អត្ថបទ

បោះបង់ការងារក្នុងតំណែងធំ និងប្រាក់ខែខ្ទង់ពាន់ដុល្លារ មកចាប់ផ្តើម Start Up គ្មានចំណូល

ក្រោមដំបូលនៃសន្តិភាព និងការជ្រុមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជា យុវជនខ្មែរមានឳកាសច្រើន ក្នុងការងារបំពេញការងារ ក្នុងមុខដំណែងល្អៗ ក៏ដូចជាចេញមកដើរតាមក្តីស្រម៉ៃខ្លួន ក្នុងការចាប់ផ្តើមអាជីវកម្មនានា។ ពិសេសប៉ុន្មានឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតស្ថាប័ន និងកម្មវិធីជាច្រើនក្នុងការងារជម្រុញ ភាពជាសហគ្រិនភាពដល់យុវជនកម្ពុជា ជាឧទាហរណ៍ សហគ្រិនខ្មែរ ( Khmer Enterprise) និង មជ្ឈមណ្ឌលធុរកិច្ចថ្មី “តេជោ” Techo Start Up Center។

ដៃកាន់កែវកាហ្វេ មុខម៉ាំ និងពាក់អាវយឺតស ខោខាវប៊យ វ័យខ្ទង់សាបសិបផ្លាយ គាត់គឺជាសហស្ថាបនិកeCO។ យុវជន ង៉ែត សុផាតបានបញ្ចប់ការសិក្សា ផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងផ្នែកភាសាអង់គ្លេស នៅវិទ្យាស្ថានភាសាបរទេស (IFL)។

លោកបានប្រឡូកក្នុងវិស័យ បច្ចេកវិទ្យាតាំងពីការងារដំបូង របស់លោក ហើយបើគិតដល់ពេលនេះ គឺមានរយៈពេល ១៥ឆ្នាំហើយ។ ក្នុងជីវិតការងារ សុផាត បានកាន់ដំណែងធំៗមួយចំនួន ដូចជាប្រធានផ្នែកអាជីវកម្មឌីជីថល ឲ្យផ្សារទំនើបជប៉ុនធំបំផុតនៅកម្ពុជា និងធ្លាប់ជាប្រធានអភិវឌ្ឍទីផ្សារឌីជីថលជាតិ និងការគ្រប់គ្រងប្រតិបត្តិការ នៃក្រសួងពាណិកម្ម។ ចុងក្រោយ ដើម្បីចង់ដើរតាមក្តីស្រម៉ៃ លោកបានបោះបង់ការងារ ក្នុងដំណែងជាប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនបច្ចេកវិទ្យាទីផ្សារអនឡាញធំមួយ ជាមួយនឹងការបោះបង់ប្រាក់ខែជាង $5000 ក្នុងមួយខែ។

ពេលជជែកដល់ចំនុចនេះ ក្រុមការងារយើងសួរថា ហេតុអ្វីលោកបោះបង់ ការងារខ្ទង់ពាន់នេះចោល? មិនស្តាយខ្លះទេហី? សុផាតញញឹមបន្តិចហើយបន្តថា ក្នុងសម័យនេះ ត្រឹមការងាររស់នៅសមរម្យ មួយមិនពិបាកពេកទេ មានឡាន មានផ្ទះសមរម្យ មានលុយចាយល្មម។ គាត់ថាជីវិតធម្មតាៗបែបនេះ លោកស្គាល់ហើយ តែអ្វីដែលខ្វះ គឺការធ្វើអ្វីមួយតាមក្តីស្រម៉ៃ ពិសេសក្តីស្រម៉ៃចង់ចូលរួមចំណែក អ្វីមួយដល់ប្រទេសនេះវិញ តាមរយៈការធ្វើអ្វីមួយដែលមានប្រយោជន៍ ដល់សហគមន៍ដែលយើងរស់នៅ។

លោកបន្ថែមថា បើតាមបទពិសោធន៍ និងចំណេះដឹងដែលលោកឆ្លងកាត់ បច្ចេកវិទ្យាដែលលោកធ្លាប់ បង្កើតឡើងសម្រាប់ក្រុមហ៊ុនធំៗ គាត់ច្បាស់ណាស់ថា គាត់នឹងអាចធ្វើអ្វីមួយជាប្រយោជន៍ ដល់សហគមន៍មូលដ្ឋាន និងចូលរួមចំណែកណាមួយក្នុងនាមជា ពលរដ្ឋខ្មែរម្នាក់ជាមួយ រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងទឹកមុខម៉ាំ សុផាតបញ្ជាក់ថា “ខ្ញុំបានដាក់ជីវិត ធ្វើ eCO នេះហើយ។ ខ្ញុំគ្មានផ្លូវក្រោយដែលត្រូវបកក្រោយទេ។ ខ្ញុំត្រៀមគ្មានចំណូលរហូតដល់ ឆ្នាំ២០២៥។ អ្វីដែលខ្ញុំចង់ឃើញបំផុត គឺសហគមន៍យើងជាសហគមន៍ ឌីជីថលដំបូងគេនៅអាស៊ី។ លោកចង់ឃើញថា គ្រប់ទីកន្លែង មិនថាទីក្រុង ខេត្ត ជនបទគឺយើងឌីជីថល។ នេះជាមោទនភាពដែលខ្ញុំជាកូនខ្មែរម្នាក់ បានចូលរួមចំណែក។ រដ្ឋាភិបាលយើងប្រឹងណាស់ ដូច្នេះក្នុងនាមខ្ញុំជាពលរដ្ឋម្នាក់ ត្រូវតែខិតខំប្រឹងប្រែងចូលរួម ជាចំណែកណាមួយ ទោះតួចតាចក៏ដោយ។ អ្វីដែលខ្ញុំសម្រេចចិត្តនេះគឺលំបាកណាស់ ពិសេសខ្ញុំត្រូវកែទំលាប់នៃការរស់នៅថ្មី តាមទឹកលុយដែលខ្ញុំមាន ដើម្បីឲ្យក្តីស្រម៉ៃ មួយនេះចេញជារូបរាង។ រៀនផឹកកាហ្វេដែលម្តាយក្មេកខ្ញុំឆុងឲ្យ ហូបបាយផ្ទះបានច្រើនដងជាងមុន កាត់បន្ថយការផឹកស៊ីមួយចំនួនធំចេញ។”

ត្រឡប់មកសួរគាត់ថា អ្វីទៅជាeCO? លោក ង៉ែត សុផាតពន្យល់ថា eCOគឺមកពីពាក្យ Electronic Community ប្រែថាសហគន៍ឌីជីថល។ ផលិតផលដំបូងគឺឌីជីថលម៉ឺនុយ។ មានន័យថាគ្រប់ហាងកាហ្វេ ភោជនីដ្ឋាន ផាប់ កន្លែងកំសាន្តនានានឹងមានQR កូដមួយលើតុ ហើយភ្ញៀវគ្រាន់តែមានស្មាតហ្វូន គាត់អាចស្កេនមើលម៉ឺនុយដោយងាយ និងប្រកបដោយឯកជនភាព។ ចំណេញច្រើនដល់ហាង ងាយស្រួលដល់ភ្ញៀវ។ eCOមិនតម្រូវឲ្យអ្នកស្កេនត្រូវការដោនឡូតAppទេ គ្រាន់តែបើកកាំម៉ារ៉ាទូរស័ព្ទអាចស្កែនបានភ្លាម មិនចាំបាច់ត្រូវមាន ចំណេះដឹងបច្ចេកវិទ្យាអីទេ។

គួររំលឹក eCO នេះត្រូវបានបង្កើតឡើងជាងមួយឆ្នាំហើយ តែក្រុមការងារលោកផ្តោតសំខាន់ លើការអភិវឌ្ឈផលិតផលសិន។ ទើបតែថ្ងៃទី០៨ ខែ០៨ ឆ្នាំ២០២២នេះ លោកបានចាប់ផ្តើមដំណើរឌីជីថល ម៉ឺនុយដំបូងគេក្នុងសហគមន៍ចំការដូង ជាមួយនឹងហាងកាហ្វេឈ្មោះថា Dé Burlap Café។ តែមិនបានមួយខែផង ស្រាប់តែមានម្ចាស់អាជីវកម្ម មួយចំនួនបានទាក់ទងប្រើដែរ។ ដែលនេះហើយទើបថ្ងៃនេះ eCOបានដំណើរការ និងកំពុងរៀបចំដំណើរការជាមួយហាងជាង ១៣០កន្លែង នៅទីក្រុងភ្នំពេញ ខេត្តសៀបរាប ខេត្តកំពត ក្រុងព្រះសីហនុ ក្រុងបាវិត ជាដើម។

eCO មកទីនេះមិនមែនដើម្បីការប្រកួតប្រជែងទេ តែមកទីនេះដើម្បីចូលរួមចំណែក ណាមួយជាមួយគ្នាក្នុងការ ប្រែក្លាយសហគមន៍តូចៗរបស់យើង ជាសហគមន៍ឌីជីថលពិត។ ករណី ម្ចាស់អាជីវកម្មដែលចង់បានQR កូដម៉ឺនុយសម្រាប់ហាង អាចទាក់ទងក្រុមការងារ eCO (Facebook Page: (ECO ចូលរួមអភិវឌ្ឍសហគមន៍យើងទៅជាឌីជីថល និងនិរន្តរភាព) នឹងទទួលបានQR កូដ ដោយមិនគិតថ្លៃ ៕

To Top