អត្ថបទ

ពិធីផលិតស្រាបៀរដំបូង របស់ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) ត្រូវបានបើកសម្ពោធជាផ្លូវការ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នេះ!

(ភ្នំពេញ) ពិធីផលិតស្រាបៀរដំបូងរបស់ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) នេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី28 ខែកក្កដា ឆ្នាំ2022 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដោយមានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី យ៉ាងអធិកអធមបំផុត។

ព្រឹត្តិការណ៍ដ៏មានសំខាន់នេះ ប្រារព្វធ្វើឡើងនៅទីតាំងរោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) ដោយផ្ទាល់ ដែលស្ថិតនៅក្នុងភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ក្នុងកិច្ចថ្លែងស្វាគមន៍ក្នុងពិធីដ៏មានអត្ថន័យនេះ លោកជំទាវ ឧកញ៉ា សុខ សុភាព អគ្គនាយិកា ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) បានមានប្រសាសន៍បញ្ជាក់ជូន ឯកឧត្តមគណអធិបតី និង ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ថា ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) ជាក្រុមហ៊ុនដែលបង្កើតឡើងដោយវិនិយោគិនខ្មែរ100% ក្រោមទឹកប្រាក់វិនិយោគសរុបចំនួន 78លានដុល្លាសហរដ្ឋអាមេរិក។

រោងចក្រដ៏ធំអស្ចារ្យមួយនេះ ចាប់ផ្ដើមសាងសង់កាលពីខែកក្កដា ឆ្នាំ2020 លើផ្ទៃដី15ហិចតា និងមានសមត្ថភាពផលិតស្រាបៀរបានចំនួន 500,000ហិចតូលីត្រ ឬ ស្មើរនឹង6,500,000កេសក្នុងមួយឆ្នាំៗ ព្រមទាំងអាចរួមចំណែកជាមួយរាជរដ្ឋាភិបាលបង្កើតការងារដល់យុវជនកម្ពុជាយើងចំនួន 550កន្លែងផងដែរ។

រោងចក្រសា្របៀរ របស់ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) ដ៏ធំនិងទំនើបដែលយើងបានឃើញនៅទីនេះត្រូវបានបំពាក់ដោយម៉ាស៊ីនផលិតស្រាបៀរបច្ចេកវិទ្យា​ទំនើបចុង​ក្រោយ​បំផុត​ពី​អឺរ៉ុប ដែលជាប្រទេសមានភាពល្បីល្បាញលើវិស័យផលិតស្រាបៀរលំដាប់ពិភពលោក។ ពិសេសជាងនេះទៀត រោងចក្រស្រាបៀរអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) មានអ្នកជំនាញផលិតដែលមានបទពិសោធខ្ពស់ រួមផ្សំនឹងសម្រិតសម្រាំងគ្រឿងផ្សំផលិតប្រកបដោយគុណភាពខ្ពស់ ដែលនឹងផ្ដល់នូវរសជាតិដ៏មហស្ចារ្យនិងទទួលបានភាពរីករាយលើសគេដល់អ្នកពិសាស្រាបៀរជាក់ជាមិនខានឡើយ។

គួរបញ្ជាក់ថាចាប់តាំងពីគម្រោងវិនិយោគដ៏ធំមួយនេះទទួលបានការអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅឆ្នាំ២០២០ ដំណើរការសាងសង់រោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា)បានធ្វើឡើងយ៉ាងសកម្មដោយភាពជឿជាក់និងទុកចិត្តខ្ពស់បំផុត ទោះក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាយើងកំពុងឆ្លងកាត់ការរីករាលដាលនៃរោគរាតត្បាតកូវីដ១៩ ក៏ដោយ។ ការណ៍នេះ បានកើតឡើងពីភាពជឿជាក់ និងទំនុកចិត្តខ្ពស់បំផុតរបស់ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច(ខេមបូឌា) លើការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យកម្ពុជាអាចយកឈ្នះបានលើសមរភូមិប្រយុទ្ធប្រឆាំងរោគរាតត្បាតកូវីដ១៩ យ៉ាងពិតប្រាកដ។  

ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរីច (ខេមបូឌា) នឹងផ្តើមដំណើរការផលិតស្រាបៀរចំនួនពីរប្រភេទមុនគេ គឺ ស្រាបៀរ ម៉ាទ្រីដ និង ស្រាបៀរ ឡឺ ស្កុទី។ ការយកចិត្តទុកដាក់ខ្ពស់លើប្រព័ន្ធសុវត្ថិភាព សុខភាព    អនាម័យយ៉ាងល្អឥខ្ចោះកម្រិតស្ដង់ដាអន្តរជាតិ និង ប្រព័ន្ធត្រួតពិនិត្យគុណភាពដែលប្រតិបត្តិដោយក្រុមការងារជំនាញច្បាស់លាស់ពីមន្ទីពិសោធន៍ចាប់តាំងពីដំណាក់កាលដំបូងរហូតដល់ចេញជាផលិត ផលសម្រេច នឹងធ្វើឱ្យអ្នកពិសាទទួលបាននូវបទពិសោធថ្មីនៃរសជាតិស្រាបៀរដ៏ឆ្ងាញ់ប្លែក ស្រាល ស្រទន់ និងភាពរីករាយមិនអាចបំភ្លេចបាន។

ពិសាដោយទទួលការខុសត្រូវ

To Top