កណ្ដាល ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បំផុសចលនាប្រជាពលរដ្ឋនៅក្រុងតាខ្មៅ ឱ្យយល់់ដឹងច្បាស់ពីអនាម័យសង្គម ពោលគឺត្រូវចេះថែទាំបរិស្ថានទាំងអស់គ្នា ដោយម្នាក់ៗត្រូវតាំងខ្លួនជាសកម្មជនបរិស្ថាន ដោយមិនចោលសំរាមផ្ដេសផ្ដាស មិនបំពុលបរិស្ថាន ដោយរួមគ្នាសម្អាតសំរាមឱ្យបានគ្រប់ៗគ្នា ដើម្បីសុខភាព និងអនាម័យសង្គមយើងល្អស្អាត ពិសេសសទៀតនោះ ត្រូវចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូទៅតាមប្រភេទសំរាម ដើម្បីឱ្យក្រុមហ៊ុនប្រមូលសំរាមងាយស្រួលប្រមូលយកទៅ ។
ក្នុងយុទ្ធនាការ និងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងក្រុមហ៊ុន ខេមប្រ៊ូវ ជាមួយអង្គការសំអាតទន្លេសមុទ្រ
លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ចំពោះយុទ្ធនាការនេះធ្វើឡើងដើម្បីជួយជំរុញ និងបំផុសឱ្យមានការចូលរួមពីសាធារណជន ភាគីពាក់ព័ន្ធក្នុងគោលដៅធ្វើឱ្យទន្លេស្អាត គ្មានសំរាម និងចូលរួមសំអាតបរិស្ថានគ្រប់ទីកន្លែងគ្រប់ពេលវេលា។
លោកបានបន្ថែមទៀតថា ការសម្អាតសំរាមក្នុងទឹកតាមដងស្ទឹងព្រែកត្នោតនាពេលនេះ មិនត្រឹមតែជាការសម្រេចបានក្តីសុបិនមួយក្នុងការការពារបរិស្ថានក្នុងទឹក និងលើផ្ទៃទឹក ដ៏មានសារៈសំខាន់ប៉ុណ្ណោះទេ តែក៏ជាសារមួយបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមកាត់បន្ថយផលប៉ះពាល់នៃសំរាមទាំងលើគោក និងផ្ទៃទឹកផងដែរ។
ទន្ទឹមនឹងនេះដែរ លោកក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សទាំងអស់ ត្រូវរួមគ្នាលុបបំបាត់សំរាមនៅលើគោក និងសំរាមក្នុងទឹកឱ្យអស់ ក្រោមពាក្យស្លោក «កម្ពុជាស្អាតផ្តើមចេញពីយើងម្នាក់ៗ»។ យើងទាំងអស់គ្នា ត្រូវចូលរួមដាំដើមឈើ ដាំដើមផ្កានៅមុខទីធ្លាផ្ទះដើម្បី «សហគមន៍ស្អាត និងបៃតង» សំរាមជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា»។
លោក នូ សុវណ្ណ នាយកអង្គការសម្អាតទន្លេ និងសមុទ្រ បានថ្លែងអំណរគុណចំពោះការសហការល្អបំផុតពីសំណាក់អាជ្ញាធរខេត្តកណ្ដាល និងសិស្សានុសិស្សជាច្រើននាក់ ហើយថាកិច្ចការនេះ ពិតជាមានសារសំខាន់ណាស់ចំពោះការថែទាំបរិស្ថានយើង និងស្នើរសុំក្រសួងបរិស្ថានមេត្តាជួយសហការ ព្រមទាំងអាជ្ញាធរគ្រប់ៗខេត្ត រាជធានីភ្នំពេញ ពិសេសពលរដ្ឋយើងទាំងអស់ត្រូវរួមគ្នាសម្អាតសសម្រាម និងកុំចោលសម្រាមផ្ដេសផ្ដាសបន្តទៀត ។
ក្នុងឱកាសនេះដែរ លោក នូ សុវណ្ណ នាយកប្រតិបត្តិនៃអង្គការសម្អាតទន្លេសមុទ្រ បានថ្លែងយ៉ាងដូច្នេះថា៖ «ការចុះអនុស្សរណៈយោគយល់គ្នានេះ គឺជាព្រឹត្តិការណ៍គំរូមួយ ដែលបញ្ជាក់ពីការយកចិត្តទុកដាក់ចូលរួមសហការពីវិស័យឯកជន ក្នុងការជួយគាំទ្រដល់បេសកកម្មយើង ដើម្បីជំរុញបន្តការអនុវត្តក្នុងរយៈពេលវែង និងជាកម្លាំងរួមគ្នាយកសំរាមទាំងអស់ចេញពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដោយទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាទំនើបរបស់ everwave មកពីប្រទេសអាល្លឺម៉ង់់ និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាការចូលរួមពីប្រជាពលរដ្ឋ។
លោកស្រី វ៉ាន់ អាម៉ូនិច្ច ប្រធានគ្រប់គ្រងផ្នែកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន ខេមប្រ៊ូវ ក៏បានលើកឡើងផងដែរថា «ការចុះអនុស្សរណៈ និងព្រឹត្តិការណ៍សម្អាតទន្លេនេះ គឺជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ដើម្បីលើកកម្ពស់ការយល់ដឹង ក៏ដូចជាការការពារបរិស្ថាន និងធនធានទឹករួម ស្របតាមគោលដៅចីរភាពរបស់ក្រុមហ៊ុន «ការអភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ និង ថ្ងៃស្អែក» និងមហិច្ឆតារបស់ក្រុមហ៊ុន «រួមគ្នាឆ្ពោះទៅកាន់ហ្សេរ៉ូ និងលើសពីនេះ» ។
លោកស្រីបានបន្ថែមទៀតថា យើងមានហេតុផលសំខាន់ពីរ ដែលជំរុញឱ្យមានការចុះអនុស្សរណៈនេះគឺ៖
*បញ្ហាបរិស្ថាន កាន់តែតានតឹងជាងពេលណាៗទាំងអស់។ ការដោះស្រាយបញ្ហាបរិស្ថាន ទាមទារឲ្យមានការចូលរួមដោះស្រាយទាំងអស់គ្នា និងតាមវិធីសាស្ត្រដ៏ត្រឹមត្រូវ។ នៅក្រុមហ៊ុន ខេមប្រ៊ូវ បានកំពុងបោះជំហានឆ្ពោះទៅកាន់ «គ្មានការបំភាយកាបូន» នៅរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈរបស់យើង។
*ទឹក គឺជាគ្រឿងផ្សំដ៏សំខាន់ក្នុងការផលិតស្រាបៀរ និងភេសជ្ជៈរបស់យើង។ ហើយទឹក នឹងក្លាយជាធនធានដែលកាន់តែមានតម្លៃទៅៗ។ ដូច្នេះ យើងត្រូវមានទំនួលខុសត្រូវក្នុងការធានាថា ពួកយើងបានកំពុងប្រើប្រាស់ទឹកដោយសន្សំសំចៃ និងប្រកបដោយសក្កិសិទ្ធភាពក្នុងប្រតិបត្តិការអាជីវកម្មរបស់យើង, យើងចូលរួមជួយការពារធនធានទឹក និងប្រភពទឹកសាធារណៈ, ហើយយើងនឹងប្រគល់ត្រលប់ឱ្យសហគមន៍វិញនូវទឹកស្អាតដែលស្មើនឹងបរិមាណទឹកដែលយើងបានប្រើប្រាស់ក្នុងខ្សែសង្វាក់ផលិតកម្មរបស់យើង»។
ខេមប្រ៊ូវ ក៏បានបង្ហាញជំនឿពីការចុះអនុស្សរណៈនេះថា នេះជាការបង្ហាញនូវចក្ខុវិស័យរួមគ្នា រវាងវិស័យសាធារណៈ វិស័យឯកជន ប្រជាជន និងសហគមន៍ ដើម្បីជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។ រួមគ្នាយើងនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន និងបង្កើតអនាគតរួមគ្នាដ៏ប្រសើរសម្រាប់យើងទាំងអស់គ្នា៕