ភ្នំពេញ៖ ក្រុមនិស្សិតសាកលវិទ្យាល័យន័រតុនជំនាញស្ថាបត្យកម្ម និងនគរោបនីយវិទ្យា បានដណ្តើមពានរង្វាន់មេដាយជាច្រើនគ្រឿងនៅក្នុងព្រឹត្តិការណ៏កម្មវិធីប្រកួតប្រជែងស្នាដៃស្ថាបត្យកម្មលើប្រធានបទ «លំនៅឋានឆ្នាំ២០៣០» ដែលព្រឹត្តិការណ៏នេះរៀបចំឡើងដោយក្រុមហ៊ុនអ៊ីឆែគ្រុប។
និស្សិតដែលចូលរួមក្នុងការប្រកួត រួមមានសាកលវិទ្យាល័យនៅក្នុង និងនៅក្រៅប្រទេសផងដែរ។ នៅក្នុងវគ្គចម្រុះចុងក្រោយមាន ៦ក្រុម មកពី ៣សាកលវិទ្យាល័យតែប៉ុណ្ណោះ គីសាកលវិទ្យាល័យន័រតុនចំនួន១ក្រុម សាកលវិទ្យាល័យលីមកុកវីង ចំនួន៤ក្រុម, និងសាកលវិទ្យាល័យ Tainjin នៃប្រទេសចិន ចំនួន១ក្រុម។ នៅថ្ងៃចុងក្រោយនៃការដាក់ប្រកួត ជាលទ្ធផលនិស្សិតពីសាកលវិទ្យាល័យ ន័រតុនទទួលបានជ័យលាភីលេខ១ និង លេខ២,៤,៥,៦ បានទៅលើក្រុមនិសិ្សតពីសាកលវិទ្យាល័យលីមកុកវីង ឯចំណែកលេខ៣ បានទៅលើក្រុមនិស្សិតពីសាកលវិទ្យាល័យ Tainjin នៃប្រទេសចិន។
ក្រុមនិស្សិតនៃសាកលវិទ្យាល័យន័រតុន ផ្នែកស្ថាបត្យកម្ម និងនគរោបនីយវិទ្យាបានទទួលជោគជ័យលើកម្មវិធីប្រកួតនេះ ព្រមទាំងបានទទួលរង្វាន់ជ័យលាភីលេខ១ រួមមានមេដាយមាសចំនួន៤ ពានជ័យលាភីចំនួន៤ លិខិតសរសើរ និងទឹកប្រាក់ចំនួន១០,០០០,០០០ រៀល។ ទាំងនេះបានបង្ហាញពីសមត្ថភាព ការវ័យឆ្លាត និងភាពអស្ចារ្យរបស់និស្សិតផ្នែកស្ថាបត្យកម្ម និងនគរោបនីយវិទ្យា ជាគម្រូដ៏ល្អមួយសម្រាប់និស្សិតជំនាន់ក្រោយ ដែលពេញចិត្តនឹងជំនាញមួយនេះ។
ក្រុមនិស្សិតនៃសាកលវិទ្យាល័យន័រតុន បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Ychhe Group ដែលបានបង្កើតឲ្យមានកម្មវិធីប្រកួតប្រជែងស្នាដៃនិស្សិតស្ថាបត្យកម្មកម្ពុជាលើប្រធាបបទ «Our Home 2030» ដែលជាកម្មវិធីមួយអាចផ្តល់ឱកាសឲ្យនិសិ្សតស្ថាបត្យកម្មកម្ពុជាបានបង្ហាញស្នាដៃ និងអភិវឌ្ឍន៏ខ្លួនទៅលើជំនាញដែលកំពុងសិក្សា។ ជាមួយគ្នានេះក៏ថ្លែងអំណរគុណចំពោះគណៈកម្មការ ដែលបានផ្តល់ពិន្ទុយ៉ាងសុក្រឹត្យដល់ក្រុមនីមួយៗ និងសូមថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានណែនាំបង្ហាត់បង្រៀន សូមអរគុណដល់ក្រុមគ្រួសារ មិត្តភ័ក្ត សិស្សច្បងសិស្សប្អូន និងបងប្អូនជនរួមជាតិដែលបានចូលរួមជួយគាំទ្រ និងផ្តល់តម្លៃដល់ស្នាដៃរបស់ក្រុមយើងខ្ញុំ។
គម្រោង «លំនៅឋានតម្លៃសមរម្យ» គឺបង្កើតឡើងសម្រាប់គ្រួសារដែលមានចំណូលទាប និងមធ្យម។ មនុស្សអាចទិញបន្ទប់ទាំងមូល ឬជួលបន្ទប់ពីម្ចាស់បន្ទប់បានតាមលទ្ធភាពកម្រិតជីវភាពរបស់ខ្លួន។ ចក្ខុវិស័យរបស់យើង គឺការរចនាលំនៅឋានមានតម្លៃសមរម្យ ដែលមនុស្សអាចមានអារម្មណ៍ថាវាជាផ្ទះ ជាលក្ខណៈសហគមន៍អាចរស់នៅបាន និងមានទីធ្លាសាធារណៈដ៏រស់រវើក។ ការរចនាក៏ផ្តោតលើការប្រើប្រាស់ និងអាយុកាលនៃសម្ភារៈ ការប្រើប្រាស់ថាមពលដែលអាចកកើតឡើងវិញបាន និងបរិក្ខារសាធារណៈ។
ផ្អែកលើមូលដ្ឋាននៃការបំផុសគំនិតច្នៃប្រឌិតបែបផែនផ្ទះប្រពៃណីខ្មែរ ពីបរិបទប្លុកទីក្រុង ដូច្នេះយើងស្នើឱ្យមានភាពខុសគ្នានៃលំនៅឋានក្នុងមួយជាន់ៗ ប្រព័ន្ធជម្រាបនិងការបង្ហូរទឹក ក្នុងប្លង់ទិដ្ឋភាពរួម សួនច្បារលើដំបូល សួនបញ្ឈរ និងទីធ្លាបៃតងនៅផ្ទាល់ដី គឺជាធាតុផ្សំសំខាន់នៃគំនិត និងការរចនារបស់យើង។ យើងហៅវាថា«លំនៅឋានដែលអាចដកដង្ហើម រស់នៅបានស្រួល» សម្រាប់ទីក្រុងដែលមានកាបូនទាប។
កម្មវិធីនៃការប្រកួត «លំនៅឋានឆ្នាំ២០៣០» ប្រព្រឹត្តទៅមានរយៈពេល ៨ខែ ចាប់តាំងពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ដល់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ក្នុងនោះមានចំនួន៥ដំណាក់កាល៖
• ដំណាក់កាលទី១ គឺការចាប់ផ្តើមទទួលពាក្យដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។
• ដំណាក់កាលទី២ គឺការទទួលសំណើរគម្រោងរចនាថ្មីរបស់បេក្ខជនជាឯកសារឌីជីថលចាប់ពីថ្ងៃទី១៧ ខែមករា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។
• ដំណាក់កាលទី៣ គឺការធ្វើបទបង្ហាញផ្ទាល់មាត់របស់បេក្ខជនអំពី ម៉ាកែត និងសំណើរគម្រោងថ្ងៃ ទី១៣ ខែសីហា ឆ្នាំ២០២២។
• ដំណាក់កាលទី៤ គឺតាំងពិពណ៍សាធារណៈ ចាប់ពីថ្ងៃទី១៥ សីហា ២០២២ ដល់ថ្ងៃទី ២១ សីហា ២០២២។
• ដំណាក់កាលទី៥ គឺការប្រកាសលទ្ធផលនៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២។
សូមជម្រាបថា កម្មវិធីការប្រកួតប្រជែង«លំនៅឋានឆ្នាំ២០៣០» គឺជាកម្មវិធីដែលបើកឱកាសឲ្យនិស្សិតនៃសាកលវិទ្យាល័យនានា ចូលរួមប្រកួតប្រជែងជាមួយនឹងគំនិតច្នៃប្រឌិតថ្មី ក្នុងការប្រមើល មើលទៅលើការរចនាលំនៅឋាន ដែលអាចសម្របខ្លួនបានទៅនឹងកាផ្លាស់ប្តូរឥរិយាបថរស់នៅរបស់ប្រជាជនក្នុងឆ្នាំ២០៣០ និងបានគិតគូរដល់ការរស់នៅប្រកបដោយភាពសុខដុមរមនាតាមការបម្រែបម្រួលអាកាសធាតុ។ លក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន៣ចំណុច ដែលតម្រូវឲ្យបេក្ខជនចូលរួមប្រកួតគោរពក្នុងពេលបង្កើតគំនិតច្នៃប្រឌិតនោះគឺទី១៖ កត្តាបម្រែបម្រួលអាកាសធាតុ ទី២៖ សិក្សាស្ថានភាពជុំវិញទីតាំងសាងសង់ និងទី៣៖ ឆ្លើយតបទៅនឹងបរិបទសង្គម៕