អត្ថបទ

ជ័យលាភីនៃកម្មវិធី SmartStart Young Innovator ទទួលបានរង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លាអាមេរិក

ភ្នំពេញ ថ្ងៃសៅរ៍ ទី២៨ វិច្ឆិកា ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេរបស់កម្ពុជា បានផ្តល់រង្វាន់ធំចំនួន 1ម៉ឺនដុល្លាអាមេរិក ទៅដល់ក្រុមធុរកិច្ច កវី (KAKVEI) ដែលជាជ័យលាភីក្នុងកម្មវិធី SmartStart Young Innovator ដែលជាកម្មវិធីអភិវឌ្ឍន៍ទេពកោសល្យផ្នែកឌីជីថល ក្រោមការផ្តួចផ្តើមពីក្រុមហ៊ុន Smart Axiata និងសហការជាមួយមជ្ឍមណ្ឌល Impact Hub Phnom Penh ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡាផងដែរ។

បង្កើតឡើងក្នុងឆ្នាំ 2017 កម្មវិធី SmartStart Young Innovator ជាកម្មវិធីសម្រាប់និស្សិតនៅកម្ពុជា ដើម្បីគាំទ្រពួកគេក្នុងការចាប់ផ្តើមអាជីវកម្មឌីជីថល តាមរយៈបទពិសោធន៍សិក្សាដ៏ពិសេស ការណែនាំពីអ្នកជំនាញ ការផ្សារភ្ជាប់ទំនាក់ទំនង និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទី​នៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «ពួកយើងពិតជាមានមោទនភាពណាស់ ដែលបានឃើញកម្មវិធី SmartStart Young Innovator មានការរីកចម្រើនយ៉ាងលឿន តាំងពីការរៀបចំកម្មវិធីដំបូងក្នុងឆ្នាំ ២០១៧»។

លោកបានបន្ថែមថា៖ «ក្រុមហ៊ុន Smart ស្រមៃថាយើងនឹងក្លាយជាជើងឯកឌីជីថលរបស់កម្ពុជា ក្នុងពេលឆាប់ៗនេះ។ យើងជឿជាក់លើគំនិតដ៏ប៉ិនប្រសប់ដែលនឹងផុសចេញពីបេក្ខជនក្នុងកម្មវិធី SmartStart Young Innovator  ព្រោះពួកគេសុទ្ធតែប្រកបដោយសក្ដានុពលដ៏អស្ចារ្យ ក្នុងការក្លាយជាសហគ្រិនឌីជីថលវ័យក្មេងរបស់កម្ពុជា ដើម្បីចូលរួមដោះស្រាយបញ្ហាសង្គមនាពេលបច្ចុប្បន្ន និងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គម។»

កញ្ញា Melanie Mossard នាយកប្រតិបត្តិនៃមជ្ឍមណ្ឌល Impact Hub Phnom Penh ក៏បានបង្ហាញពីទស្សនៈ ស្រដៀងគ្នាអំពីកម្មវិធី SmartStart Young Innovator ដែរ។

កញ្ញាបានលើកឡើងថា៖ «តាមរយៈបទពិសោធន៍ធ្វើការក្នុងវិស័យសហគ្រិនភាព និងការចាប់ផ្តើមអាជីវកម្មនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំពិតជាបានសង្កេតឃើញនូវភាពជោគជ័យរបស់កម្មវិធីនេះ។ អ្នកច្នៃប្រឌិតវ័យក្មេង ត្រូវបានលើកទឹកចិត្តឲ្យមានការបំផុសគំនិត និងមានសិទ្ធិពេញមួយកម្មវិធី ដើម្បីសម្រេចបាននូវគំនិតចាប់ផ្តើមអាជីវកម្មទាក់ទងនឹងបច្ចេកវិទ្យារបស់ពួកគេ។»

កម្មវិធី SmartStart Young Innovator សម្រាប់ឆ្នាំ 2022 បានចាប់ផ្តើមជាផ្លូវការនៅក្នុងខែមិថុនា ដោយមានវគ្គជម្រុះជាច្រើនជុំ ដើម្បីជំរុះ​ឲ្យអ្នកចូលរួមទទួលបានបទពិសោធន៍ចម្រុះពីសហគ្រិនភាព ការបំផុសគំនិត និងការបង្កើតក្រុម។ អ្នកចូលរួម បានសិក្សាអំពីការដោះស្រាយបញ្ហាជាក់ស្តែងនៅក្នុងជិវិតប្រចាំថ្ងៃ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធើណែត Internet of Things (IoT) ហើយពួកគេក៏ត្រូវធ្វើបទបង្ហាញក្នុងការប្រកួត Technopreneurship Challenge ផងដែរ។

បន្ទាប់ពីការធ្វើបទបង្ហាញ  ធុរកិច្ចចំនួន ៥ ក្រុមត្រូវបានជ្រើសរើសដើម្បីឈានទៅវគ្គ Incubation និងចូលក្នុងវគ្គហាត់ការរយៈពេល៣ខែ នៅតាមក្រុមហ៊ុនបច្ចេកវិទ្យានានានៅក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានបទពិសោធន៍ពីការគ្រប់គ្រងអាជីវកម្ម។ បន្ទាប់ពីបញ្ចប់វគ្គហាត់ការរបស់ពួកគេដោយជោគជ័យ ធុរកិច្ចទាំងប្រាំបានបន្តទៅកាន់វគ្គចុងក្រោយ គឺ​ការធ្វើបទបង្ហាញ Grand Pitching ប្រកួតប្រជែងយករង្វាន់ធំចំនួន ១ ម៉ឺនដុល្លាអាមេរិក និងទទួលបានការឧបត្ថម្ភ​ក្នុងការធ្វើដំណើរទៅចូលរួមសន្និសិទ្ធិអន្តរជាតិមួយ។

ធុរកិច្ចទាំង ៥ ក្រុមបានបង្កើតផែនការអាជីវកម្ម ដើម្បីជួយដោះស្រាយបញ្ហាណាមួយរបស់អតិថិជនគោលដៅរបស់ ពួកគេ។ KAKVEI (កវី) គឺជាបច្ចេកវិទ្យាសិប្បនិម្មិតមួយ ដែលជួយកែសម្រួលវេយ្យាករណ៍ និងអក្ខរាវិរុទ្ធភាសាខ្មែរ។ Movery មានគោលបំណងផ្តល់នូវសេវាដឹកជញ្ជូន និងផ្លាស់ប្តូរទីតាំង (Moving Service) សម្រាប់តាមផ្ទះ ក៏ដូចជាក្រុមហ៊ុននានា។ Hommatic គឺជាប្រព័ន្ធសុវត្ថិភាពផ្ទះឆ្លាតវៃដែលផ្តល់ការជូនដំណឹងដោយស្វ័យប្រវត្តិដល់អាជ្ញាធរក្នុងតំបន់ ខណៈដែល Dolfinn ផ្តល់ព័ត៌មានអំពីផលិតផលប្រាក់កម្ចីជាមួយនឹងការពិគ្រោះយោបល់។ ចំណែកឯ Berries  គឺជាកម្មវិធីទូរស័ព្ទអំពីទីផ្សារថែរក្សាស្បែកសម្រាប់យុវវ័យកម្ពុជា។

ជ័យលាភីបានទៅកាន់ក្រុមធុរកិច្ច KAKVEI ដែលពួកគេទទួលបានរង្វាន់ជាទឹកប្រាក់ ១ ម៉ឺនដុល្លារ។ ចំណែកឯក្រុម ធុរកិច្ច Berries ទទួលបានរង្វាន់ពិសេសជាការឧបត្ថម្ភទាំងស្រុង​សម្រាប់ការធ្វើដំណើរទៅចូលរួមសន្និសិទ្ធិកាសែតអន្តរជាតិមួយ។

កម្មវិធី SmartStart Young Innovator ស្ថិតនៅក្រោមការឧបត្ថម្ភពីមូលនិធិនៃការកសាងសមត្ថភាព ស្រាវជ្រាវ និង​អភិវឌ្ឍន៍ (Capacity Building, Research and Development Fund) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលក្រុមហ៊ុន Smart Axiata បានរួមចំណែកជារៀងរាល់ឆ្នាំ។  Smart Axiata គឺជាក្រុមហ៊ុនឈានមុខគេផ្នែកឌីជីថលនៅកម្ពុជា។ ការរៀបចំកម្មវិធី SmartStart គឺជាការប្តេជ្ញាចិត្តមួយរបស់ក្រុមហ៊ុនក្នុងបំបិតគម្លាតអក្ខរកម្មឌីជីថលនៅកម្ពុជា តាមរយៈ​ការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ឲ្យក្លាយជាអ្នកដឹកនាំឌីជីថលលំដាប់ពិភពលោក។ នៅឆ្នាំ 2022 សិស្សសរុបចំនួន 120 នាក់បានទទួលអត្ថប្រយោជន៍ពីកម្មវិធីនេះ តាមរយៈបទពិសោធន៍សហគ្រិនភាព និងការបង្ហាត់បង្រៀនផ្សេងៗ៕

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd.ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart” ។ Smart Axiataគឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smartគឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE)និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3Gនិង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smartបាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Musicក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebookក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smartសេវា Pi Payនិង​សេវា SmartNas។ ក្រុមហ៊ុន Smartមាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smartជីវិត​រស់​រវើក!

To Top