អត្ថបទ

ERA Cambodia អបអរសាទរវត្តមាន ប្រតិបត្តិការរបស់ខ្លួន ក្នុងការឈរជើងយ៉ាងរឹងមាំលើទីផ្សារ ស្របពេលទីផ្សារខុនដូ កំពុងបង្ហាញសញ្ញាល្អប្រសើរ

ភ្នំពេញ៖ ក្រុមហ៊ុន ERA Cambodia ដែលជាក្រុមហ៊ុនជំនាញ ដោយផ្តោតលើឯកទេសផ្នែកទិញ លក់ ខុនដូ មានប្រភពដើម ពីសហរដ្ឋអាមេរិក នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានរៀបចំសន្និបាតធុរកិច្ចប្រចាំឆ្នាំ នៅដឹព្រេមៀ សេនធ័រ សែនសុខ ដើម្បីអបអរសាទរនៃវត្តមាន ប្រតិបត្តិការរបស់ក្រុមហ៊ុន ដែលបានឈរជើងយ៉ាងរឹងមាំ នៅក្នុងទីផ្សារ ព្រមទាំងការដាក់ចេញផែនការពង្រីកវិសាលភាព របស់ក្រុមហ៊ុនសម្រាប់ឆ្នាំបន្តបន្ទាប់ ស្របពេលដែលទីផ្សារខុនដូ កំពុងបង្ហាញសញ្ញាល្អប្រសើរឡើងច្រើន ។

ក្រុមហ៊ុន ERA Cambodia ដែលមានភ្នាក់ងារលក់ជិត ២ ០០០នាក់ តែងរៀបចំ វគ្គបណ្តុះបណ្តាលចែករំលែកពីវាគ្មិនជំនាញ ក្នុងស្រុក និងអន្តរជាតិ, កម្មវិធីទទួលស្គាល់សមិទ្ធផល និងការផ្តល់រង្វាន់ជាច្រើនផ្សេងទៀត ដើម្បីជំរុញលើកទឹកចិត្ត បង្កើនស្មារតីនៃការខិតខំ និងបន្តផ្តល់សេវាកម្ម ប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់ក្នុងទីផ្សារ ដែលកំពុងមានភាពប្រកួតប្រជែង ដល់ក្រុមការងារ ។

អគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា ថ្លែងថា៖ “យើងមានមោទកភាព ដែលអាចនិយាយបានថា ERA Cambodia ជាក្រុមហ៊ុននាំមុខគេមួយ នៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលតែងរៀបចំព្រឹត្តិការណ៍ធំៗ ដើម្បីអបអរសាទរ និងទទួលស្គាល់សមិទ្ធផលក្រុមងារ ដោយឈរលើទស្សនៈ ភាពជោគជ័យរបស់ក្រុមការងារ គឺជាជោគជ័យរបស់ក្រុមហ៊ុន ។”

សន្និបាតធុរកិច្ចប្រចាំឆ្នាំ របស់ក្រុមហ៊ុន ERA Cambodia ទទួលបានការចូលរួមសហការគាំទ្រ ពីគម្រោងអភិវឌ្ឍន៍ខុនដូធំៗ ដូចជាគម្រោង បុរីR&F, Wealth Mansion និងគម្រោងខុន Time Square ហើយម្ចាស់គម្រោងខុនដូទាំងនេះ ក៏បានប្រកាសបញ្ចុះតម្លៃពិសេស ខណៈដែលក្រុមហ៊ុន Z1 FINANCIAL ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ថ្នាលបច្ចេកវិទ្យាវិនិយោគ ដោយផ្តោតលើវិស័យអចលនទ្រព្យ តាមបែបបច្ចេកវិទ្យា Blockchain រួមនឹងក្រុមហ៊ុន ZILLENNIUM GROUP ក៏បានបង្ហាញវត្តមាន ជាអ្នកគាំទ្រដ៏សំខាន់ នៅក្នុងព្រឹត្តិការណ៍នេះផងដែរ។  

ERA Real Estate ជាក្រុមហ៊ុនអចលនទ្រព្យ លំដាប់ពិភពលោកត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ១៩៧១ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ បច្ចុប្បន្នក្រុមហ៊ុន អចលនទ្រព្យលំដាប់ពិភពលោកមួយនេះ មានភ្នាក់ងារអាជីពប្រមាណ ៤០ ០០០នាក់ ជាមួយការរិយាល័យប្រតិបត្តិការដល់ទៅ ២ ២០០ ការិយាល័យ នៅទូទាំង ៣៧ ប្រទេសលើពិភពលោក ។

ម៉ាកយីហោអចលនទ្រព្យ ERA Real Estate ត្រូវបាននាំចូលមកកម្ពុជា ហើយប្រតិបត្តិការក្រោមឈ្មោះ ERA Cambodia ចាប់តាំងពីឆ្នាំ២០១៩ ដែលដឹកនាំដោយលោក ខន គង្គា ជាប្រធានក្រុមប្រឹក្សាភិបាលនិងជានាយកប្រតិបត្តិ។  ERA Cambodia ជាក្រុមហ៊ុន មានឯកទេសទិញ លក់ និងជួល ខុនដូ ដោយ ផ្ដោតលើ តំបន់ សំខាន់៣រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ បច្ចុប្បន្ន ក្រុមហ៊ុន មានភ្នាក់ងារប្រមាណ ១ ៧០០នាក់ សម្រាប់ បម្រើសេវាកម្មទិញ លក់ និងជួលខុនដូនៅកម្ពុជា។

ខុនដូ គឺជាលំនៅឋានបែបសហកម្មសិទ្ធិ ដែលជាចំណែកទីផ្សារ ដ៏មានសក្តានុពលមួយ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ បច្ចុប្បន្នការផ្គត់ផ្គង់ខុនដូ នៅរាជធានីភ្នំពេញ មានប្រហែល ៣ម៉ឺនយូនីត ឬស្មើនឹងជិត១០០ អគារ ហើយចំនួននេះត្រូវបានប៉ាន់ប្រមាណថា នឹងកើនដល់ប្រមាណ ៨ម៉ឺនយូនីតនៅឆ្នាំ២០២៥។ យ៉ាងនេះក្តី ឥទ្ធិពលនៃជំងឺកូវីដ ១៩ និងបញ្ហាសេដ្ឋកិច្ចសកល, ការផ្គត់ផ្គង់ខុនដូ ហាក់មានកំណើនតិចតួច ចំណែកឯតម្លៃទីផ្សារខុនដូវិញ មានការប្រែប្រួលតិចតួច បើធៀបនឹងមុនពេលផ្ទុះឡើងនៃជំងឺកូវីដ-១៩។

យោងតាមការស្រាវជ្រាវ ពីក្រុមហ៊ុនជំនាញ ក្នុងវិស័យអចលនទ្រព្យ បានបង្ហាញថាបច្ចុប្បន្ន ខុនដូមានតម្លៃជាមធ្យមចាប់ពី ១ ៥០០ ទៅ ៣ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដែលតម្លៃជួលវិញ ជាមធ្យមចាប់ពី ៨ ទៅ ១៤ ដុល្លារ ក្នុងមួយម៉ែត្រការ៉េក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ។

យ៉ាងណាមិញ អគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា បានលើកឡើងថា ទីផ្សារខុនដូគឺជាការអភិវឌ្ឍសម្រាប់រយៈពេលវែង ហើយជាជម្រើសដ៏ល្អ សម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងវិនិយោគិនបរទេស ដោយសារកំណើនពលរដ្ឋកម្ពុជា ដែលមានកម្រិតជីវភាពធូរធារនឹងបន្តកើនឡើង ការកើនឡើងនៃរំហូរវិនយោគពីក្រៅប្រទេស និងជនបរទេសដែលមកប្រកបកិច្ចការ និងធ្វើការធុរកិច្ចនៅកម្ពុជា។ ម៉្យាងវិញទៀត លោកបញ្ជាក់ថា តម្លៃខុនដូនៅកម្ពុជា អាចមានអត្រាកំណើនជាមធ្យម ១៥ ភាគរយ ក្នុងមួយឆ្នាំ ដែលជាអត្រានៃផលចំណេញខ្ពស់ (high capital gain) បើធៀបនឹងប្រទេសមួយចំនួនក្នុងតំបន់អាស៊ី។

លោកបន្តថា៖ “ស្ថានភាពបច្ចុប្បន្នគឺជាឱកាសដ៏ល្អសម្រាប់ការជ្រើសរើសវិនិយោគលើខុនដូ ព្រោះថាមានគម្រោងជាច្រើន ផ្តល់លក្ខណ្ឌទូទាត់បត់បែន ថែមទាំងលក់បញ្ចុះតម្លៃជាច្រើន។ ដើម្បីទាញយកផលចំណេញពីការវិនិយោគក្នុងកាលៈទេសៈនាពេលបច្ចុប្បន្ននេះ យើងសូមលើកទឹកចិត្តដល់អ្នកវិនិយោគធ្វើការជាមួយភ្នាក់ងារជំនាញ ប្រឹក្សាយោបល់ដើម្បីសម្រេចចិត្ត វិនិយោគឱ្យបានត្រឹមត្រូវ។”

វត្តមានក្រុមហ៊ុន ERA Cambodia បើកដំណើរការនៅក្នុងទីផ្សារកម្ពុជា រយៈពេលជាង ៤ឆ្នាំ បានរួមចំណែកដ៏សំខាន់ ក្នុងទីផ្សារខុនដូនៅកម្ពុជា ដែលមានភ្នាក់ងារផ្តល់សេវាកម្ម ប្រកបដោយវិជ្ជាជីវៈខ្ពស់ ដែលធ្វើឱ្យក្រុមហ៊ុននេះ ទទួលបានសហការ ដើម្បីលក់គម្រោងខុនដូធំៗ ជាង៣០គម្រោង ដែលទុនវិនិយោគ នៃគម្រោងទាំងនេះ បូកបញ្ចូលគ្នា មានតម្លៃខ្ទង់ពាន់លានដុល្លារអាមេរិក។ មិនតែប៉ុណ្ណោះ ERA Cambodia ក៏បានរួមចំណែកដ៏សំខាន់ ក្នុងការបង្កើតឱកាសការងារ ដល់យុវជនកម្ពុជា ដោយក្រុមហ៊ុនមានផែនការ បង្កើនភ្នាក់ងារលក់ពី ១៧០០នាក់ នាពេលបច្ចុប្បន្ន ដល់ប្រមាណ ៥ ០០០ នាក់ក្នុងរយៈពេលបីឆ្នាំខាងមុខ៕

To Top