អត្ថបទ

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បន្ត​ប្តេជ្ញាជួយ​សហគមន៍​មូលដ្ឋាន​នៅ​កម្ពុជា​ តាមរ​យៈ​​​ការ​​ដាំដើម​កោង​កាង​នៅសហគមន៍​ ក្នុង​​ខេត្ត​កំពត

ភ្នំពេញ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២៖ ដើម្បី​អបអរសាទរ​រុក្ខទិវា​​ឆ្នាំ២០២២ ក្រុម​ហ៊ុន ហ៊ិននីគែន ខេមបូឌា ដាំដើមកោងកាងចំនួន ២០២២​ដើម នៅឃុំត្រពាំងសង្កែ ខេត្តកំពត។ ការដាំដើម​កោងកាងនេះ​​​ ក៏គាំទ្រ​ផង​ដែរ​ដល់​គម្រោង​អភិរក្ស​ដែលកំពុង​បន្តធ្វើឡើង​​​របស់​​ក្រសួង​បរិស្ថាន​កម្ពុជា​​ ដើម្បីការពារ​និងស្តារ​ព្រៃកោងកាងដ៏​សំខាន់នេះ​ឡើង​វិញ​នៅ​តាម​តំបន់​​ឆ្នេរ​សមុទ្រ​នៃ​ព្រះ​​រាជា​​ណា​ចក្រ​កម្ពុជា។

គំនិត​ផ្តួចផ្តើម​ចុងក្រោយ​បំផុត​នេះ​ គឺ​ជាផ្នែក​មួយ​នៃការប្តេជ្ញាចិត្ត​រយៈ​ពេលវែង​របស់​​ក្រុមហ៊ុន ហ៊ិននីគែន ក្នុងការ​អភិវវឌ្ឍ​ប្រទេស​​កម្ពុជា​ឱ្យ​កាន់​តែមាន​ភាព​បៃតង ​សម្រាប់​មនុស្ស​ជំនាន់​​បច្ចុប្បន្ន និង​​អនាគត ខណៈ​ពេល​ដែល​គម្រោងនេះនឹងជួយ​ដល់​សហគមន៍មូលដ្ឋានយោង​តាម​​​ពាក្យ​ស្លោក​ “ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ” របស់​ខ្លួនផងដែរ។

ព្រៃ​កោងកាង​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​កម្ពុជា គឺ​ជា​តំបន់​ដែល​សម្បូរ​ដោយជីវ​ចម្រុះ​ដែល​ប្រជា​​ពលរដ្ឋ​​ក្នុង​​មូលដ្ឋាន​​ជាច្រើន​គ្រួសារពឹង​ផ្អែក​លើ​ព្រៃ​ទាំង​នេះ​ ដើម្បីចិញ្ចឹមជីវិត​របស់​ពួក​គេ​តាម​រយៈ​ការ​នេសាទ ធ្វើ​ជា​​សម្ភារ​សំណង់ និង​ទេសចរណ៍​ធម្មជាតិ​ជា​ដើម។ ការការពារ និង​ការស្តារព្រៃ​​កោងកាង​ឡើងវិញ ក៏ផ្តល់​ជា​របាំង​​ការពារ​​ធម្មជាតិ​ដ៏​ល្អបំផុត​​មួយ​ផង​ដែរ​ទៅ​នឹង​បម្រែ​​បម្រួល​​អាកាសធាតុ ព្រោះ​វា​ចូល​រួមចំណែក​ដល់​ការ​ស្រូប​យក​កាបូន និង​កាត់​បន្ថយ​ភាព​សឹក​រិចរឹល​នៅ​តាម​​​ច្រាំង​សមុទ្រ​​​​ ដែល​ជួយ​​ការពារ​សហគមន៍​​នៅតំបន់​សមុទ្រ​ពី​​ការ​ជន់​លិច​តាម​តំបន់​ឆ្នេរ ខ្យល់​បក់​ខ្លាំង និង​រលក​ធំៗ​ជា​ដើម។

ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និងលោកស្រី Anne Ollivier នាយក​ផ្នែក​កិច្ចការសាជីវកម្ម​របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានចូលរួម​ជា​គណអធិបតី​នៅក្នុង​​ក្នុង​​ពិធីដាំ​ដើម​កោងកាង​នេះ។

ឥស្សរជន​ផ្សេងទៀត​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​នេះ​រួមមាន ​ ឯកឧត្តម សឹម យ៉ារ៉ែន អនុរដ្ឋ​លេខាធិការ​ក្រសួងបរិស្ថាន; លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន; ឯកឧត្តម នៃ គង់ អភិបាលរង​នៃ​គណៈអភិបាល​ខេត្តកំពត; ឯកឧត្តម ឡេង គឹមស្រុង អនុប្រធាន ស.ស.យ.ក. វិស័យបរិស្ថាន; លោក ទេស សំណាង អគ្គនាយករង​រដ្ឋបាលសាធារណៈ និងហិរញ្ញវត្ថុ; លោក ដាញ់ សេរី ប្រធាន ស.ស.ស.យ.ក វិស័យ​បរិស្ថាន; លោក ជួប ស៊ីវុត្ថា អនុ​ប្រធាន ស.ស.យ.ក វិស័យ​បរិស្ថាន; លោក ហែម សុចិត្ត អនុប្រធាន ស.ស.យ.ក. វិស័យបរិស្ថាន; លោក ម៉ឺន មករា អនុប្រធាន ស.ស.យ.ក. វិស័យបរិស្ថានលោក សុខ ថាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង; លោក សុខ អូរ័រ អនុប្រធាន​នាយកដ្ឋាន; លោក អេង ប៉ូឡូ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​​កំពត; លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូ និងលោក សឹម ហ៊ីម ប្រធានសហគមន៍ត្រពាំងសង្កែ។

បុគ្គលិក​​របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងប្រជាពលរដ្ឋនៅ​​សហគមន៍​ត្រពាំងសង្កែ​ក៏​បាន​​ចូល​រួមដាំ​ដើមឈើ​ក្នុង​កម្មវិធី​នេះ​ផងដែរ។

ថ្លែង​ក្នុង​ពិធីនោះ ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បានមាន​ប្រសាសន៍​​​ថា៖ «យើង​សូម​អរគុណ​ដល់​ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដែល​កំពុង​​នាំមុខ​ក្នុង​ការ​​សហការ​លើក​កម្ពស់​និរន្តរភាព និង​ការ​យល់ដឹង​អំពី​បរិស្ថាន​ជាមួយ​សហគមន៍​មូលដ្ឋាន​របស់​យើង ដូចជាត្រពាំងសង្កែ​នេះ​ជាដើម។ គំនិតផ្តួច​ផ្តើម​បែ​ប​នេះ​ជា​គន្លឹះ​សំខាន់​ក្នុង​ការ​ការពារ​បរិស្ថាន​​​កម្ពុជា ក៏​ដូចជា​​​លើក​កម្ពស់​និរន្តរភាព​សម្រាប់​ផល​ប្រយោជន៍​ប្រទេស​ជាតិ និង សហគមន៍​ផ្សេងៗ​ទៀត»។

លោក សឹម ហ៊ីម ប្រធាន​សហគមន៍​ត្រពាំង​សង្កែ​បាន​ថ្លែង​​ថា៖ «យើង​មាន​កិត្តិយស​ណាស់​ដែល​​​​​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បាន​ជ្រើសរើសសហគមន៍​​ត្រពាំង​សង្កែ​សម្រាប់​គំនិត​ផ្តួច​ផ្តើម​ដ៏មាន​តម្លៃ​​​នេះ។ នៅ​​​ត្រពាំងសង្កែ យើងផ្តល់គុណ​តម្លៃដល់​សហគមន៍​របស់​យើង និង​ថែរក្សា​បរិស្ថាន​ដ៏ស្រស់​ស្អាត​របស់​យើង។ ដោយមានការគាំទ្រពី​ក្រុមហ៊ុន ហ៊ិននីគែន យើង​ដឹង​ថា យើង​នឹង​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពីកម្មវិធី​​បរិស្ថាន​ប្រកប​​​ដោយ​និរន្តរភាព​នេះ»។

លោកស្រី Anne Ollivier នាយក​ផ្នែក​កិច្ចការសាជីវកម្ម​របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ​មាន​ប្រសាសន៍​ថា៖ «យើង​មាន​មោទនភាព​ដែល​បាន​ចូលរួម​ចំណែក​ដល់​គំនិត​ផ្តួច​ផ្តើម​​របស់​ក្រសួង​បរិស្ថាន ដើម្បី​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏សំខាន់​​​សម្រាប់​ប្រជាជន​ឃុំ​ត្រពាំង​​សង្កែ និង​​​អនាគត​កម្ពុជា។ ប្រព័ន្ធ​អេកូឡូស៊ី​ព្រៃកោង​កាង​រង​ការ​​គំរាម​កំហែង​ខ្លាំង​​ដោយ​សារ​សកម្មភាព​របស់​មនុស្ស ហើយ​ការ​បាត់បង់​​ព្រៃនេះ​​បង្កការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់មនុស្សជាតិ និងជីវៈចម្រុះ។ ការ​ការពារ និង​ស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី​ទាំង​នេះ​ឡើង​វិញ​មាន​សារៈ​សំខាន់​ណាស់។ យើង​ទទួល​ស្គាល់ថា ការដាំ​ដើមកោង​កាង​សព្វថ្ងៃនេះ​គ្រាន់​តែជា​ទឹក​មួយ​ដំណក់​​​ប៉ុណ្ណោះ ប៉ុន្តែ​រាល់​ដំណក់​ទឹក​នីមួយៗ​នេះ​រួម​បញ្ចួលគ្នា ​អាចបង្កើត​ឱ្យ​មាន​តុល្យភាព​រវាង​សកម្មភាព​របស់​មនុស្ស និង​​ការការពារធម្មជាតិមិន​ឱ្យ​មាន​ការបំផ្លិចបំផ្លាញបរិយាកាស។ មហិច្ឆតា​របស់​យើង​​ចង់​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់​តែ​ប្រសើរ។ ឱកាស​បែបនេះ​​ជា​អ្វីដែល​ញ៉ាំង​​ទឹក​ចិត្ត​​​យើង​ឱ្យបន្ត​បង្កើត​ផល​វិជ្ជមាន​ជា​បន្ត​បន្ទាប់ទៀត»។

នៅ​​ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានដាំ​និងផ្តល់​​ដើមឈើជាង ២០០០​ដើម​ដល់សហគមន៍​មូលដ្ឋាន​នៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ព្រមទាំង​បាន​ដំឡើង​​បង្គោល​ភ្លើង​បំភ្លឺផ្លូវ​ពន្លឺថាមពល​ព្រះអាទិត្យចំនួន ១០០ បន្ថែមទៀត​នៅ​តាមដង​ផ្លូវ​ក្នុង​សហគមន៍នេះ។ ដោយសារ​ការ​ប្តេជ្ញាចិត្ត​ដ៏​មោះមុត​របស់​ខ្លួនខាង​ផ្នែក​បរិស្ថាន ក្រុមហ៊ុន ហ៊ិននីគែន កាល​ពី​ឆ្នាំ​មុន​ទទួល​បាន​ពានរង្វាន់​ផ្នែក​បរិស្ថាន “Eurocham CSR Environmental Award” ហើយក្រុមហ៊ុន​ក៏​បាន​ឧបត្ថម្ភ​ដល់​កិច្ចប្រជុំ​កំពូល​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជាលើក​ដំបូង​កាល​ពី​​ឆ្នាំ២០២១ទៀត​ផង។

ដោយ​សម្លឹង​ឆ្ពោះទៅមុខ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា រំពឹងថា​នឹង​​ឈាន​​ដល់​​ដំណាក់កាល​​សំខាន់​​​​មួយ​​ទៀត​សម្រាប់សសរស្តម្ភ​បរិស្ថាន​របស់​ខ្លួន នៅពេល​ដែល​រោងចក្រ​ជីវម៉ាស់​​ធំ​​ដំបូងគេ​​នៅ​​កម្ពុជា​ដាក់​ដំណើរការ​​នៅ​ឆ្នាំ​២០២២​នេះ ដែល​រោងចក្រ​នេះ​នឹង​អាច​ឱ្យ​ក្រុមហ៊ុន​ផលិត​​ស្រាបៀរ​មួយ​នេះ​សម្រេច​បាន​ការ​ប្រើប្រាស់​​ថាមពល​កំដៅ​កកើត​ឡើង​វិញ ១០០%​។ នេះ​គឺជា​ផ្នែកមួយ​នៃ​មហិច្ឆតារបស់​ក្រុមហ៊ុន​ក្នុង​ការ​សម្រេច​បាន​​អព្យាក្រឹតកាបូននៅក្នុង​ផលិត​កម្ម​របស់ខ្លួន​​នៅត្រឹម​ឆ្នាំ​២០៣០ និងនៅទូទាំងខ្សែច​ង្វាក់តម្លៃទាំងមូលនៅត្រឹម​ឆ្នាំ២០៤០៕

អំពី​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ក្នុងគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា​ដើម្បី​បំផុស​ឱ្យ​ពិភព​លោក​កាន់តែ​ប្រសើរ ក្រុមហ៊ុន​បង្កើត​ភាពជឿជាក់​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសា និង​អតិថិជន ដែលត្រូវ​ការ​ស្រាបៀរម៉ាក​យីហោ​ជាតិ​និង​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយសក្តានុពលរបស់ខ្លួននៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញ ក្រុមហ៊ុន​​​មាន​បុគ្គលិក​ ៧០០​នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០.០០០នាក់​​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​បំណង “ធ្វើ​ឱ្យប្រទេស​​កម្ពុជា​​កាន់តែ​​ប្រសើរ” ជា​មួយ​នឹង​​ការ​ផ្តោត​លើ​ការងារ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសាដោយ​ការ​ទទួល​ខុសត្រូវ​ ដែលស្ថិត​នៅលើ​មាគ៌ា​​ឆ្ពោះ​ទៅ​កាន់​ពិភពលោក​​ដែលមានអព្យាក្រិតភាពនៃ​កាបូន​ កាន់តែស្មើភាព និងពិភពលោក​កាន់​តែ​ស្រស់បំព្រង។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​អន្តរជាតិ​ល្បី​ឈ្មោះ​បំផុត​ក្នុងពិភពលោក៕

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖

គេហទំព័ររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា៖ https://www.heinekencambodia.com/

ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា៖ https://www.facebook.com/HEINEKENCambodia/

To Top