អត្ថបទ

គ្រូ​បង្វឹក​ក្រុម​កំពង់​ស្ពឺ ​និយាយ​ឡូយ​ណាស់ ​ក្រោយ​ឈ្នះ​ក្រុម​ព្រៃវែង​នៅ Slamball

​គ្រូ​បង្វឹក​របស់​ពង្រូល​កំពង់ស្ពឺ​ លោក​ ឆាស្មីត​ ថា​ស្មាត់​ឌូក​ និង​ក្ដូ​ គឺ​មាន់​ចាញ់​ស្រកា​កីឡាករ​ចាស់​វស្សា​ ទូច​ អង្គរក្ស​ ខណៈ​ក្រុម​របស់​លោក​អាច​វាយ​បក​យក​ឈ្នះ​ ២-១​ (សិត)​ នៅ​កំពង់ស្ពឺ​ ពាន​រង្វាន់​ Slamball។​

លោក​ សៅ​ សាមីត​ ឬ​ហៅ​ថា​ ឆាស្មីត​ បាន​ឲ្យ​ដឹង​ប្រកួត​ក្រោយ​ប្រកួត​ចប់​នៅ​កំពង់ស្ពឺ​ថា​ ការ​វាយ​បក​យក​ឈ្នះ​លើ​ក្រុម​ឌូក​ វិញ​នេះ​គឺ​ជា​បច្ចេកទេស​មួយ​ ពិសេស​ការ​ផ្លាស់ប្ដូរ​កីឡាករ​ប្រកួត​តែ​ម្ដង។​ គ្រូ​របស់​ពង្រូល​កំពង់ស្ពឺ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ បន្ទាប់​ពី​សិត​ទី១​ លោក​និង​ក្រុម​ពិភាក្សា​គ្នា​រួចសម្រេចផ្លាស់ប្ដូរ​ដាក់​ ទូច​ អង្គរក្ស​ ចូល​លេង​វិញ។​ ដោយ​សារ​កន្លង​ទៅ​ ទូច​ អង្គរក្ស​ ធ្លាប់​លេង​ឈ្នះ​ ឌូក​ ក្ដូ​ និង​ដឹង​ពី​បច្ចេកទេស​លេង​យក​ឈ្នះ​ ឬ​តទល់​ជាមួយ​កីឡាករ​រូប​នេះ​ស្រាប់។​

លោក​ ឆាស្មីត​ បន្ត​ទៀត​ថា​ ចំណុច​មួយ​ទៀត​គឺ​អាច​និយាយ​បាន​ថា​ «មាន់​ចាញ់​ស្រកា​ ធ្លាប់​ចាញ់​ពី​មុន​ដល់​ប៉ះ​គ្នា​ជា​ថ្មី​នៅ​តែ​ភ័យ»។​ ទូច​ អង្គរក្ស​ ដឹង​ពី​របៀប​លេង​ដើម្បី​ឈ្នះ​លើ​ ឌូក​ និង​ ក្ដូ​ នេះ​ឯង​ទើប​លទ្ធផល​ប្រែប្រួល​អាច​វាយ​បក​យក​ឈ្នះ​វិញ​បាន​កាល​នៅ​កំពង់ស្ពឺ។​

ចំណែក​កីឡាករ​ចិត្ត​ត្រជាក់​ ទុយ​ រាជ​ ឬ​ រាជ​ភ្លី​សក់​ ក៏​បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​ដោះដូរ​ដាក់​ ទូច​ អង្គរក្ស​ ចូល​គឺ​ជួយ​ក្រុម​បាន​ច្រើន​ ទាំង​ការ​វាយ​សេវា​ និង​ការ​ការពារ​ក្រោម​ផង​ដែរ។​ ជា​មួយ​គ្នា​នេះ​ដែរ​ចាប់​ពី​សិត​ទី២​ ទៅ​គឺ​ក្រុម​របស់​ខ្លួន​ចាប់​បាំង​ល្អ​ និង​បាន​ច្រើន​គ្រាប់​ផង។

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ក៏​កក្រើក​កាលពី​ថ្ងៃ​ទី១០​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ នៅ​ទឹកដី​កំពង់ស្ពឺ​ ក្រុម​ពង្រូល​កំពង់ស្ពឺ​ ឬ​ក្រុម​ យុន​ រាជ​ បាន​យក​ឈ្នះ​លើ​ក្រុម​ នាគ​ព្រៃវែង​ ឌូក​ ដោយ​លទ្ធផល​ ២-១​ (សិត)​ ក្នុង​ពាន​រង្វាន់​ Slamball​ សប្ដាហ៍​ទី៧៕​

To Top