ភ្នំពេញ៖ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ ក្រុមហ៊ុនស្រាវជ្រាវ និងផលិតឱសថបារាំង Bailly Creat ដែលជាក្រុមហ៊ុនមួយ បានចែកចាយផលិតផលរបស់ខ្លួន ក្នុងព្រះរាជាណាចក្រកម្ពុជា អស់រយៈពេលជិត ៤ ទស្សវត្សមកហើយកំពុងតែពង្រីក ចំណែកទីផ្សាររបស់ខ្លួនជាមួយ និងការដាក់បង្ហាញឱសថ របស់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំនេះ។
ក្រុមហ៊ុននឹងប្រកាសពី ការដាក់បញ្ចេញថ្នាំប្រភេទ Ibuprofen, Desloratadine និង Amoxicillin + Clavunic acid តាមរយៈដៃគូតំណាង ចែកចាយរបស់ខ្លួនគឺក្រុមហ៊ុន Zuellig Pharma ដែលជាក្រុមហ៊ុនមួយក្នុងចំណោម ក្រុមហ៊ុនផ្ដល់សេវាកម្មថែទាំ សុខភាពដ៏ធំបំផុតមួយនៅអាស៊ី ។
លោក ផាទ្រីក ឆយ (Patrick Choay) អគ្គនាយកប្រតិបត្តិនៃ PCSA Group ដែលកាន់កាប់ក្រុមហ៊ុនឱសថBailly Creat តាំងពីឆ្នាំ ១៩៩៦ នឹងអញ្ញើញមកទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ផោធផលិតផលថ្មីរបស់ក្រុមហ៊ុន និងចាប់ផ្ដើមអនុវត្តលើគំនិតផ្ដួចផ្ដើម បរិច្ចាគឱសថរបស់ខ្លួនផងដែរ។
ក្រុមហ៊ុននឹងបរិច្ចាគថ្នាំមួយចំនួន របស់ខ្លួនដល់កាកបាទក្រហមកម្ពុជា និងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ក្នុងគោលបំណងចូលរួម ចំណែកដល់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាដើម្បី បំពេញតម្រូវការផ្នែកវេជ្ជសាស្ត្រ។
ថ្លែងក្នុងពិធីសម្ពោធ លោក ផាទ្រីក ឆយ បានគូសបញ្ជាក់ថា៖ “ក្រុមហ៊ុនឱសថ Bailly-Creat បានធ្វើវាយលុកទីផ្សារ ឱសថនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងឱសថជាច្រើនប្រភេទដែលសុទ្ធ សឹងជាផលិតផលឱសថគោរព តាមស្តង់ដារគុណភាពអឺរ៉ុប អស់រយៈពេលជាង ៤០ ឆ្នាំមកហើយ។ យើងមានសុទិដ្ឋិនិយមថា កិច្ចសហការរបស់យើង ជាមួយនឹងក្រុមហ៊ុន Zuellig Pharma នឹងមានរយៈពេលយូរអង្វែង និងមានភាពរីកចម្រើន គឺមិនមែនសម្រាប់តែ ពួកយើងតែប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រជាជនកម្ពុជាទាំងអស់ផងដែរ”។
លោកបានគូសបញ្ជាក់ទៀតថា «យើងមានកិត្តិយសណាស់ ដែលអាចបង្កើននូវផលិតផល ឪសថរបស់យើង ដែលយើងបាននឹងបង្ហាញជូន អ្នកទាំងអស់គ្នានៅក្នុងថ្ងៃនេះ។ ឥឡូវនេះឱសថថ្មីទាំងនេះ មានលក់នៅក្រុមហ៊ុន Zuellig Pharma ដើម្បីបំពេញតាមតម្រូវការ របស់លោកអ្នក និងសម្រាប់ចែកចាយនៅ តាមឱសថស្ថាននានា»។
ក្រុមហ៊ុន Patric CHOAY គ្រុបជាក្រុមហ៊ុនឱសថបារាំងឯករាជ្យ មួយហើយក៏មានបុត្រសម្ព័ន្ធជាច្រើនដូចជា មន្ទីរពិសោធន៍ CCDដែលធ្វើការយ៉ាងស្និទ្ធ លើសុខភាពស្ត្រីអស់រយៈពេល ៥០ឆ្នាំ មន្ទីរពិសោធន៍ Goménol ដែលផលិត និងបង្កើតគ្រឿងសម្អាង និងអាហារបំប៉ន និងក្រុមហ៊ុន Prodimed ដែលរចនា និងផលិតឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍វះកាត់ និងកងដៃស្បូនពន្យារកំណើត។ ជាមួយនឹងកម្លាំងការងារដ៏រឹងមាំ នៃនិយោជិតជាង៣០០នាក់ ក្រុមហ៊ុននេះនឹងបន្តផ្សព្វផ្សាយឱសថ របស់ខ្លួនយ៉ាងសកម្ម នៅទូទាំងពិភពលោក។
មន្ទីរពិសោធន៍ Bailly បានចាប់ផ្តើមដំណើរការនៅឆ្នាំ ១៩០១ និងមន្ទីរពិសោធន៍ Creatបើកដំណើការនៅឆ្នាំ ១៩៧២ ។
ការបញ្ចូលគ្នារវាង មន្ទីរពិសោធន៍ Bailly និង មន្ទីរពិសោធន៍ Creatត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០០២។
ក្រុមហ៊ុនឱសថ Bailly Creatត្រូវបានគេទទួលស្គាល់លើ ជំនាញក្នុងការផ្សំរូបមន្ដបង្កើត និងផលិតនូវ ថ្នាំគ្រាប់ និងអាហារបំប៉ន ។
ដោយផ្អែកលើកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍន៍ដ៏រឹងមាំ ក្រុមហ៊ុនឱសថBailly Creatផលិត និងចែកចាយនូវផលិតផល ទូទៅរបស់ខ្លួនទៅកាន់ជាង ៣០ប្រទេស។ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបាននិងកំពុងធ្វើទីផ្សារ ដាក់បង្ហាញនូវឱសថជាច្រើនប្រភេទ ដែលស្របតាមស្តង់ដារគុណភាពអឺរ៉ុប។ ឱសថទាំងនេះមានការគាំទ្រយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនជឿជាក់ថា វាជាពេលវេលាដ៏សមរម្យ មួយក្នុងការតបស្នង តាមរយៈគំនិតផ្តួចផ្តើមនៃការ ផ្តល់ជំនួយជាឱសថដែលមានគុណភាព និងត្រូវបានបញ្ជាក់ដោយវិទ្យាសាស្រ្ត ដែលនឹងជួយប្រជាជនកម្ពុជា ជាច្រើនក្នុងការព្យាបាលជំងឺរបស់ខ្លួន ៕