ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២៖ សាស្ត្រាចារ្យមួយក្រុមមកពីសាកលវិទ្យាល័យចំនួន៣ ផ្សេងគ្នាបានជ័យលាភីចំណាត់ថ្នាក់លេខមួយក្នុងវគ្គផ្តាច់ព្រ័ត្ររបស់កម្មវិធី Lecturer Hackathon ដែលជាកម្មវិធីលើកដំបូងរបស់ SmartStart Unipreneur Learning Platform (SmartStart ULP) ក្នុងការប្រកួតប្រជែងដែលមានបំណងលើកកម្ពស់ជំនាញបង្រៀនសហគ្រិនភាពដល់សាស្ត្រាចារ្យនៅតាមសាកលវិទ្យាល័យនៅកម្ពុជា។
កម្មវិធី Lecturer Hackathon នេះគឺជាព្រឹត្តិការណ៍ដំបូងបំផុតសម្រាប់សាស្រ្តាចារ្យ ដែលកន្លងមកធ្លាប់បានធ្វើជាមួយក្រុមនិស្សិត ដើម្បីលើកកម្ពស់ការយល់ដឹងនិងការប្រាស្រ័យទាក់ទងឱ្យកាន់តែប្រសើរឡើងរវាងសាស្រ្តាចារ្យនិង និស្សិតកម្ពុជា ដើម្បីឱ្យយុវជនជំនាន់ក្រោយត្រៀមខ្លួនសម្រាប់ភាពជាសហគ្រិនឌីជីថល។ ក្រៅពីការលើកកម្ពស់ការយល់ដឹង និងការប្រាស្រ័យទាក់ទងគ្នារវាងសាស្ត្រាចារ្យ និងនិស្សិត កម្មវិធី Lecturer Hackathon ក៏បានលើកទឹកចិត្តឱ្យមានការប្រាស្រ័យទាក់ទង និងការធ្វើការងារជាក្រុមរវាងសាស្រ្តាចារ្យនៃសាកលវិទ្យាល័យនានានៅក្នុងប្រទេសកម្ពុជាផងដែរ ខណៈដែលសាស្ត្រាចារ្យមកពីស្ថាប័នផ្សេងៗគ្នាបានចូលរួមគ្នាជាក្រុមដើម្បីធ្វើការប្រកួតប្រជែងជាមួយក្រុមផ្សេងទៀត។
ក្រោមកិច្ចសហការរវាងក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh កម្មវិធី SmartStart ULP Hackathon ក៏មានបំណងផ្តល់ឱកាសដល់សាស្ត្រាចារ្យសាកលវិទ្យាល័យឱ្យយល់ដឹងកាន់តែច្បាស់អំពីតម្រូវការផ្នែកសហគ្រិន និងការអប់រំរបស់និស្សិតរបស់ពួកគាត់ ដោយអនុញ្ញាតឱ្យពួកគាត់ស្វែងយល់ពីបទពិសោធន៍របស់សិស្សនៅក្នុងបរិយាកាសកម្មវិធី Lecturer Hackathon ដែលពោរពេញដោយការប្រកួតប្រជែង។
ក្រុមដែលទទួលបានជ័យលាភី មានឈ្មោះថា Hatka ដែលប្រមូលផ្តុំដោយសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ CamTech សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យអង្គរ។ សាស្ត្រាចារ្យទាំងបីនាក់នៅក្នុងក្រុមដែលទទួលបានជ័យជម្នះ បានទទួលនូវរង្វាន់ជាការធ្វើដំណើរទស្សនកិច្ចសិក្សាផ្នែកបច្ចេកវិទ្យានៅប្រទេសសិង្ហបុរី ដែលរាល់ការចំណាយត្រូវបានរ៉ាប់រងទាំងស្រុងដោយក្រុមហ៊ុន Smart Axiata។ ទស្សនកិច្ចសិក្សានេះមានរួមបញ្ចូលទាំងដំណើរទស្សនកិច្ចទៅកាន់ក្រុមហ៊ុន «បច្ចេកវិទ្យាធំៗ» ផងដែរដូចជាក្រុមហ៊ុន Google ។ ក្រុមដែលឈ្នះក៏នឹងធ្វើដំណើរទៅទស្សនាសាកលវិទ្យាល័យជាតិសិង្ហបុរី ដើម្បីស្វែងយល់ពីរបៀបដែលស្ថាប័ននេះគាំទ្រដល់សហគ្រិននៅក្នុងសាកលវិទ្យាល័យនោះផងដែរ។
ភាពច្នៃប្រឌិតដែលនាំឱ្យក្រុម Hatka ទទួលបានជ័យជម្នះនោះគឺជាវេទិកា មានមូលដ្ឋានលើគេហទំព័រ ដែលភ្ជាប់ទំនាក់ទំនងរវាងនិស្សិតសាកលវិទ្យាល័យដែលកំពុងស្វែងរកកន្លែងចុះកម្មសិក្សាជាមួយក្រុមហ៊ុនដែលកំពុងស្វែងរកអ្នកហាត់ការ។
ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ «SmartStart គឺជាកិច្ចសហការជាមួយ Impact HUB Phnom Penh ដើម្បីលើកកម្ពស់សកម្មភាព SmartStart ដូចជាកម្មវិធីLecturer Hackathon ជាដើម។ កម្មវិធី Lecturer Hackathon មានគោលបំណងផ្តោតលើសាស្ត្រាចារ្យនិងគ្រូបង្គោលមួយចំនួននៅកម្ពុជា។ តាមរយៈការផ្តល់ឱកាសដល់គ្រូបង្រៀន និងគ្រូបង្គោលនៅប្រទេសយើងដែលបានចូលរួមក្នុងកម្មវិធីនេះ អ្នករៀបចំកម្មវិធីសង្ឃឹមថា សាស្ត្រាចារ្យនឹងយល់កាន់តែច្បាស់អំពីប្រព័ន្ធអេកូឡូស៊ីរបស់សហគ្រិន»។
សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យចំនួន៩ ក្នុងរាជធានីភ្នំពេញ ស្វាយរៀង សៀមរាប និងបាត់ដំបង បានចូលរួមក្នុងកម្មវិធី SmartStart ULP Lecturer Hackathon រយៈពេល ៣ថ្ងៃ។ ពួកគាត់រួមគ្នាបង្កើតបានជាក្រុមចំនួន ៦ ដែលមានឈ្មោះថា JEANG, HATKA, ANAKUT, TORSU, BOSDOM និង THNAL LEARNING។
ក្រុមទាំង៦ ដែលចូលរួមក្នុងកម្មវិធី Lecturer Hackathon នេះបានបង្កើតគំនិតច្នៃប្រឌិតថ្មី វាយតម្លៃភាពប្រកួតប្រជែងរបស់ខ្លួន ហើយបានធ្វើតេស្តគំរូដើម (Prototype) ជាមួយការសាកល្បងយុទ្ធសាស្រ្តចូលទីផ្សារ (go-to-market) ចូលរួមធ្វើការងារជាក្រុម និងអនុវត្តការងារជាច្រើនផ្សេងទៀតដែលត្រូវបានបង្កើតឡើងដើម្បីស្វែងយល់ពីនិស្សិតរបស់ខ្លួន និងដើម្បីផ្តល់ឱ្យនិស្សិតទាំងនោះ នូវបទពិសោធផ្ទាល់អំពីសហគ្រិនភាព។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «វាគឺជាបេសកកម្មរបស់ក្រុមហ៊ុន Smart Axiata ក្នុងការក្លាយជាអ្នកគាំទ្រខាងផ្នែកឌីជីថល ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញវិស័យបច្ចេកវិទ្យាព័ត៌មានកុំព្យូទ័រតាមប្រព័ន្ធឌីជីថលសំដៅជាប្រយោជន៍ដល់ប្រទេសជាតិ និងសេដ្ឋកិច្ច។ ក្រុមហ៊ុន Smart Axiata នឹងរួមចំណែកបន្ថែមទៀតដល់ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការវិនិយោគលើយុវជនជំនាន់ក្រោយរបស់កម្ពុជា និងអ្នកដែលបង្រៀនពួកគេ។ យើងនៅក្រុមហ៊ុន Smart Axiata មានការស្ញប់ស្ញែងយ៉ាងខ្លាំងទៅនឹងគំនិតច្នៃប្រឌិតរបស់គ្រប់សាកលវិទ្យាល័យទាំងអស់ និងការធ្វើការងារជាក្រុម ដែលយើងបានឃើញក្នុងពេលធ្វើបទបង្ហាញ។ យើងមិនត្រឹមតែអបអសាទរដល់ក្រុម Hatka ដែលទទួលបានជ័យជម្នះប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៏សូមកោតសរសើរដល់សាកលវិទ្យាល័យ និងក្រុមទាំងអស់ដែលបានរួមគ្នាចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ»។
ព្រឹត្តិការណ៍វគ្គផ្តាច់ព្រ័ត្រដ៏ធំនេះត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃពុធ ទី៧ ខែកញ្ញា នៅសណ្ឋាគារ ពូឡូវ៉ៃ រាជធានីភ្នំពេញ។ មានអ្នកចូលរួមប្រហែល ៦០នាក់ រួមទាំងសាស្ត្រាចារ្យ អ្នករៀបចំកម្មវិធី និងមន្ត្រីរាជការបានចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រនេះ។
កញ្ញា Melanie Mosard នាយកប្រតិបត្តិ Impact Hub Phnom Penh បានមានប្រសាសន៍ថា៖ «កម្មវិធី Hackathon គឺជាការបង្ហាញដ៏អស្ចារ្យអំពីទេពកោសល្យក្នុងការបង្រៀន និងការបង្វឹកដែលមាននៅកម្ពុជា។ ដោយសារតែកម្មវិធី peer-to-peer បានធ្វើអោយសាស្ត្រាចារ្យនីមួយៗ អាចលើកបង្ហាញនិងចែករំលែកអំពីរបៀបដែលពួកគាត់អាចអនុវត្តវិធីសាស្រ្តដែលបានប្រើនៅក្នុងកម្មវិធី Hackathon ទោសាកលវិទ្យាល័យ របស់ខ្លួនផ្ទាល់។ ជាចុងក្រោយ យើងសង្ឃឹមថា បទពិសោធជាក់ស្តែងនេះបានបំផុសគំនិតដល់សាស្ត្រាចារ្យជំនាន់ថ្មីដែលនឹងបង្រៀនអំពីសហគ្រិនភាពនៅទូទាំងប្រទេសកម្ពុជានៅក្នុងសាកលវិទ្យាល័យរៀងៗខ្លួនរបស់ពួកគាត់»។
ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart Axiata ចំពោះការអភិវឌ្ឍឌីជីថល និងសហគ្រិនភាពនៅកម្ពុជា ក្នុងខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) មួយជាមួយក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, Impact Hub Phnom Penh និងសាកលវិទ្យាល័យកម្ពុជាចំនួន១០ ដើម្បីផ្តល់ជូននូវវគ្គបណ្តុះបណ្តាល SmartStart Unipreneur Learning Platform (SmartStart ULP) ដែលផ្តល់ឱ្យនិស្សិតសាកលវិទ្យាល័យនូវគំនិតសហគ្រិនភាព និងសមត្ថភាពបច្ចេកទេស រួមទាំងការប្រើប្រាស់សំខាន់ៗនូវជំនាញបច្ចេកវិទ្យាដែលពាក់ព័ន្ធទៅនឹងទីផ្សារកម្ពុជា។
កម្មវិធី SmartStart ULP ត្រូវបានកំពុងដាក់អនុវត្តនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, សាកលវិទ្យាល័យពុទ្ធិសាស្ត្រ, សាកលវិទ្យាល័យជាតិគ្រប់គ្រង, សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច, សាកលវិទ្យាល័យបៀលប្រាយភ្នំពេញ និងសៀមរាប, សាកលវិទ្យាល័យភូមិន្ទកសិកម្ម, សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាបាត់ដំបង, សាកលវិទ្យាល័យអង្គរ, សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា (CamTech)។
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពីវគ្គសិស្សា SmartStart Unipreneur Learning Platform សូមតាមដានទំព័រFacebook របស់ Smart for Cambodia នៅ http://facebook.com/smartforcambodia ឫចូលទៅកាន់ http://www.smartstart.com.kh/ ៕