អត្ថបទ

​​ក្រុម​សៀមរាប ​ឈ្នះ​ខាង​កំពង់ចាម​នៅ​ពាន Slamball ​ដូច​ការ​រំពឹង​ទុក​

តំណាង​ក្រុម​បាល់ទះ​ ដំរី​សៀមរាប​ ថា​ការ​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​ មាន់ជល់​កំពង់ចាម​ ២-០ (សិត)​ នេះ​គឺ​ដូច​ទៅ​នឹង​ការ​រំពឹង​ទុក​មុន​ប្រកួត​អីចឹង​ ដោយ​សារ​តែ​ក្រុម​ដៃគូ​ប្រកួត​នៅ​ស្ទើរ​ច្រើន​ចំណុច​កាល​ពី​ម្សិលមិញ​នេះ​។​

កីឡាករ​ គង់​ សុបាន​ បាន​ឲ្យ​ដឹង​ក្រោយ​បញ្ចប់​ការ​ប្រកួត​ថា​ ក្រុម​ម្ចាស់​ផ្ទះ​ មាន់ជល់​កំពង់ចាម​ គឺ​នៅ​ស្ទើរ​ច្រើន​ដូច​ជា​ ការ​ចាប់​សេវា​ ការ​ធ្វើ​រនាំង​(បាំង)​ និង​ការ​ម៉ាត់​ផ្ដាច់​ជា​ដើម។​ ហេតុ​នេះ​ហើយ​ទើប​ក្រុម​ខ្លួន​អាច​ឈ្នះ​ដាច់​ ២-០​ (សិត)​ នេះ​តែ​ម្ដង។​

កីឡាករ​កាន់​តួនាទី​ជា​អ្នក​លើក​បាល់​រូប​នេះ​បន្ថែម​ទៀត​ថា​ ក្រុម​ដែល​ខ្លួន​គិត​ថា​ជា​ឧបសគ្គ​នៅ​ប្រកួត​ក្រោយៗ​ទៀត​នោះ​គឺ​មាន​ ខាង​ព្រៃវែង​ ខាង​ភ្នំពេញ​ និង​កំពង់ស្ពឺ​ ព្រោះ​តែ​ក្រុម​មួយៗ​មាន​សុទ្ធតែ​កីឡាករ​ឆ្នើមៗ​ និង​លេង​ល្អ។​

ចំណែក​កីឡាករ​ចិត្ត​ត្រជាក់​ រស់ ហាន់វ៉ា​ ក៏​សរសើរ​ថា​កម្មវិធី​បាល់ទះ​ Slamball​ នេះ​គឺ​រៀបចំ​បាន​ល្អ​ និង​ប្លែក​ដូច​ជា​បាន​ចុះ​ទៅ​ប្រកួត​ដល់​បណ្ដា​ខេត្ត​ផ្សេងៗ​ នាំ​ឲ្យ​អ្នក​គាំទ្រ​បាន​ទស្សនា​ផ្ទាល់​ ឃើញ​កីឡាករ​ដែល​ខ្លួន​បាន​ស្រឡាញ់​គាំទ្រ​ទៀត​ផង។​ មួយ​វិញ​ទៀត​ការ​ប្រកួត​នេះ​បែប​ស្តង់ដារ​ លេង​មិន​ជាប់​ដៃ​ ដែល​ជា​គំរូ​ល្អ​មួយ​ដល់​អ្នក​ជំនាន់​ក្រោយ​ និង​ជា​ការ​លើក​ទឹកចិត្ត​ដល់​អ្នក​ចង់​ហាត់​ជា​អាជីព​ ក្រៅ​ពី​នេះ​ក៏​ជា​ការ​កម្សាន្ត​មួយ​ដល់​ប្រជាជន​តាម​ខេត្ត​បាន​ទស្សនា។​ 

សូម​បញ្ជាក់​ថា​ការ​ប្រកួត​កីឡា​បាល់ទះ​ Anchor Slamball ​នេះ ​នឹង​មាន​ក្រុម​ចូល​រួម​ទាំង​អស់​៨​ក្រុម ​ក្នុង​នោះ​៧​ក្រុម​នៅ​តាម​បណ្ដា​ខេត្ត ​និង​១​ក្រុម​ក្នុង​រាជ​ធានី​ភ្នំពេញ។ ដោយ​ក្រុម​ទាំង​៨​នេះ​មាន​ឈ្មោះ ​ភ្នំពេញ​ត្រី​ឆ្លាំង ​គោ​ព្រៃ​កណ្ដាល ​ខ្លា​ពពក​បាត់​ដំបង ​ដំរី​សៀមរាប ​ពង្រួល​កំពង់​ស្ពឺ ត្រី​ឆ្លាម​កំពត ​នាគ​ព្រៃ​វែង ​និង​មាន់​ជល់​កំពង់​ចាម​។ ​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​ពី​ខែវិច្ឆិកា​ឆ្នាំ​២០២២​នេះ​ត​ទៅ ​រហូត​ដល់​ខែ​មករា​ឆ្នាំ​២០២៣ ​ទើប​រក​ឃើញ​ជើង​ឯក ​អម​ជាមួយ​ប្រាក់​រង្វាន់​សន្ធឹកសន្ធាប់៕ ​​

To Top