ភ្នំពេញ៖ ក្រោយបើកដំណើរការ កម្មវិធីប្រកួតអាជីវកម្ម Start up ជាង៤ខែហើយមកនេះ កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយបានរកឃើញម្ចាស់ជ័យលាភីចំនួន ៣ក្រុម ដែលមានម៉ូឌែលអាជីវកម្ម បែបថ្នាលឌីជីថល ប្រកបដោយភាពច្នៃប្រឌិត។
កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល ដែលបានឈានចូលដល់ វគ្គផ្តាច់ព្រ័ត្រដែលហៅថា «ថ្ងៃបទបង្ហាញសាធារណៈ» បានរៀបចំឡើង ក្រោមអធិបតីភាព បណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ», លោក Han Peng Kwang, អគ្គនាយកនៃធនាគារ វីង (ខេមបូឌា) ម.ក, លោកបណ្ឌិត លឹម អូន អគ្គនាយកនៃធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា, លោក Yao Yuya នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ។
ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ មានក្រុម Start up ចំនួន៧ក្រុម បានធ្វើបទបង្ហាញដល់គណៈកម្មការពីទិសដៅ និងលក្ខណៈពិសេសនៃអាជីវកម្មរបស់ខ្លួន ដែលអាចចូលរួមដោះស្រាយបញ្ហាសង្គម តាមយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
ក្រោយពីបទបង្ហាញរបស់ក្រុមទាំង៧ រួចហើយ គណៈកម្មការទាំង៥រូប បានធ្វើការវិនិច្ឆ័យប្រកប ដោយអព្យាក្រឹតភាព និងសម្រេចប្រគល់ជ័យលាភីលេខ១ជូនដល់ Localize ជាមួយនឹងប្រាក់រង្វាន់ ៤០លានរៀល, ជ័យលាភីលេខ២បានទៅលើក្រុម Cambofinance ទទួលបានប្រាក់រង្វាន់ ៣០លានរៀល និងជ័យលាភីលេខ៣គឺក្រុម Jobify ទទួលបានប្រាក់រង្វាន់ ២០លានរៀល។
ទោះបីជាបេក្ខជន ចំនួន៤ក្រុមទៀតរួមមាន អួត App, Tap App, CancerCo., និង Kela មិនបានទទួលជ័យលាភីក៏ដោយ ក៏ការចូលរួមរបស់ពួកគេបានបង្ហាញ ពីសមត្ថភាពរបស់ក្រុមក្នុងការ ដោះស្រាយចំណោទបញ្ហាផ្សេងៗ នៅក្នុងសង្គមផងដែរ។
គណៈកម្មការទាំង៥រូបនៅក្នុង «ថ្ងៃបទបង្ហាញសាធារណៈ» ក្នុងនោះរួមមាន៖ កញ្ញា កែវ គូនីឡា ដៃគូចាត់ចែងក្រុមហ៊ុន Mekhala Radiant Communications, លោក ឈួន វឌ្ឍនភក្ដី នាយកគ្រប់គ្រងអាជីវកម្មខ្នាតធំ នៃធនាគារវីង (ខេមបូឌា), លោក ឃួន សុភ័ទ្ទ នាយកប្រតិបត្តិ និងសហស្ថាបនិកក្រុមហ៊ុន Morakot Technology, លោក ស៊ឹម ចាន់គីរីរត្ន ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Banhji, និងលោក វិចិត្រ វណ្ណារ័ត្ន នាយកផ្នែកវិនិយោគនៃក្រុមហ៊ុន OBOR CAPITAL។
កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល (Digital Platform Accelerator program) បានប្រព្រឹត្តទៅក្នុងរយៈពេល ១៨ សប្តាហ៍ ក្នុងគោលដៅស្វែងរក និងគាំទ្រដល់ធុរកិច្ចថ្មីដែលមាន ម៉ូឌែលអាជីវកម្មបែបថ្នាលឌីជីថល ប្រកបដោយភាពច្នៃប្រឌិត។ កម្មវិធីពន្លឿនអាជីវកម្មនេះរចនាឡើង ដោយមានទម្រង់ជាកូនកាត់ ដោយរៀបចំជាលក្ខណៈបន្តាក់ និងប្រទាក់ក្រឡាគ្នា រវាងកម្មវិធីបំផុងគំនិត ឬHackathon, ជំរុំចាប់ផ្តើម និងការបណ្តុះពន្លក, និងកម្មវិធីពន្លឿនអាជីវកម្ម។
កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលនេះ ត្រូវបានរៀបចំដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ», និងសហការរៀបចំកម្មវិធីដោយ សហគ្រិនខ្មែរ, សាកលវិទ្យាល័យ ផារាហ្គនអន្តរជាតិ។ អ្នកគាំទ្រមិនមែនថវិកា ក្នុងកម្មវិធីនេះរួមមាន៖ ក្រុមហ៊ុន AWS, ក្រុមហ៊ុន បញ្ជី ហ្វាញថេក ឯ.ក, ក្រុមហ៊ុន Bill24, សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា, Futures Lab, និងក្រុមហ៊ុន Morakot Technology។
ដៃគូផ្សព្វផ្សាយ៖ បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ, Reactor School, សាកលវិទ្យាល័យជាតិគ្រប់គ្រង, សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, និងដៃគូប្រព័ន្ធផ្សព្វផ្សាយ រួមមាន៖ Fresh News, និង ស្ថានីយទូរទស្សន៍ PNN។
ដៃគូសហគមន៍៖ អង្គការទិន្នន័យអំពីការអភិវឌ្ឍ, Food STEM, ធុរកិច្ចថ្មីកម្ពុជា, Startup Factory, និង Techno Innovation Challenge Cambodia។ ដៃគូឯកទេសវិនិយោគ៖ Cambodian Angel Investors Network, Cambodia Investor Club, ក្រុមហ៊ុន អាយជីធិកគ្រុប, ក្រុមហ៊ុន Mekong Strategic Partners, Obor Capital, និង Uberis៕