បច្ចេកវិទ្យា

ពីធីចែកវិញ្ញាបនបត្រ ជូនដល់និស្សិត ដែលបញ្ចប់វគ្គសិក្សាក្រោមកម្មវិធី “Samsung Innovation Campus”

(ភ្នំពេញ) ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣៖ ក្រោយពីការដាក់សម្ពោធឲ្យដំណើរការជាផ្លូវការនូវកម្មវិធី “Samsung Innovation Campus” របស់ក្រុមហ៊ុន  សាមសុង កាលពីឆ្នាំ 2022 រួចមក ថ្ងៃនេះក្រុមហ៊ុន សាមសុង និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានរៀបចំពីធីចែកវិញ្ញាបនបត្រជូនដល់និស្សិតដែលបញ្ចប់វគ្គសិក្សា  “Cording & Programming” ឆ្នាំ 2022 និងប្រកាសបើកវគ្គសិក្សាថ្មី Big Data ផងដែរ ។ កម្មវិធីនេះត្រូវបានប្រព្រឹត្តឡើងក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោក Hyun Geun Lee អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិកត្រូនិកប្រចាំប្រទេសកម្ពុជា ។

កម្មវិធីចែកវិញ្ញាបនបត្រនេះធ្វើឡើងជូនដល់សិស្សនិស្សិតចំនួន 60 នាក់ ដែលបានចូលរួមក្នុងវគ្គសិក្សាតាំងពីខែ សីហា 2022 រហូតដល់ចុងខែ មករា 2023 និងប្រលងបញ្ចប់វគ្គដោយជោគជ័យក្នុងខែកុម្ភៈកន្លងមកនេះ ។ ស្របក្នុងពេលជាមួយគ្នាផងដែរក្រុមហ៊ុន សាមសុងក៏បានប្រកាសបើកវគ្គសិក្សាថ្មីកម្រិតខ្ពស់គឺវគ្គសិក្សា “Big Data” ដែលនឹងចាប់ផ្តើមពីថ្ងៃទី 20  ឧសភា រហូតដល់ដំណាច់ឆ្នាំ 2023 ។ 

លោក Hyun Geun Lee  អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនសាមសុងប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “ខ្ញុំពិតជារំភើបរីករាយ និងសូមអបអរសាទរដល់សិស្សនិសិ្សតទាំងអស់ដែលបានបញ្ចប់ការសិក្សាលើមុខវិជ្ជា “Cording & Programming” នាពេលនេះហើយសូមកោតសរសើរដល់សិស្សនិសិ្សតទាំងអស់ដែលខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលបានជោគជ័យ ។ ជាមួយនឹងលទ្ធផលដ៏ប្រសើរនេះ ក្រុមហ៊ុនសាមសុងបានបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយសម្រចបង្កើតវគ្គសិក្សាកម្រិតខ្ពស់ Big Data Course ។ ខ្ញុំជឿជាក់ថា វគ្គសិក្សា Coding & Program និង Big Data នឹងផ្តល់ដល់និស្សិតកម្ពុជានូវចំណេះដឹងយ៉ាងល្អលើផ្នែក ទំនាក់ទំនងព័ត៌មានវិទ្យា ដែលនិសិ្សតទាំងអស់នឹងអាចយកជំនាញនេះទៅអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនឈានទៅមុខ។”

ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានមានមតិផ្តាំផ្ញើដល់និស្សិតទាំងអស់ផងដែរថា  “ជាដំបូងខ្ញុំក៏សូមអបអរសាទរដល់និស្សិតដែលបានបញ្ចប់វគ្គ coding and programing ទាំង 60 នាក់។ សូមអរគុណដល់ក្រុមហ៊ុន សាមសុង ដែលបានជ្រើសរើសយកសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាដៃគូសហការក្នុងការបើកវគ្គបណ្តុះបណ្ដាលមួយនេះឡើង។ ខ្ញុំសូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន សាមសុង បានបង្កើតវគ្គសិក្សានេះឡើងគឺពិតជាល្អមែនទែន ព្រោះនេះជាតម្រូវការរបស់សាកលវិទ្យាល័យ ហើយខ្ញុំជឿជាក់ថាក្រុមហ៊ុន សាមសុង នឹងនៅតែបន្តជួយគាំទ្រគម្រោងនេះបន្តទៀត ដើម្បីជាប្រយោជន៍ដល់យុវជនកម្ពុជាយើងនាពេលអនាគត។ ជាចុងក្រោយខ្ញុំសុំកើនរំលឹកសិស្សនិស្សិតទាំងអស់ត្រូវតែខិតខំប្រឹងប្រែងរៀនជំនាញនេះ ព្រោះតទៅមុខទៀតការងារជាច្រើនគឺទាមទារឱ្យមានជំនាញបច្ចេកវិទ្យាជាចាំបាច់។”

ស្របពេលនេះដែរ ក្រុមហ៊ុន សាមសុង ក៏បានធ្វើការប្រគល់ជូននូវរង្វាន់លើកទឹកចិត្តជូនដល់និសិ្សតឆ្នើមចំនួន  3  រូប  ដែលទទួលបានចំណាត់ថ្នាក់ពិសេស៖ 

– និស្សិតដែលជាប់ចំណាត់ថ្នាក់លេខ 1 គឺទទួលបាននាឡិកាដៃ Samsung Watch 5 pro 

– និសិ្សតដែលជាប់ចំណាត់ថ្នាក់លេខ 2 និង លេខ 3 គឺទទួលបាននាឡិកាដៃ Samsung Watch 5ម្នាក់ 1រង្វាន់ ផងដែរ។

សូមបញ្ជាក់ផងដែរថា កម្មវិធី “Samsung Innovation Campus” គឺជាផ្នែកមួយនៃកម្មវិធីជំនួយសង្គមរបស់ក្រុមហ៊ុន  សាមសុង  សម្រាប់និស្សិតកម្ពុជា  ក្នុងការពង្រឹងសមត្ថភាពលើផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង ទំនាក់ទំនងព័ត៌មានវិទ្យា ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាក្នុងការឈានទៅរកឧស្សាហកម្ម4.0 ។ ក្រុមហ៊ុនសាមសុងនៅតែបន្តជួយដល់សង្គមក្នុងការផ្តល់ផលវិជ្ជមាន និងប្រយោជន៍ក្នុងការពង្រឹងចំណេះដឹងយុវជនសម័យថ្មីតាមរយៈកម្មវិធីនានា, រួមទាំងកម្មវិធី Samsung Innovation Campus ដើម្បីពង្រីកជំនាញ និងពង្រឹងសមត្ថភាពរបស់ពួកគេឲ្យកាន់តែរឹងមាំជាងមុនទៀត។

សូមរំលឹកថា ក្រុមហ៊ុន សាមសុង គឺជាសមាជិកសកម្មក្នុងវិស័យឯកជនដែលធ្វើសកម្មភាពគាំទ្រដល់ទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 នាពេលខាងមុខផងដែរ។

To Top