ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២២ សាលារៀន ខេមអេលីត បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងចែកបណ្ណសរសើរ ជូនដល់ប្អូនៗសិស្សានុសិស្ស សរុបចំនួន ២២៧នាក់ ក្រោមអធិបតីភាព លោកឧកញ៉ាបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាលសាលារៀន ខេមអេលីត និងសាកលវិទ្យា ល័យ អាស៊ី អឺរ៉ុប និងលោកស្រី កែវ ថាណារ័ត្ន ព្រមទាំងភ្ញៀវកិត្តិយស គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូអ្នកគ្រូ មាតាបិតាអ្នកអាណាព្យាបាលសិស្ស នៅសាលសន្និសីទ អគារមាស នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។
ក្នុងរបាយការណ៍ស្វាគមន៍ លោក ហេង រដ្ឋា នាយកប្រតិបត្តិ សាលារៀនខេមអេលីត បានលើកឡើងថា បច្ចុប្បន្នសាលារៀនខេមអេលីត មានទីតាំងនៅអគារលេខ១៦២ABC ផ្លូវ១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ ។ សាលារៀន ខេមអេលីតត្រូវបានទទួលស្គាល់ពីក្រសួងអប់រំយុវជន និងកីឡា តាមប្រកាសលេខ ២៩៨៣ អយក.ប្រក ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣។
លោក បន្ដថា គិតត្រឹមថ្ងៃនេះសាលារៀន ខេម អេលីតមានបុគ្គលិក សរុបចំនួន៣២នាក់ ស្រី១៧នាក់ គ្រូជនជាតិបរទេសចំនួន២នាក់ ស្រី២នាក់ មានសិស្ស ដែលកំពុងសិក្សាកម្មវិធីមានចំនួន៤២៥នាក់ ស្រី២០៨នាក់។
លោកឧកញ៉ាបណ្ឌិត ឌួង លាង បានសម្ដែងនូវក្ដីអំណរសាទរ និងកើតសរសើរដោយស្មោះចំពោះការ ចាប់ផ្ដើមដំណើរការអស់រយៈពេល៩ឆ្នាំនេះ សាលារៀន ខេមអេលីត ដែលជាបុត្រសម្ព័ន្ធរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុបនេះការរីកចម្រើនយ៉ាងខ្លាំងទាំងបរិមាណ និងគុណភាព ហើយក៏កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំពី សំណាក់អ្នកសិក្សាផងដែរ។
លោកឧកញ៉ាបណ្ឌិត បានបន្តទៀតថាទោះក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ អស់រយៈ ពេលជិត៣ឆ្នាំនេះក្តី ក៏សាលារៀន ខេមអេលីត នៅបន្តដំណើរការទៅមុខជានិច្ចមិនបានផ្អាកដំណើរការក្នុងការ បណ្តុះបណ្តាលឡើយដោយធ្វើការបង្រៀននិងរៀនដោយប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកឬការរៀនពីចម្ងាយ។ លោកឧកញ៉ាបណ្ឌិត បានគោរពកោតសរសើរយ៉ាងខ្លាំងក្លាបំផុតនោះចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរខ្វល់ខ្វាយលើបញ្ហាសុខទុក្ខ ប្រជាជនជា សំខាន់ជាងអ្វីទាំងអស់ ជាក់ស្ដែងនៅក្នុងអន្តរកាលការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ សម្ដេចបានដាក់ចេញនូវ អនុសាសន៍ និងវិធានការការពារទប់ស្កាត់បានទាន់ពេលវេលា ធ្វើឱ្យគ្រប់វិស័យអាចដំណើរឡើងវិញជាធម្មតា។
លោកឧកញ៉ាបណ្ឌិត បានរម្លឹកដល់កូនក្មួយជាសិស្សានុសិស្សថា មាតាបិតារបស់កូនៗ ក្មួយៗ ពិតជា មានការលំបាកណាស់ក្នុងការចិញ្ចឹម ថែរក្សាក្មួយៗ តាំងពីចាប់កំណើតរហូតមកដល់ពេលនេះ។ ការដែលលោក ទាំងទ្វេបញ្ជូន កូនៗ ក្មួយៗ មកសិក្សានេះគឺជាទ្រព្យដ៏សំខាន់ និងមហាសាលដែលត្រូវតែចាប់យកឱ្យបាន។ ដូច្នេះដើម្បីជាការតបស្នងសងគុណលោកអ្នកមានគុណ ក្មួយៗ ត្រូវតែត្រង់ត្រាប់ស្ដាប់លោកទាំងពីរ ដែលជាគ្រូ បាអាចារ្យទី១ និងលោកគ្រូអ្នកគ្រូដែលជាគ្រូបាអាចារ្យទី២ និងត្រូវធ្វើខ្លួនឱ្យក្លាយជា កូនល្អ សិស្សល្អ មិត្តល្អ ជា ពលរដ្ឋល្អក្នុងសង្គម។
សូមរំលឹកថា សាលារៀន ខេមអេលីត និងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មាន ៥កម្មវិធីសិក្សា ដូចជា ៖ ទី១-កម្មវិធីចំណេះទូទៅភាសាខ្មែរ (មត្តេយ្យ ដល់ថ្នាក់ទី១២) ,ទី២-កម្មវិធីភាសាអង់គ្លេសទូទៅ General English Program (ពេញម៉ោង និងក្រៅម៉ោង) ,ទី៣-ភាសាអង់គ្លេសសម្រាប់កុមារ English for Early and Young Learner Program ,ទីមត្តេយ្យភាសាចិន និងទី៥-វគ្គបណ្តុះបណ្តាលជំនាញឯកទេសវគ្គខ្លី ៣ខែ និង៦ខែ។
បន្ថែមលើនេះ សាលារៀន ខេមអេលីត បានបញ្ចូលសេវាអប់រំបន្ថែម លើសេវាជាមូលដ្ឋានរបស់ខ្លួន ដូចជា៖ ទី១- កម្មវិធីសិក្សា ស្រាវជ្រាវ និងហ្វឹកហាត់ភាសា តាមកុំព្យូទ័រ ,ទី២-កម្មវិធីកីឡា របាំ និងគំនូរដូចមានបង្ហាញនាឱកាសនេះ ,ទី៣-កម្មវិធី បំណិនជីវិត ហត្ថកម្ម និងការច្នៃប្រឌិត DIY និងទី៤-កម្មវិធីបណ្ណាល័យ អេឡិចត្រូនិច ដែលអាចឱ្យសិស្សបង្កើនការអាន ការស្រាវជ្រាវកាន់តែប្រសើរ និង មានភាពងាយស្រួល។ លោកនាយកប្រតិបត្តិក៏បានប្រកាសពីវគ្គសិក្សាថ្មីគ្រប់កម្មវិធី ចូលរៀន ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ជាមួយការបញ្ចុះថ្លៃសិក្សារហូតដល់ ២៥% ផងដែរ៕