អត្ថបទ

ក្រុមហ៊ុនតែលកូថេក ចុះហត្ថលេខាជាមួយនឹងអាគារ Kampus ដើម្បីពង្រីកសេវាមជ្ឈមណ្ឌលទិន្នន័យ និងគាំទ្រដល់សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា

ភ្នំពេញ ថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣៖ ក្រុមហ៊ុនតែលកូថេក បានចុះកិច្ចសន្យាជាមួយអាគារ Kampus ដើម្បីពង្រីកទីតាំងមជ្ឈមណ្ឌលទិន្នន័យថ្មីមួយទៀត ដែលជាសសរស្តម្ភដ៏សំខាន់មួយក្នុងការគាំទ្រដល់សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ស្របតាមទស្សនវិស័យរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាក្រោយជំងឺរាតត្បាតកូវីដ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលទំនើបពិតជាមានសារៈសំខាន់ ដើម្បីបង្ហាញថាប្រទេសកម្ពុជាមានរចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) សមស្រប ដើម្បីឆ្លើយតបទៅនឹងកំណើនយ៉ាងឆាប់រហ័សដែលកំពុងកើតមានក្នុងប្រទេសកម្ពុជា ក៏ដូចជាទាក់ទាញវិនិយោគិន បរទេសផងដែរ។

ក្រុមហ៊ុនតែលកូថេក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ និងជាក្រុមហ៊ុនបុបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប និងជាក្រុមហ៊ុនខ្មែរដំបូងនិងតែមួយគត់ ដែលមានភាគហ៊ុននៅក្នុងបណ្តាញខ្សែកាបក្រោមបាតសមុទ្រ “ម៉ាឡេស៊ី-កម្ពុជា-ថៃ” និងជាសមាជិកនៃបណ្តាញខ្សែកាបក្រោមបាតសមុទ្រ Asian American Gateway (AAG) ដែលបញ្ជូនទិន្នន័យអ៊ីនធឺណិតចូលនិងចេញពីប្រទេសកម្ពុជា និងចរាចរណ៍ទៅទូទាំងពិភពលោក។ យើងឃើញមាន ការរកើនឡើងខ្លាំងក្នុងការរក្សាទុកទិន្នន័យរបស់ប្រទេសកម្ពុជា ដែលនាំអោយមានការកើនឡើងនូវ ការប្រើប្រាស់សេ វាកម្មក្លោដ។
ចក្ខុវិស័យរបស់ក្រុមហ៊ុនតែលកូថេក គឺការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលទំនើបនិងឈានមុខគេ ដែលអាចប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាង ដែលមានការអភិវឌ្ឍជឿនលឿន និងស្របតាមផែនការមេឌីជីថលរបស់អាស៊ានឆ្នាំ ២០២៥ សំដៅអភិវឌ្ឍខ្លួនទៅជាសហគមន៍ឌីជីថល និងប្លុកសេដ្ឋកិច្ចឈានមុខគេមួយ ដែលគាំទ្រដំណើរការដោយសេវាកម្មឌីជីថល បច្ចេកវិទ្យា និងប្រព័ន្ធឌីជីថល ដែលមានសុវត្ថិភាពខ្ពស់ និងទំនើបទាន់សម័យ។

តំណាងក្រុមហ៊ុនតែលកូថេក លោកស្រី Yuni Lee Heathcote និងលោក Simon Griffiths តំណាងម្ចាស់អាគារ Kampus បានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្រោមវត្តមាននិងសក្ខីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី និងអ្នកឧកញ៉ា គិត ម៉េង ដែលពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ នៅស្នាក់ការកណ្តាលអាគារ Kampus ក្នុងរាជធានីភ្នំពេញ។

លោកស្រី Yuni Lee Heathcote បានមានប្រសាសន៍ដូច្នេះថា ” វាមានសារៈសំខាន់ចំពោះក្រុមហ៊ុនតែលកូថេក
ក្នុងការបន្តអភិវឌ្ឍសេវាកម្មរបស់យើងដើម្បីបម្រើជូនដល់អតិថិជននិងដៃគូទាំងអស់ ក៏ដូចជាគាំទ្រដល់វិស័យពាក់ព័ន្ធជារួមផងដែរ។ ដូច្នេះ យើងចាំបាច់ត្រូវការអនុវត្តតាមបទពិសោធន៍ល្អៗនៅកម្រិតអន្តរជាតិ ជ្រើសរើសធនធានមនុស្សដែលមានសមត្ថភាព និងធ្វើការជាមួយដៃគូដែលល្អបំផុត។ វាមិនមែនជាក្តីស្រម៉ៃទៀតទេ ក្រុមហ៊ុនតែលកូថេក បានធ្វើឱ្យវាក្លាយជាការពិតហើយ។ ខ្ញុំពិតជាមានក្តីរំភើបរីករាយដែលបានចុះកិច្ចសន្យាជាមួយអាគារ Kampus និងបង្កើតឱ្យមានកិច្ចសហការដ៏ជិតស្និទ្ធនិងរស់រវើកមួយ។”

អាគារ Kampus គឺជាមជ្ឈមណ្ឌលទំនើបមួយ ដែលជំរុញបែបផែនធ្វើការរបៀបថ្មីនៃកម្ពុជា ដែលជាការធ្វើការផ្តោតលើការសហការគ្នា ភាពជាសហគមន៍ ការកសាងសមត្ថភាព ការរៀនសូត្រ និងការអភិវឌ្ឍន៍។ គោលគំនិតក្នុងការរចនាអាគារ Kampus គឺសំដៅផ្តល់ទីតាំងធ្វើការងារ ដែលពង្រឹងសមត្ថភាព ជំនាញ និងភាពជឿជាក់លើខ្លួនឯងដល់អ្នកធ្វើការទាំងអស់គ្នា។ សមិទ្ធិផលដ៏សំខាន់មួយទៀតរបស់មជ្ឈមណ្ឌល Kampus ថ្ងៃនេះ គឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលទីតាំងសម្រាប់ក្រុមហ៊ុនតែលកូថេក បង្កើតមជ្ឈមណ្ឌលទិន្នន័យថ្មីរបស់ខ្លួន។

លោក Simon Griffiths តំណាងម្ចាស់អាគារ Kampus ក៏បានលើកឡើងពីសារៈសំខាន់នៃការចុះហត្ថលេខានេះផងដែរ។ លោកបានមានប្រសាសន៍ថា “គុណតម្លៃនៃការចុះហត្ថលេខារវាងក្រុមហ៊ុនតែលកូថេក និងអាគារ Kampus ក្នុងថ្ងៃនេះ ពិតជាមានភាពវិសេសវិសាលណាស់ក្នុងការជំរុញដំណើរឌីជីថលនីយកម្មរបស់កម្ពុជា។ ការគ្រប់គ្រងទិន្នន័យប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រព័ន្ធឌីជីថលគ្រប់ប្រភេទ ហើយខ្ញុំទន្ទឹងរង់ចាំអបអរចំពោះលទ្ធផលជាផ្លែផ្កានៃគម្រោងដ៏សំខាន់នេះ”។

ក្រុមហ៊ុនតែលកូថេក មានមជ្ឈមណ្ឌលទិន្នន័យច្រើនទីតាំង ស្ថិតក្នុងខេត្ត-រាជធានីមួយចំនួន។ ក្រុមហ៊ុននឹងបន្តពិនិត្យលទ្ធភាពពង្រីកទៅតាមទីតាំង និងបណ្តាខេត្តផ្សេងៗទៀតស្របតាមកំណើនជាក់ស្តែង ដើម្បីបំពេញតម្រូវការអាជីវកម្មរបស់អតិថិជនគ្រប់ទិសទី។

អំពីក្រុមហ៊ុនតែលកូថេក
ក្រុមហ៊ុនតែលកូថេក មានបណ្តាញខ្សែកាបហ្វាយប័រអុបទិកក្រោមដីទូលំទូលាយបំផុតនៅកម្ពុជា ដែលមានការការពារពេញលេញ (full redundancy) និងដំណើរការសេវាកម្មរហូតដល់ ៩៩,៩៩ ភាគរយ។ បណ្តាញខ្សែកាបហ្វាយប័រអុបទិករបស់យើងមានប្រវែងសរុបជាង ១១ ពាន់គីឡូម៉ែត្រ ដែលរាប់ទាំងបណ្តាញក្នុងប្រទេស និងបណ្តាញអន្តរជាតិ ហើយមានការតភ្ជាប់នៅកម្រិតគុណភាពលេខ ១ ទៅកាន់ស្ថានីយ POP របស់យើង នៅទីក្រុងហុងកុង ប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរីទៀតផង។ បន្ថែមពីនេះ ក្រុមហ៊ុនតែលកូថេក ក៏ជាសមាជិកមួយរូបនៃសម្ព័ន្ធបណ្តាញខ្សែកាបក្រោមបាតសមុទ្រ AAG និងបណ្តាញខ្សែកាបក្រោមបាតសមុទ្រ ម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT) ផងដែរ។

ក្រុមហ៊ុនតែលកូថេក បានចាប់ផ្តើមដំណើរការក្នុងឆ្នាំ ២០០៧ និងជាក្រុមហ៊ុនដែលមានម្ចាស់ភាគហ៊ុនជាខ្មែរទាំងស្រុង ១០០ ភាគរយ។ ក្រុមហ៊ុនបានអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស ដើម្បីបំពេញតម្រូវការជូនអតិថិជនទាំងក្នុងស្រុក និងនៅថ្នាក់អន្តរជាតិ។ ក្រុមហ៊ុនតែលកូថេក គឺជាអ្នកផ្គត់ផ្គង់សេវាអ៊ីនធឺណិតដំបូងគេដែលបាននាំយកផលិតផលស្តង់ដារអន្តរជាតិ ដូចជា MPLS ជាដើម មកកម្ពុជា។ ដៃគូបង្គោលៗរបស់យើងមានចំណេះដឹងខ្ពស់ និងមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងប្រទេសកម្ពុជា ទាំងក្នុងវិស័យទូរគមនាគមន៍និងវិស័យដ៏ទៃ ក៏ដូចជានៅថ្នាក់អន្តរជាតិផងដែរ។

ដោយមានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍន៍ និងធ្វើប្រតិបត្តិការខ្សែកាបអុបទិកក្រោមបាតសមុទ្រ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធបណ្តាញពាក់ព័ន្ធ ក្រុមហ៊ុនតែលកូថេក មានគោលដៅចំបងក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយបច្ចេកវិទ្យាលំដាប់ខ្ពស់ សំដៅគាំទ្រក្រុមហ៊ុនទូរគមនាគមន៍ និងសហគ្រាសធំៗឱ្យផ្តល់សេវាកម្មកាន់តែល្អដល់អតិថិជនរបស់ពួកគាត់។

ក្រុមហ៊ុនតែលកូថេក បានបង្កើតនិងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគុណភាពផ្ទៃក្នុងមួយ ដែលក្រោយពីទទួលបានការធ្វើសវនកម្មឯករាជ្យរួចមក បានជាប់វិញ្ញាបនប័ត្រទទួលស្គាល់ពីអង្គការអន្តរជាតិស្តង់ដារនីយកម្ម (ISO) ក្នុងកម្រិត 9001:2015។ ក្រុមហ៊ុនយើងខ្ញុំ គឺជាអ្នកផ្គត់ផ្គង់សេវាអ៊ីនធឺណិតដំបូងគេ និងតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានបានការទទួលស្គាល់ក្នុងកម្រិតស្តង់ដារនេះ៕

To Top