អត្ថបទ

Royal Group សហការជាមួយ eCloudvalley ដៃគូប្រឹក្សាយោបល់ឈានមុខគេរបស់ Amazon Web Services (AWS) ដើម្បីបង្កើនសមត្ថភាពសេវាកម្ម cloud ក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) បាន​ចុះ​ហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការជាមួយ eCloudvalley ដែលជាដៃគូប្រឹក្សាដ៏គួរឱ្យទុកចិត្តរបស់​ក្រុមហ៊ុន Amazon Web Services (AWS) ដើម្បីផ្ដល់សេវា និងពង្រីកជំនាញសេវាកម្មក្លោដ (cloud) នៅ​ក្នុង​ព្រះរាជា​ណា​ចក្រកម្ពុជា។ កិច្ចព្រម ព្រៀង ភាពជាដៃគូនេះបានប្រារព្ធឡើង​ក្រោម​អធិបតីភាព​របស់ ​​​អ្នកឧកញ៉ា គិត ម៉េង ​ប្រធានក្រុមប្រឹក្សា ភិបាលនៃក្រុមហ៊ុនរ៉ូយាល់គ្រុប ក្នុងពិធីចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់ (MOU) ជាមួយ eCloudvalley ដែលជាដៃគូប្រឹក្សាយោបល់​របស់​ក្រុមហ៊ុន Amazon Web Services (AWS) ដែលជា​​ទំរង់វេទិកា​ cloud ដ៏ទូលំទូលាយ និងមានការប្រើប្រាស់ច្រើនបំផុតមួយនៅលើ​ពិភពលោក។ កិច្ចព្រមព្រៀងនេះ​បាន​រៀបចំនៅឯការិយាល័យ​របស់​ក្រុមហ៊ុន Amazon Web Services ក្នុង​ប្រទេស​សិង្ហបុរី។

ភាពជាដៃគូនេះ​ត្រូវ​បាន​រំពឹង​ថា​នឹងជំរុញ់ការវិវត្តន៍នៃផ្នែកឌីជីថលអោយកាន់តែជឿនលឿនជាងមុន​សម្រាប់ព្រះរាជាណាចក្រកម្ពុជា តាម​រយៈ​​ការ​ផ្តល់​ជូន​​អ្នកប្រឹក្សាក្នុងស្រុក​ដែលមាន​ជំនាញ​លំដាប់​អន្តរជាតិ សម្រាប់​ផ្តល់ ​សេវាកម្ម​ប្រឹក្សា​យោបល់​និង​ដំណោះ​ស្រាយ​ពាក់​ព័ន្ធនឹង ​cloud ​បាន​ភ្លាមៗ ទៅតាមចំនួន និង​​តម្រូវការ​​ជាក់​ស្ដែង​ ជូន​អ្នកប្រើប្រាស់​ ក៏ដូចជាសាជីវកម្ម និងក្រុមហ៊ុនដែលផ្ដល់សេវា បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICT)នៅកម្ពុជា។ តាមរយៈជំនាញ​និង​បទពិសោធន៍ទាំងនេះ​ត្រូវបានរំពឹង​ថា​នឹង​បង្កើន​ជាអតិបរមា​នូវ​ប្រសិទ្ធភាព​លើ ​ការ​ចំណាយ កាត់បន្ថយពេលវេលាឆ្លើយតប ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​​​ចំណេះ​ជំនាញ​ផ្នែកឌីជីថល​នៅ​ក្នុង​ស្រុក ​ក៏ដូច​ជា​ជួយ​លើក​កម្ពស់​តួនាទី​របស់​ព្រះរាជា​ណា​ចក្រ​​​កម្ពុជាឱ្យ​ក្លាយ​ជាប្រទេស​ដែលមានសក្តានុពលផ្នែក “បច្ចេកវិទ្យា និង ឌីជីថល”។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើ​អនុស្សរណៈនៃការយោគយល់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សា ភិបាលនៃក្រុមហ៊ុនរ៉ូយាល់គ្រុប បាន​មានប្រសាសន៍ថា៖ «នេះគឺជាព្រឹត្តិការដ៏សំខាន់មួយទៀតសម្រាប់ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និង​វិស័យ ICT នៅ​កម្ពុជា។ ការចាប់ដៃគូ​ជា​មួយ​ eCloudvalley ដែល​ជា​ដៃគូប្រចាំ​​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ដំបូង​​របស់​ក្រុមហ៊ុន Amazon Web Services និង​ការនាំយក​ជំនាញ​​នេះមក​បណ្តុះបណ្តាលធនធានមនុស្សនៅព្រះរាជាណា​ចក្រ​កម្ពុជា សបញ្ជាក់ឱ្យ​ឃើញ​ពីបេសកម្មរបស់ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប យើងខ្ញុំ​ដែល​ជួយ​ពន្លឿន​វឌ្ឍនភាព​​ឌីជីថល​អោយកាន់ឆាប់រហ័ស​នៅ​កម្ពុជា និងបង្ហាញ​ពិភពលោក​ថា កម្ពុជា​ក៏​មានធនធាន និង​ឧបករណ៍​ឌីជីថល ដែល​អាចដាក់​កម្ពុជា​ចូល​ទៅ​ក្នុងផែនទី​ឌីជីថល ស្របទៅតាម​ផែនការយុទ្ធសាស្ត្រ​របស់រាជ​រដ្ឋាភិបាល ​​ក្រោម​ការដឹកនាំដ៏ឈ្លាសវៃ​របស់ ​សម្ដេច​អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា»។

តាមរយៈ គោលនយោបាយសេដ្ឋកិច្ច និងសង្គម​ឌីជីថល​កម្ពុជា ឆ្នាំ២០២១-២០៣៥ របស់​​រាជរដ្ឋាភិបាល បានផ្តោតជាសំខាន់ទៅលើ​​មធ្យោបាយដែលវិស័យឌីជីថលអាចផ្តល់នូវគំរូថ្មី​ដល់កំណើន​ សេដ្ឋកិច្ច​សម្រាប់​ប្រទេស​កម្ពុជា។ ប្រទេសកម្ពុជាបានដាក់ចេញនូវ​ចក្ខុវិស័យរបស់ខ្លួនក្នុងក្របខណ្ឌមួយ ដែល​មាន​ចំណងជើងថា “កសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀចំមូលដ្ឋាន គ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់់តួអង្គសង្គម ទាំងរដ្ឋ ទាំងធុរជន ដើម្បីជំរុញ សម្ទុះកំណើន សេដ្ឋកិច្ចថ្មី​ និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី”

eCloudvalley គឺជាដៃគូប្រឹក្សាយោបល់ដំបូងគេបង្អស់របស់ក្រុមហ៊ុន AWS នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយមាន​វត្តមាននៅ​ទូទាំង​តំបន់អាស៊ីប៉ាស៊ីហ្វិក ដូចជានៅ​ក្នុង​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ ឥណ្ឌូនេស៊ី វៀតណាម ក្រុង​ហុងកុង និងប្រទេសចិន។ ក្នុងឆ្នាំ 2020 ក្រុមហ៊ុនស្រាវ​ជ្រា​វ​និងផ្តល់ប្រឹក្សា Gartner បាន​ដាក់​ឈ្មោះ eCloudvalley ថាជាស្ថាប័ន​ “មួយក្នុងចំណោមក្រុមហ៊ុន 16 នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិកដែល​ផ្តល់​សេវា cloud សាធារណៈ (Asia Pacific Representative Vendors of Public Cloud MSP)” ហើយត្រូវបាន ChannelE2E ដែលជាក្រុមហ៊ុន​ស្រាវ​ជ្រាវ​បច្ចេក​វិទ្យា​ដ៏ល្បី​ល្បាញ​មួយដែរ បានដាក់ចំណាត់ថ្នាក់ជូន​លេខ 6 ក្នុង​ចំណោម​ស្ថាប័ន​ផ្ដល់សេវាកំពូលទាំង 100 (Top 100 Vertical Market MSPs) ក្នុងពិភពលោក។ នៅឆ្នាំ 2022 eCloudvalley បាន​ឈ្នះ​ពានរង្វាន់​ជាច្រើន​នៅ​ក្នុង​ទីផ្សារ​អាស៊ី រួមមាន ពានរង្វាន់ដៃគូឯកទេស AWS ប្រចាំ​ឆ្នាំ​នៅ​អាស៊ាន, ដៃគូសេវាកម្ម AWS ប្រចាំ​ឆ្នាំ​នៅ​អាស៊ាន, ដៃគូ AWS ប្រចាំឆ្នាំ​នៅម៉ាឡេស៊ី, ដៃគូ AWS ប្រចាំ​ឆ្នាំ​​នៅ​ហ្វីលីពីន, ដៃគូAWS ប្រចាំ​ឆ្នាំ​​នៅទីក្រុង​ហុងកុង។

លោក MP Tsai នាយកប្រតិបត្តិ eCloudvalleyបានថ្លែង​ថា៖ «ភាព​ជា​ដៃគូជា​មួយ​​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បង្ហាញថា eCloudvalleyនឹង​បន្ត​រក្សា​​ការសន្យា​របស់​យើង​សម្រាប់​​ការ​ពន្លឿន​​ការ​​ផ្លាស់​ប្តូរ​ឌីជីថល​​នៅទូទាំងពិភពលោក។ ការ​ដែល​មាន​ក្រុមការងារ​ក្នុង​ស្រុក​ដែលទទួល​​បាន​​ការ​គាំទ្រ​ពី​ក្រុម​ការងារ​អន្តរជាតិ សបញ្ជាក់​​ពី​ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​អតិថិជន​របស់​យើង។ eCloudvalleyមាន​កិត្តិយស​ក្នុង​ការសហការជាមួយ រ៉ូយ៉ាល់គ្រុបដែលជា​ក្រុមហ៊ុន​​ដែលមាន​កិត្យានុភាព​បំផុត​នៅ​កម្ពុជា ដើម្បីពន្លឿនការផ្លាស់ប្តូរនៃ​វិស័យ​ឌីជីថល​ក្នុង​ប្រទេស​នេះ។ eCloudvalleyនឹង​ផ្តល់​ការ​បណ្តុះ​បណ្តាល​ដើម្បី​បង្កើត​ក្រុមបច្ចេកទេស​ដល់បុគ្គលិកជំនាញ ក៏ដូចជា​ចែក​រំលែក​បទពិសោធន៍ cloudសកល​របស់​យើង​ជាមួយទីផ្សារ​ក្នុង​ស្រុក​ផងដែរ។ ដោយរួមគ្នាជាមួយ រ៉ូយ៉ាល់គ្រុប យើង​ជឿ​ជាក់ថា សេវា cloud នឹង​ក្លាយ​ជា​កម្លាំង​រុញច្រាន​ការពន្លឿន​ការផ្លាស់ប្តូរ​​វិស័យ​ឌីជីថល​ក្នុង​ប្រទេស​កម្ពុជា។

ការទទួលយកសេវា cloud នៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស​ដែល​​មិនធ្លាប់​មាន​ពីមុនមក។ និន្នាការនេះត្រូវបានគេរំពឹងថា នឹងបង្កើនល្បឿន និង​ធានាដល់​ការជួយ​អតិថិជន​របស់​យើង​ឱ្យដើរឱ្យ​ទាន់ការវិវឌ្ឍ​ចុងក្រោយនៃបច្ចេកវិទ្យានេះ។ ការសហការនេះ​ធ្វើឡើងចំពេលវេលាល្អ ដើម្បី​កសាង​​សមត្ថភាពផ្នែក cloud​ នៅកម្ពុជា។ វាក៏នឹងដើរ​តួនាទីយ៉ាងសកម្មជាកន្លែងបំពាក់បំប៉នជំនាញ តាម​រយៈ​ការបង្កើតសិក្ខាសាលា វគ្គបណ្តុះបណ្តាល និង​ការអនុវត្តល្អបំផុត ដែល​ក្រុមហ៊ុន​អាជីវកម្ម​អាច​ប្រើ​ប្រាស់​បាន​ដើម្បីអភិវឌ្ឍខ្លួន និងត្រៀមខ្លួនសម្រាប់ថ្ងៃអនាគត។

​ការផ្តល់​ជូនសេវាកម្ម​ពី​ការ​សហការ​នេះ​​រួមមាន ការផ្ទេរទិន្នន័យ​ទៅរក្សាទុកនៅក្នុង cloud ការបណ្តុះបណ្តាលអំពី cloud ដំណោះ​ស្រាយ​ផ្នែក​ទិន្នន័យ អ្នកផ្តល់សេវាជំនាន់ក្រោយ និងភ្លែតហ្វមគ្រប់គ្រង cloud ដោយស្វ័យប្រវត្តិ និងមុខងារជាច្រើនទៀត៕

អំពីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែល​​ជាក្រុមហ៊ុន​​​​វិនិយោគ​​ជា​យុទ្ធសាស្ត្រ​​របស់​​កម្ពុជា នឹងបាន​ទទួល​ស្គាល់ថា​ជា​ក្រុមហ៊ុន​​ពហុ​ផលិត​ផល​​ដ៏ធំ​និង​មាន​ការ​វិនិយោគ​​​ចម្រុះ​បំផុត​​របស់​កម្ពុជា។ ក្រុមហ៊ុន​ រ៉ូយាល់ គ្រុប វិនិយោគ​​​នៅក្នុង​ឧស្សាហកម្ម​ជា​ច្រើន​ រួម​មាន​ទូរគមនាគមន៍ ការដឹកជញ្ជូន ថាមពល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការកម្សាន្ត ធនាគារ​និងហិរញ្ញវត្ថុ ធានារ៉ាប់រង សណ្ឋាគារ​និង​រមណីយដ្ឋាន ការអប់រំ ការ​អភិវឌ្ឍ​អចលនទ្រព្យ ការ​ជួញ​ដូរ​និង​កសិកម្ម។

ជា​ច្រក​​​វិនិយោគយុទ្ធសាស្ត្រ​មួយ​មក​កាន់​ប្រទេសក​ម្ពុជាដែល​មានប្រវត្តិក្នុងការ​បង្កើត​ភាពជាដៃគូឈានមុខគេក្នុង​ទីផ្សារ​ដ៏ជោគជ័យ​ជា​មួយ​អ្នកវិនិយោគ​ក្នុងវិស័យ​ឧស្សាហកម្មចម្រុះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ផ្តល់​សក្តានុពល​វិនិយោគ​ដ៏លើសលប់​នៅ​ក្នុង​សេដ្ឋកិច្ច​ទីផ្សារ​សេរីមួយ​ក្នុង​ចំណោមសេដ្ឋកិច្ច​​ទីផ្សារ​សេរី​​ពិត​​ប្រាកដដំបូង​គេនៅ​ក្នុងតំបន់​ទន្លេ​មេគង្គ៕

To Top