អត្ថបទ

ក្រុមហ៊ុនដ៏ល្បី H&M ប្រកាសបើកសាខាថ្មីកាន់តែធំ ក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល

ក្រុមហ៊ុនផលិតសម្លៀកបំពាក់ដ៏ល្បី លំដាប់ពិភពលោក H&M នៅថ្ងៃទី១៤ ខែសីហា បានចុះអនុស្សារណៈ នៃការយោគយល់ជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ដើម្បីបើកសាខាថ្មីបន្ថែមមួយទៀត នៅក្នុងប្រទេសកម្ពុជា ស្ថិតក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលមានទំហំកាន់តែធំ ដោយគ្រោងនឹងបើកដំណើរការ នៅពាក់កណ្តាលខែកញ្ញាខាងមុខនេះ។

តាមរយៈពិធីចុះអនុស្សារណៈ នៃការយោគយល់ដែលធ្វើឡើង នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រុមហ៊ុន H&Mនិងក្រុមហ៊ុន ជីប ម៉ុង រីថែល បានសហការរួមគ្នា ដើម្បីនាំយកបទពិសោធន៍នៃការទិញសម្លៀកបំពាក់ យ៉ាងល្អឥតខ្ចោះដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសយុវវ័យសម័យថ្មី ដែលចូលចិត្តម៉ូដសម្លៀកបំពាក់ថ្មីៗ និងមានច្រើនបែបច្រើនយ៉ាង។  

លោកជំទាវ លី សុខឆេង អគ្គនាយិកានៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានថ្លែងក្នុងពិធីយ៉ាងដូច្នេះថា៖ «អនុស្សារណៈនៃការយោគយល់នាពេលនេះ គឺឆ្លុះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល និងក្រុមហ៊ុន H&M ក្នុងការផ្តល់ជូននូវផលិតផល សេវាកម្ម និងបទពិសោធន៍ល្អឥតខ្ចោះ សម្រាប់ប្រជាជនកម្ពុជា។ លើសពីនេះ កិច្ចសហការនេះក៏បង្ហាញ ពីគោលដៅរួមរបស់យើងក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារ និងការជំរុញឲ្យមានការបញ្ជាទិញក្នុងស្រុក កាន់តែច្រើនព្រោះប្រជាជនកម្ពុជាពុំចាំបាច់ធ្វើដំណើរទៅក្រៅប្រទេស ដើម្បីទិញសម្លៀកបំពាក់ម៉ាក H&M ទៀតនោះទេ»។ 

លោកជំទាវ​ លី សុខឆេង បានឲ្យដឹងបន្ថែមថា ក្រុមហ៊ុន ជីប ម៉ុង រីថែល ពិតមានមោទកភាពយ៉ាងខ្លាំង ចំពោះភាពជាដៃគូជាមួយក្រុមហ៊ុន H&M ។

លោក Philippe Lassaux នាយកក្រុមហ៊ុន H&M បានមានប្រសាសន៍ថា៖ «យើងពិតជារីករាយណាស់ ដែលបានចុះអនុស្សារណៈនៃការយោគយល់នាពេលនេះ ដែលនឹងនាំមកនូវផលប្រយោជន៍ជាច្រើន ដល់ក្រុមហ៊ុនទាំងពីរ និងអតិថិជនរបស់យើង។ យើង​បាន​សម្រេច​ចិត្ត​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន ជីប ម៉ុង រីថែល ដោយសារ​ទំនុកចិត្តខ្ពស់ ទៅលើភាពជាដៃគូមួយនេះ»។ 

បើតាមលោក Philippe Lassaux សាខាថ្មីរបស់ក្រុមហ៊ុន H&M មានទំហំធំរហូតដល់ទៅ ២១០០ ម៉ែត្រការ៉េ និងមានរហូត២ជាន់ជាមួយនឹងការរចនាយ៉ាងទាក់ទាញ ដែលគ្រោងនឹងបើកសម្ពោធនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ស្របពេលជាមួយគ្នាទៅនឹងការបើកសម្ពោធសាកល្បងនៃមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល។ 

ហេតុដូច្នេះ អតិថិជនទាំងអស់ សូមកុំភ្លេចរង់ចាំ ចូលទស្សនាមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល នៅថ្ងៃសម្ពោធខាងមុខនេះ។ 

ក្រុមហ៊ុន ជីប ម៉ុង រីថែល ជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានវិនិយោគទឹកប្រាក់ប្រមាណជាង ៥០០ លានដុល្លារអាមេរិក ដើម្បីពង្រីកអាជីវកម្មក្នុងវិស័យលក់រាយ និងផ្សារទំនើបនៅកម្ពុជា ដែលបានបន្តពង្រីកខ្លួនកាន់តែធំ និងចាក់ឬសកាន់តែជ្រៅទៅក្នុងវិស័យនេះ។ មណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាគម្រោងវិនិយោគធំជាងគេបំផុត របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលនឹងផ្លាស់ប្តូរបទពិសោធន៍ នៃការទិញទំនិញរបស់ប្រជាពលរដ្ឋកម្ពុជា។ មានទីតាំងនៅតំបន់ពាណិជ្ជកម្មដ៏មមាញឹកមួយនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ មណ្ឌលផ្សារទំនើបខ្នាតយក្សមួយនេះគឺជា «ពិភពនៃម៉ាកល្បីៗលំដាប់អន្តរជាតិ» ដែលភាគច្រើនជាម៉ាកថ្មីៗផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ដើម្បីបម្រើតម្រូវការរបស់អតិថិជន ដែលកំពុងកើនឡើង។

ក្រុមហ៊ុន H&M គឺជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ ដ៏ល្បីល្បាញមួយ មានទីស្នាក់ការនៅប្រទេសស៊ុយអែត ដែលបច្ចុប្បន្នមានហាងជាង ៤៨០០ នៅទូទាំងពិភពលោក។ ក្រុមហ៊ុន H&M មាន​រោងចក្រ​ផលិត​សម្លៀក​បំពាក់ ​នៅប្រទេស​កម្ពុជា ចាប់​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៩០ ក៏ប៉ុន្តែទើបតែឆ្នាំ២០២២ប៉ុណ្ណោះ ដែលក្រុមហ៊ុនបើកហាងនៅប្រទេសកម្ពុជា ដែលនឹងមានផលិតផលសម្លៀកបំពាក់សម្រាប់មនុស្សគ្រប់វ័យ៕

To Top