អត្ថបទ

មន្ទីរព្យាបាលស្រ្ដី និងកុមារដំរី ប្រោះព្រហ្មអគារថ្មី ជាមួយការពង្រីកសេវាកម្មបន្ថែម

ភ្នំពេញ ៖ មន្ទីរព្យាបាលស្រ្ដី និងកុមារដំរី ដោយមានការគាំទ្រពីប្រជាជនកម្ពុជា អាណាព្យាបាល និងមាតា បិតារបស់កុមារ នាពេលកន្លងមកក៏ដូចជាពេលបច្ចុប្បន្នមន្ទីរព្យាបាលកុមារដំរី បានពង្រីកការផ្ដល់សេវាបន្ថែមផ្នែករោគស្រ្ដី និងសម្ភព ។ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២២ មន្ទីរព្យាបាលស្រ្ដី និងកុមារដំរី បានរៀបចំពិធី សូត្រមន្តប្រោះព្រហ្មអគារថ្មី ស្ថិតនៅសង្កាត់ភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្នុងពិធីសូត្រមន្តប្រោះព្រហ្មអគារថ្មីនេះ លោកវេជ្ជ បណ្ឌិត អៀង ហួរ នាយកមន្ទីរព្យាបាលស្រ្ដី និងកុមារដំរី បានឱ្យដឹងថា ការពង្រីកសេវាកម្ម បន្ថែមផ្នែករោគស្រ្ដី និងសម្ភព គឺមានការគាំទ្រ និងផ្ដល់ទំនុកចិត្ដពីអាណាព្យាបាល និងមាតាបិតាដែលជឿទុកចិត្ដមក ទទួលយកសេវាកម្មនៅមន្ទីរព្យាបាល កុមារដំរី ដើម្បីជាការួមចំណែកលើកស្ទួយសេវាសុខាភិបាលនៅកម្ពុជា ។

លោកវេជ្ជបណ្ឌិតបន្ថែមថា មន្ទីរព្យាបាលបានពង្រីកឱ្យមានសេវាពិនិត្យនិងព្យាបាលរោគស្រ្ដី ដោយយកចិត្ដទុកដាក់ទៅលើស្រ្ដី ព្រមទាំងការសម្រាលកូនដោយ សុវត្ថិភាព ជាពិសេសការផ្ដល់សេវាប្រកបដោយគុណភាព ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង និងអន្ដរជាតិនាពេលខាងមុខ ។

លោកវេជ្ជបណ្ឌិត អៀង ហួរ បានឱ្យដឹងទៀតថា មន្ទីរព្យាបាលស្ដ្រី និងកុមារដំរី មានគម្រោងពង្រីកឱ្យធំ រាប់រយគ្រែ នាពេលខាងមុខ ជាពិសេសការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងវិស័យសុខាភិបាលកម្ពុជាឱ្យមានការរីកចម្រើន ហើយគោលដៅធំបំផុតមន្ទីរព្យាបាល នឹងក្លាយទៅជាមន្ទីរពេទ្យស្ដ្រី និងកុមារ ដែលមានស្តង់ដារសុវត្តិភាពល្អនៅកម្ពុជា ។

ដោយឡែក លោកស្រីវេជ្ជបណ្ឌិត ទេព សម្ផស្ស ឯកទេសផ្នែកសម្ភព និងរោគស្រ្ដីនៃមន្ទីរព្យាបាលស្រ្ដី និងកុមារដំរី បានឱ្យដឹងដែរថា ការពង្រីកសេវាបន្ថែមផ្នែករោគស្រ្ដី និងសម្ភពនេះក្នុងគោលដៅចង់ចូលរួមជួយលើកស្ទួយដល់ផ្នែកសុខាភិបាល ជាពិសេសផ្នែកសម្ភព និងរោគស្រ្ដី ដើម្បីចូលរួមកាត់បន្ថយអត្រាមរណភាពរបស់ស្រ្ដី និងកុមារនៅកម្ពុជាឱ្យបានកាន់តែទាបបំផុត ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ លោកស្រី វេជ្ជបណ្ឌិត សង្ឃឹមថា ការ បើកពង្រីកសេវានៅក្នុងមន្ទីរព្យាបាលស្រ្ដី និងកុមារដំរី នេះនឹងចូលរួមជួយលើកស្ទួយដល់ផ្នែកសម្ភព រោគស្រ្ដី និងកុមារនៅកម្ពុជាកាន់តែមានសុវត្ថិភាពខ្ពស់ថែមទៀត ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាជនកម្ពុជា ។

លោកស្រីវេជ្ជបណ្ឌិត បានលើកឡើងថា «សព្វថ្ងៃជំងឺរោគស្រ្ដី គឺមានច្រើន ដោយសារតែស្រ្ដីខ្លះគាត់អត់ ទាន់ទទួលព័ត៌មាន និងការព្យាបាលបានត្រឹមត្រូវនៅក្នុងប្រទេស ហើយស្រ្ដីខ្លះគាត់មានលទ្ធភាព ពួកគាត់ក៏បានចាកចេញទៅព្យាបាលនៅក្រៅប្រទេស ។ ការ បើកពង្រីកមន្ទីរព្យាបាលស្រ្ដី និងកុមារដំរីនេះ គឺដើម្បីផ្ដល់ព័ត៌មានដល់ស្រ្ដីដែលអាចមកពិគ្រោះ និងព្យាបាលនៅក្នុងមន្ទីរពេទ្យយើងបានគ្រប់ពេលវេលា» ។

លោកស្រី វេជ្ជបណ្ឌិត ទេព សម្ផស្ស បានកត់សម្គាល់ឃើញថា បច្ចុប្បន្នមន្ទីរព្យាបាលស្រ្ដី និងកុមារីដំរី បានទទួលព្យាបាលគ្រប់ជំងឺកុមារទាំងអស់ ក្នុងនោះជំងឺកុមារខ្លះគាត់មានភាពស្លេកស្លាំង កុមារខ្លះទៀតខ្វះជីវជាតិអាហារគ្រប់គ្រាន់ ហើយខ្លះទៀតមានជំងឺបេះដូងពីកំណើតជាដើម ដូច្នេះ ដើម្បីកាត់បន្ថយកុំឱ្យមានជំងឺ ទាំងអស់នោះកើតឡើងលើកុមារ មន្ទីរព្យាបាលស្រ្ដី និងកុមារដំរី សូមលើកទឹកចិត្តឱ្យស្រ្តីកំពុងពរពោះគ្រប់រូបមកពិគ្រោះជាមួយពេទ្យជំនាញផ្ដើមស្រាវជ្រាវរកប្រវត្ដិជំងឺគ្រោះ ថ្នាក់តាំងពីកំណកំណើតពីក្នុងផ្ទៃមក ។ លោកស្រីវេជ្ជបណ្ឌិតបន្ដថា ពេលសម្រាលក៏មានពេទ្យផ្នែកកុមារ ជួយសម្រួលផ្នែកសរីរាងដល់កុមារ ហើយនឹងមិនមានបញ្ហាក្នុងការសម្រាលទាំងម្ដាយក៏ដូចជាទារក ផងដែរ ។

លោកស្រីវេជ្ជបណ្ឌិត ឱ្យដឹងទៀតថា កន្លងមកនៅក្នុងមន្ទីរព្យាបាលស្រ្ដី និងកុមារដំរីក៏បានរកឃើញជំងឺលើកុមារដែលភាពច្រើនគាត់មានភាពស្លេកស្លាំង និងបញ្ហាជំងឺផ្លូវដង្ហើម ដូច្នេះហើយទើបគ្រូពេទ្យធ្វើការអប់រំដល់ម្ដាយតាំងពីទារកទើបកើតមក ក្នុងនោះការបំបៅ ដោះមិនបានគ្រប់គ្រាន់បានធ្វើឱ្យគាត់មានភាពស្លេកស្លាំង ការផ្ដល់ចំណីអាហារទៅដល់ទារក និងការ ថែទាំមិនបានត្រឹមត្រូវក៏បណ្ដាលឱ្យកើតមានជំងឺឆ្លង  និងជំងឺផ្សេងៗទៀត ។ ចំណែករោគស្រ្ដី ភាគច្រើនគឺមានបញ្ហារលាក ដុំគីស ធ្លាក់ស និងអាចមានជំងឺកាមរោគជាដើម ។

សូមជម្រាបជូនថា មន្ទីរព្យាបាលស្ដ្រី និងកុមារដំរី មាន បន្ទប់សម្រាលដោយធម្មជាតិពីរបន្ទប់ បំពាក់ដោយឧបករណ៍ទំនើបតាមបទដ្ឋានអន្ដរជាតិ បន្ទប់វះកាត់ និងបន្ទប់ក្រោយការវះកាត់ និងមានបន្ទប់សម្រាក សម្រាប់កុមារ និងស្រ្ដីសរុប៣៤បន្ទប់ ។ ទន្ទឹមនេះមានវេជ្ជបណ្ឌិតផ្នែករោគស្រ្ដីចំនួន៦នាក់ វេជ្ជបណ្ឌិតផ្នែកកុមារចំនួន៨នាក់  និងបុគ្គលិក គ្រូពេទ្យជាងង៣០នាក់ ។ នៅចុងឆ្នាំ២០២២នេះដែរ មន្ទីរ ព្យាបាលស្ដី្រ និងកុមារដំរី ក៏នឹងបញ្ចុះតម្លៃរហូតដល់៥០ ភាគរយ សម្រាប់ការពិនិត្យ ព្យាបាលរោគស្រ្ដី និងការពិនិត្យផ្ទៃពោះ ៕

To Top