ភ្នំពេញ៖កាលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹព្រេមៀសេនធ័រ សែនសុខ។
កម្មវិធីនេះត្រូវបានបែងចែកជា ២ ផ្នែក ពេលព្រឹកជាកម្មវិធីបើកបរសាកល្បងដែលអតិថិជនទាំងអស់អាចអញ្ជើញចូលរួមបើកបរសាកល្បងជាមួយរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 ជាច្រើនគ្រឿងទាំងប្រភេទ Ford Ranger XLT និង Ford Ranger Wildtrak ជាមួយនឹងអ្នកជំនាញបច្ចេកទេស Ford និងទទួលបានការរៀនពីវគ្គបណ្តុះបណ្តាលស្តីពីការបើកបរដែលធ្វើឲ្យលោកអ្នកទទួលបានបទពិសោធន៏បើកបរដ៏ថ្មីស្រឡាងជាមួយនឹងបច្ចេកវិទ្យាយ៉ាងច្រើនលើសពីការរំពឹងទុក។
សម្រាប់កម្មវិធីពេលល្ងាចគឺជាពិធីសម្ពោធជាផ្លូវការនៃរថយន្តនេះដែលបានអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអតិថិជន Ford ផងដែរ។ កម្មវិធីនេះក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ពី លោក ឈួន ដារ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម លោក Benjamin V. Wohlauer ភារធារីនៃស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Dianne Craig អគ្គនាយិកាគ្រប់គ្រងក្រុមទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company លោកស្រី Yukontorn Wisadkosin អគ្គនាយិកាគ្រប់គ្រងទីផ្សារអាស៊ាននៃក្រុមហ៊ុន Ford Motor Company លោក Kevin Whitcraft អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (គ្រុប) លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) គណៈគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងក្រុមហ៊ុន Ford Motor Company និងបណ្តាមិត្តអ្នកសារព័ត៌មានជាច្រើន។

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)បានមានប្រសាសន៍ថា៖ “រថយន្ត Ford មានភាពល្បីល្បាញទូទំាងប្រទេសកម្ពុជា នឹងត្រូវបានប្រជាជនខ្មែរទទួលស្គាល់ដោយសារគុណភាព សុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗនៃរថយន្ត Ford។ អាស្រ័យហេតុនេះហើយទើបរថយន្ត Ford បានទទួលចំណាត់ថ្នាក់លេខ១ក្នុងចំណែកទីផ្សាររថយន្តថ្មីនៅប្រទេសកម្ពុជាអស់រយៈពេលច្រើនឆ្នាំជាប់ៗគ្នា។ ហើយមួយផ្នែកធំនៃសមិទ្ធិផលនេះបានមកពីការលក់រថយន្ត Ford Ranger ហើយសម្រាប់ថ្ងៃនេះក្រុមហ៊ុននឹងនាំយកអ្វីថ្មីមកជូនដល់អតិថិជនទាំងអស់គ្នា ដែលក្រុមហ៊ុននឹងធ្វើពិធីសម្ពោធជាផ្លូវការខ្នាតធំពុំធ្លាប់មាននៅប្រទេសកម្ពុជាសម្រាប់រថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 ត្រូវបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង។

លោកស្រី Dianne Craig អគ្គនាយិកាគ្រប់គ្រងក្រុមទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company ក៏បានមានប្រសាសន៍ថា រថយន្ត Ford Ranger គឺជាដៃគូដ៏ជឿជាក់មួយរបស់ម្ចាស់អាជីវកម្មខ្នាតតូច កសិករ គ្រួសារ អ្នកផ្សងព្រេង និងអាជីវកម្មនានានៅតាមទីផ្សារបណ្តាប្រទេសជាង ១៨០នៅជុំវិញពិភពលោក។ ទីផ្សារមួយក្នុងចំណោមនោះគឺព្រះរាជាណាចក្រកម្ពុជាដែលមានចំណែកទីផ្សាររហូតដល់ទៅ ៦១ភាគរយនៃរថយន្ត Pickup ខ្នាតកណ្តាលនេះជាតួលេខខ្ពស់បំផុតនៅលើពិភពលោក។ ពួកយើងពិតជាមានមោទនភាពចំពោះលទ្ធផលនេះ ហើយសម្រាប់រថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 នេះពួកយើងរំពឹងថានឹងមានកំណើនខ្ពស់ជាងមុននៅក្នុងចំណែកទីផ្សារ ដោយសារតែនេះរថយន្ត Pickup ខ្នាតកណ្តាលល្អបំផុតនាពេលបច្ចុប្បន្ននេះ។

លោក Benjamin V. Wohlauer ភារធារីនៃស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជាបានសម្តែងនូវការកោតសរសើរមកកាន់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា)ថា ក្នុងនាមជាមន្រ្តីការទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ខ្ញុំពិតជាសេចក្តីសោមនស្សរីករាយនៅពេលបានឃើញការគាំទ្រយ៉ាងពេញទំហឹងនៃផលិតផលអាមេរិក ជាក់ស្តែងគឺរថយន្ត Ford តែម្តង។ គួរបញ្ជាក់ផងដែរថាទំនាក់ទំនងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិកមាន ភាពរឹងមាំ ដោយសារកត្តាជាច្រើនដូចជា ទំនាក់ទំនងការទូត ការវិនិយោគ និងការគាំទ្រទៅលើផលិតផលអាមេរិក។ ពួកយើងពិតជាសង្ឃឹមថានឹងអាចឃើញម៉ាកយីហោផលិតផលអាមេរិក និងផលិតផលអាមេរិកបន្ថែមទៀតក្នុងប្រទេសកម្ពុជា តួយ៉ាងដូចជារថយន្ត Ford ត្រូវបានបើកបរពាសពេញផ្ទៃប្រទេស។

លោក ឈួន ដារ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា យើងសង្ឃឹមថាការដាក់សម្ពោធជាផ្លូវការនៃរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 នេះគឺផ្តល់នូវសារសំខាន់ មិនត្រឹមតែជាប្រយោជន៍ដល់ក្រុមហ៊ុនប៉ុណ្ណោះទេ តែក៏ផ្តល់ប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ផ្នែកពាណិជ្ជកម្ម ហើយក៏ដូចជាបណ្តាប្រទេសជាច្រើនដែលពាក់ព័ន្ធដែលបានមកវិនិយោគនៅកម្ពុជាយើងនេះផងដែរ។
គួរបញ្ជាក់ថា នេះជាកម្មវិធីសម្ពោធរថយន្តដែលធំជាងគេពុំធ្លាប់នៅប្រទេសកម្ពុជាត្រូវបានប្រារព្ធឡើងរហូតដល់ទៅ ៧ អគារ និងមានអតិថិជនចូលរួមយ៉ាងច្រើនកុះករ។ គេជឿជាក់ថារថយន្តនេះនឹងមកបន្តតំណែងពីរថយន្ត Ford Ranger ស៊េរីមុនដែលឈរជើងជារថយន្ត Pickup ថ្មីដែលលក់ដាច់ជាងគេក្នុងទីផ្សារប្រទេសកម្ពុជា ដោយសារតែរថយន្តនេះមាននូវភាពឆ្លាតវៃ ធន់រឹងមាំ និងទំនើបអស្ចារ្យលើសគេ៕




