អត្ថបទ

មូលនិធិព្រីនស៍ និងក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបើកទទួលពាក្យអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី២ តាមប្រព័ន្ធអនឡាញ អាហារូបករណ៍ ១០០កន្លែង សម្រាប់សិស្សានុសិស្សឆ្នាំសិក្សា ២០២៣

មូលនិធិព្រីនស៍ ពិតជាមានសេចក្តីសោមន្សរីករាយក្នុងការប្រកាស ដល់សិស្សានុសិស្សអំពីការបើកទទួលពាក្យអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី២ តាមប្រព័ន្ធអនឡាញ។ កម្មវិធីអាហារូបករណ៍នឹងផ្តល់ជូននូវ ការបង់ថ្លៃសិក្សាពេញ១០០ភាគរយ ប្រាក់ឧបត្ថម្ភប្រចាំខែ កម្មវិធីអភិវឌ្ឍន៍ខ្លួន និងឱកាសកម្មសិក្សាជូនដល់សិស្សានុសិស្សក្រីក្រចំនួន ១០០នាក់ សម្រាប់ឆ្នាំសិក្សា ២០២៣ នេះ។

លក្ខខណ្ឌក្នុងការពាក្យស្នើសុំគឺ សិស្សានុសិស្សត្រូវមានសញ្ជាតិខ្មែរ និងជាសិស្សដែលបានបញ្ចប់ថ្នាក់ទុតិយភូមិឆ្នាំ២០២១ ឬ ២០២២ ជាមួយនឹងការរើសមុខជំនាញសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ឬនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ (ITC)។

តំណភ្ជាប់អនឡាញនៃបែបបទបំពេញពាក្យអាហារូបករណ៍ (czs2023.com) នឹងមានចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

សិស្សដែលជាប់ក្នុងវគ្គជម្រុះនឹងត្រូវបានអញ្ជើញឱ្យចូលរួមសម្ភាសន៍ចុងក្រោយនៅក្នុងខែកុម្ភៈ ហើយជ័យលាភីអាហារូបករណ៍ចំនួន ១០០នាក់ នឹងត្រូវបានប្រកាសនៅក្នុងខែមីនា។

កម្មវិធីអាហារូបករណ៍នេះ គឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុបក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈភាពជាដៃគូសាធារណៈ និងឯកជន។ មូលនិធិព្រីនស៍ មានសេចក្តីសោមនស្សរីករាយដែលអាចផ្តល់ឱ្យយុវជនកម្ពុជានូវលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព និងនិងឱកាសវិជ្ជាជីវៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ កញ្ញា ខៀវ មរកត​ តាមរយៈលេខទូរស័ព្ទ +៨៥៥ ១២៦៧២៦០៣ ឬតាមរយៈអ៊ីម៉ែល morokort.kheav@princefoundation.com​ ។

អំពីអាហារូបករណ៍ ចេន ហ្ស៊ី៖

កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ីគឺជាគម្រោងកម្មវិធីអាហារូបករណ៍ប្រចាំឆ្នាំដែលត្រូវបានបង្កើតឡើង និងដឹកនាំដោយសប្បុរសជន អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុបរួមសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) សម្រាប់ផ្តល់អត្ថប្រយោជន៍ដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ។

អំពីមូលនិធិព្រីនស៍៖

មូលនិធិព្រីនស៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥​ គឺជាមូលនិធិសប្បុរសធម៌ឈាន​មុខគេ​មួយ​នៅកម្ពុជា។ ​ក្នុងនាមជា សមាជិករបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា ​មូលនិធិ​នេះមានគោលបំណងធ្វើការជាមួយសហគមន៍មូលដ្ឋានដើម្បីកសាងការរស់នៅ និងបរិយាកាសការងារដែល​លើកកម្ពស់​សុខុមាលភាព​ និងការរស់នៅរបស់ប្រជាជនស្របតាមចក្ខុវិស័យ «រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា»។

ដោយផ្តោតលើវិស័យអប់រំ ការអភិវឌ្ឍយុវជន វិស័យសុខាភិបាល និងកិច្ចផ្តួចផ្តើមសហគមន៍ មូលនិធិព្រីនស៍ បានបន្តធ្វើការជាមួយដៃគូនានាដើម្បីផ្តល់នូវកម្មវិធីដែលមាននិរន្តរភាពនិងឱកាសជាច្រើនដល់យុវជនកម្ពុជា ការបង្កើតនូវសហគមន៍ និងការចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជានិរន្តរភាព។

គម្រោងដ៏លេចធ្លោរបស់មូលនិធិ គឺជាគម្រោងកម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី ដែលជាគម្រោងអាហារូបករណ៍ប្រចាំឆ្នាំដែលផ្តល់ជូនការបង់ថ្លៃសិក្សាពេញលេញ ប្រាក់ឧបត្ថម្ភប្រចាំខែ កម្មវិធីអភិវឌ្ឍន៍ខ្លួន ឱកាសកម្មសិក្សា និងឱកាសការងារជូនទៅដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ និងមជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍នាឡិកា ដែលជាសាលាបណ្ដុះបណ្ដាលតែមួយគត់ក្នុងការផ្ដល់ឱកាសសិក្សាអំពីសិល្បៈនៃការផលិតនាឡិកាស្តង់ដាប្រទេសស្វីស។ មូលនិធិព្រីនស៍ បានផ្តួចផ្តើមកម្មវិធីមនុស្សធម៌ជាង ២៦០ កម្មវិធី ដែលបានជួយទៅដល់មនុស្សប្រមាណជាង ១លាន នាក់ ព្រមទាំងធ្វើការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបលើសពី ១៥ លានដុល្លារ។

ចុះឈ្មោះអាហារូបករណ៍ក្នុងគ្រុបតេឡេក្រាម

តំណភ្ជាប់៖ https://t.me/+2unG1PCIcdY4ZTg1

កូដ QR សម្រាប់ការចុះឈ្មោះអាហារូបករណ៍

To Top