឌីជីថល និងគាំទ្រយ៉ាងពេញទំហឹងចំពោះចក្ខុវិស័យរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងការបង្កើតឌីជីថលកម្ពុជា ដោយក្រុមហ៊ុន Smart គាំទ្រយ៉ាងសកម្ម និងបណ្ដុះបណ្ដាលអាជីវកម្មឌីជីថលទើបបង្កើតថ្មី និង សហគ្រិនបច្ចេកវិទ្យារបស់កម្ពុជា ហើយបន្តពង្រីក និងការអភិវឌ្ឍន៍អ្នកដឹកនាំឌីជីថលដែលនឹងរួមចំណែកដល់ការលើកកម្ពស់កំណើនឌីជីថលរបស់ប្រទេសកម្ពុជា នៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី ៤ នាពេលខាងមុខ។

ជាកិច្ចចុងក្រោយតំណាងក្រុមហ៊ុន Axiata Group និងតំណាងក្រុមហ៊ុន Smart Axiata បានថ្លែងអំណរគុណដល់ក្រសួង ដែលបន្តការគាំទ្រ និងកិច្ចសហការក្នុងគោលបំណងរួមគ្នា ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាឆ្ពោះទៅមុខ ខណៈលុបបំបាត់គម្លាតឌីជីថល និងបន្តផ្តល់ស្ថិរភាពនៃបណ្ដាញទំនាក់ទំនងសម្រាប់ប្រជាជនកម្ពុជា៕

To Top