អត្ថបទ

សភាយុវពាណិជ្ជករអន្តរជាតិ សាខាទួលគោក រៀបចំកម្មវិធីដ៏ធំអស្ចារ្យ «យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត លើកទី៣» នៅផ្សារទំនើបអ៊ីអន២ មានអ្នកចូលរួមជាង ២០០នាក់

ភ្នំពេញ៖ សភាយុវពាណិជ្ជករអន្តរជាតិ សាខាទួលគោក បានរៀបចំកម្មវិធីដ៏ធំអស្ចារ្យ “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត លើកទី៣ (3rd Yoga & Meditation for Wellbeing)” កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នៅ AEON MALL Sen Sok City ដែលមានអ្នកចូលរួមចំនួនជាង ២០០នាក់។

សភាយុវពាណិជ្ជករអន្តរជាតិ សាខាទួលគោក សូមធ្វើការកោតសរសើរចំពោះប្រធានគម្រោង លោក​ វ៉ុង​ សូរិយា​ និងអនុប្រធានគម្រោង កញ្ញា ជោត​ ដាលីន​ ដែលបានដឹកនាំក្រុមការងារយ៉ាងសកម្ម ក្នុងប្រតិបត្តិគម្រោងមួយនេះឡើងយ៉ាងរលូន និងទទួលបានភាពជោគជ័យគួរជាទីមោទន។

កម្មវិធីនេះប្រព្រឹត្តិឡើងក្នុងគោលបំណង ដើម្បី​លើកកម្ពស់សុខ​ភាពផ្លូវកាយ និងផ្លូវចិត្ត សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្មេង​ និងចាស់ ដោយពួកគាត់ចំណាយពេលវេលាមួយព្រឹក ផ្តល់កាដូជូនមកឲ្យខ្លួនឯង មិនមែនជាទ្រព្យសម្បត្តិ ប៉ុន្តែជាការផ្តល់ពេលវេលា ក្នុងការសង្រួមចិត្តតាមរយៈការធ្វើយោគៈ និងសមាធិ ដែលលំហាត់ចិត្ត និងកាយ។

ឆ្លៀតក្នុងឱកាសនោះ កញ្ញា ស៊ុន ស៊ីហនិតនោវី ប្រធានសភាយុវពាណិជ្ជករអន្តរជាតិ សាខាទួលគោក ឆ្នាំ២០២៣ សូមថ្លែងអំណរព្រះគុណ ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព, លោក នឹម ឈុន្នី, អ្នកនាង យីម សុធារី  និងលោក យាន់ វណ្ណៈ ដែល​បានបន្តផ្ដល់មហា​កិត្តិយស​ក្នុង​ការចូលរួម​ជា​វាគ្មិន​ តាំង​ពីការក​កើតដំបូងរបស់គម្រោងមួយនេះក្នុងឆ្នាំ២០១៩ រហូតដល់ពេលបច្ចុប្បន្ន និងអំណរគុណដល់ក្រុមហ៊ុន Phnom Penh Precast Plants, ក្រុមហ៊ុន Morakot Park City, AEON MALL Sen Sok City ក៏ដូចជាក្រុមហ៊ុនជាច្រើនទៀត​ ដែលបានចូលរួមឧបត្ថម្ភ សហការបង្កើតគម្រោងនេះឡើង និងសូមអរគុណដល់យុវជនក្រុមការងារស្ម័គ្រចិត្ត ទាំងអស់ដែលបានសហការយ៉ាងល្អ។

ជាពិសេសមិនអាចខ្វះបាន គឺការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា និងការបរិច្ចាគវិភាគទានជូនទៅដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ សភាយុវពាណិជ្ជករអន្តរជាតិ សាខាទួលគោក សង្ឃឹមថាបងប្អូននឹងបន្តចូលរួមគាំទ្រគម្រោងផ្សេងៗទៀត របស់ JCI Toul Kork ក៏ដូចជាគម្រោងរបស់ JCI Cambodia សាខាផ្សេងៗទៀតដូចគ្នា។

ជាចុងក្រោយ សភាយុវពាណិជ្ជករអន្តរជាតិ សាខាទួលគោក សូមគោរពជូនពរបងប្អូនទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចការងារ​ និង​ប្រកបដោយក្តីសោមនស្សរីករាយ សិរីសួស្តីក្នុងក្រុមគ្រួសារ ៕

To Top